ភ្នំពេញៈ វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​ប្រមូលបាន​បុព្វលាភ​ប្រមាណ​ជាង ២៧០ លាន​ដុល្លារ កើន ៧,៣ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩ ទោះបី​វិស័យ​សេវាកម្ម​ភាគច្រើន បាន​បង្ហាញ​ពី​សញ្ញា​អវិជ្ជមាន​ក្នុង​ឆ្នាំ ២០២០ ប៉ះពាល់​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩។ នេះ​បើ​យោងតាម​សមាគម ធានារ៉ាប់រង កម្ពុជា (IAC)។

យោងតាម​របាយការណ៍​របស់​ IAC ចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃទី ១២ ខែឧសភា បង្ហាញ​ថា ក្នុង​ឆ្នាំ ២០២០ វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​ទទួលបាន​បុព្វលាភ (ប្រាក់ចំណូល​ពី​ការលក់​ធានារ៉ាប់រង) សរុប ២៧១,៥ លាន​ដុល្លារ កើនឡើង ៧,៣១ ភាគរយ​ ពី​ចំនួន ២៥៣ លាន​ដុល្លារ​ ក្នុង​ឆ្នាំ ២០១៩ ដោយ​ក្នុងនោះ​បុព្វលាភ​ទីផ្សារ​ធានារ៉ាប់រង​ទូទៅ បាន​គ្របដណ្តប់​ចំណែក​ទីផ្សារ ៤១,៩ ភាគរយ ទីផ្សារ​ធានារ៉ាប់រង​អាយុជីវិត​មាន ៥៦,១ ភាគរយ និង​ទីផ្សារ​ធានារ៉ាប់រង​ខ្នាតតូច មាន​ចំណែក​ទីផ្សារ​ត្រឹម ២ ភាគរយ​ប៉ុណ្ណោះ។

បុព្វលាភ​ទីផ្សារ​ធានារ៉ាប់រង​ទូទៅ​មាន​ចំនួន ១១៣,៨ លាន​ដុល្លារ កើនឡើង ១០,៥ ភាគរយ​ ធៀប​ឆ្នាំ ២០១៩ (រុញច្រាន​ដោយ​កំណើន​នៃ​ផលិតផល​ចម្បងៗ​ដូចជា ធានារ៉ាប់រង​ទ្រព្យសម្បត្តិ (អគ្គិភ័យ), ធានារ៉ាប់រង​វិស្វកម្ម, ធានារ៉ាប់រង​សុខភាព, ធានារ៉ាប់រង​គ្រោះថ្នាក់​ផ្សេងៗ និង​ធានារ៉ាប់រង​យានយន្ត) ចំណែក​បុព្វលាភ​ទីផ្សារ​ធានារ៉ាប់រង​អាយុជីវិត​មាន ១៥២,៣ លាន​ដុល្លារ កើន ៦,៦ ភាគរយ ខណៈ​បុព្វលាភ​ធានារ៉ាប់រង​ខ្នាតតូច ដែល​បាន​ទទួលរង​ផលប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​ជំងឺ​កូវីដ ១៩ ​មាន ៥,៤ លាន​ដុល្លារ​ ធ្លាក់ចុះ ២៤,៦ ភាគរយ។ នេះ​បើ​យោងតាម​របាយការណ៍​របស់ AIC។

ដោយឡែក​ក្នុង​ឆ្នាំ ២០២០ វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​ក៏​ធ្វើការ​សង​ត្រឡប់​ទៅ​អតិថិជន​វិញ ដោយ​មាន​ទឹកប្រាក់​សរុប ៣៧ លាន​ដុល្លារ កើនឡើង ៥ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩ ក្នុងនោះ​សំណង​សម្រាប់​ធានារ៉ាប់រង​ទូទៅ​មាន ២៩,១ លាន​ដុល្លារ ធានារ៉ាប់រង​អាយុជីវិត ៦,៩ លាន​ដុល្លារ និង​ធានារ៉ាប់រង​ខ្នាតតូច ០,៩ លាន​ដុល្លារ។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៣ ខែឧសភា កំណើន​នេះ​គឺ​ដោយសារ​តែ​ការយល់ដឹង​ពី​សារៈសំខាន់​របស់​វិស័យ​ធានារ៉ាប់រង​ពី​សំណាក់​ក្រុមហ៊ុន និង​ប្រជាជន​ខ្មែរ​ទូទៅ ទោះបីជា​ស្ថិត​ក្នុង​ដំណាក់កាល​ដ៏លំបាក​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នេះ​ក៏ដោយ។

លោក​បន្តថា ភាពវិជ្ជមាន​របស់​វិស័យនេះ​ក៏បាន​ពី​ការរួមចំណែក​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​ការបង្កើត​ឱ្យ​មាន​បរិស្ថាន​ទីផ្សារ និង​ក្របខ័ណ្ឌ​ច្បាប់​ផ្សេងៗ​ដែល​ផ្តល់នូវ​ទំនុកចិត្ត​កាន់តែ​ខ្លាំង​សម្រាប់​អ្នកទទួល​សេវា​ទាំងអស់។

លោក​ថ្លែងថា៖ «វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​កំពុង​មាន​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់ ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ការយល់ដឹង​កាន់តែច្រើន​ពី​អត្ថប្រយោជន៍​នៃ​ការធានារ៉ាប់រង និង​ការទទួល​បាន​នូវ​ទំនុកចិត្ត​កាន់តែច្រើន​ពី​អតិថិជន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ»។

ខណៈ​នៅ​កម្ពុជា​បច្ចុប្បន្ន​ស្ថានភាព​នៃ​ការឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​សហគមន៍​នៅតែ​បន្ត​នោះ លោក វ៉ាថារ៉ូ បាន​និយាយថា មិនទាន់​អាច​ព្យាករណ៍​ពី​ស្ថានភាព​ទីផ្សារ​ធានារ៉ាប់រង​ក្នុង​ឆ្នាំ ២០២១ នេះ​បាន​នៅឡើយ​ទេ ប៉ុន្តែ​សម្រាប់​រូបលោក​ផ្ទាល់​គឺ​នៅតែ​មាន​សុទិដ្ឋនិយម​ថា នឹងមាន​កំណើន​បន្ថែម​ទៀត គ្រាន់តែ​អាចមាន​អត្រា​ទាប​ជាង​ឆ្នាំ ២០២០។

យោងតាម​លោក វ៉ាថារ៉ូ ក្នុង​រយៈពេល ២ ទសវត្សរ៍​កន្លងមក​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​មាន​កំណើន​ប្រហែល ៣០ ភាគរយ​ក្នុង​១​ឆ្នាំៗ។

ប្រធាន​អគ្គនាយក​ក្រុមហ៊ុន Forte Insurance លោក យក់ ចំរើនឫទ្ធិ បាន​ប្រាប់ថា ក្នុង​ឆ្នាំ ២០២០ បុព្វលាភ​ក្នុង​ក្រុមហ៊ុន​របស់លោក​មាន​កំណើន​ជិត ១០ ភាគរយ ដែល​ទទួលបាន​ចំណែក​ធំ​ពី​ធានារ៉ាប់រង​លើ​យានយន្ត និង​សុខភាព ខណៈ​កាលពី​ឆ្នាំ ២០១៩ ក្រុមហ៊ុន​មាន​កំណើន​ប្រមាណ ១៣ ភាគរយ។

ចំណេះដឹង​ពី​វិស័យ​ធានារ៉ាប់រង និង​ការគ្រប់គ្រង​ស្ថានការណ៍​ការឆ្លង​ជំងឺ​កូវីដ១៩ បានល្អ​ក្នុង​ឆ្នាំ ២០២០ បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​ធ្វើឱ្យ​ទីផ្សារ​នេះ​រក្សាបាន​ភាពវិជ្ជមាន។ លោក​បន្ថែមថា សម្រាប់​ឆ្នាំ ២០២១ នេះ​គឺ​គេ​ចាំបាច់​ត្រូវ​រង់ចាំ​មើលថា តើ​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​នៅពេលនេះ​នឹងត្រូវ​បានបញ្ចប់​ពេលណា។

លោក​អះអាង​ថា៖ «ឆ្នាំ ២០២០ ទីផ្សារ​វិស័យ​ធារ៉ាប់រង​មិនសូវមាន​ផលប៉ះពាល់​ច្រើន​ទេ ប៉ុន្តែ​សម្រាប់​ឆ្នាំ ២០២១ ដែល​កំពុង​មាន​ការរាលដាល​ជំងឺ​កូវីដ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ គឺ​កំពុង​ជះឥទ្ធិពល​ជាបណ្តើរៗ ពិសេស​ក្នុង​ត្រីមាស​ទី២ នេះ ខណៈ​ត្រីមាស​ទី១ គឺ​មិនមាន​បញ្ហា​អ្វី​ទេ»។

ទោះយ៉ាងណា លោក ចំរើនឫទ្ធិ បាន​និយាយថា បុព្វលាភ​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា គឺ​នៅមាន​កម្រិត​ទាប​ខ្លាំង​ក្នុង​ចំណែក​នៃ GDP របស់​ប្រទេស​ដោយមាន​ប្រមាណ ០,៤ ភាគរយ​ប៉ុណ្ណោះ ខណៈ​ប្រទេស​ជិតខាង​អត្រា​នេះ​មាន​ដល់​ចន្លោះ​ពី ៦-៧ ភាគរយ។

គិត​រហូតមក​ដល់ពេល​នេះ​សមាគម​ធានារ៉ាប់រង​កម្ពុជា​មាន​ក្រុមហ៊ុន​ជា​សមាជិក​ចំនួន ៣៣ ក្នុងនោះ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​មាន​ចំនួន ១៦ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ចំនួន ១១ ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាតតូច​ចំនួន ៥ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​ចំនួន ១៕