ភ្នំពេញៈ មៀនប៉ៃលិន(តាងែន) ត្រូវរំពឹងថានឹងក្លាយជាផលិតផលផ្លែឈើទី៣របស់កម្ពុជាដែលត្រូវនាំចេញជាផ្លូវការទៅទីផ្សារប្រទេសចិន បន្ទាប់ពីផ្លែចេក និងស្វាយស្រស់។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កាលពីថ្ងៃទី ៧ ខែឧសភា កម្ពុជាទើបចាប់ផ្តើមនាំចេញផ្លែស្វាយស្រស់លើកដំបូងប្រមាណ ១០០ តោនទៅប្រទេសចិន ខណៈកាលពីឆ្នាំ ២០១៩ ភាគីចិនក៏បានអនុញ្ញាតឱ្យកម្ពុជានាំចេញចេក ទៅទីផ្សាររបស់ខ្លួនផងដែរ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១១ ខែឧសភាថា បន្ទាប់ពីការនាំចេញផ្លែស្វាយស្រស់ជាផ្លូវការទៅទីផ្សារប្រទេសចិន ផ្លែមៀនប៉ៃលិននឹងក្លាយជាផលិតផលផ្លែឈើទី ៣ ដែលកម្ពុជាស្នើឱ្យភាគីចិនពិនិត្យលទ្ធភាពសម្រាប់នាំទៅប្រទេសចិន។
លោកបន្តថា មៀនប៉ៃលិន ជាផលិតផលផ្លែឈើកម្ពុជាដែលមានសក្តានុពល និងកំពុងដាំដុះនៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសថៃ ហេតុនេះបើភាគីចិនអនុញ្ញាតឱ្យនាំទៅទីផ្សារចិន ដូចដំណាំចេក និងស្វាយវានឹងរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបង្កើតការងារថ្មី។
លោកថ្លែងថា៖ «ក្រោយពេលបញ្ចប់ការទទួលបានការនាំចេញផ្លែស្វាយ យើងក៏បានរំឭកភាគីចិនឱ្យជួយពិនិត្យមើលផ្លែមៀនប៉ៃលិនផងដែរ»។
លោកបន្ថែមថា កម្ពុជាមិនអាចបង្ខំភាគីចិនបានទេ ដោយកន្លងមកភាគីចិនប្រាប់ថា ត្រូវការពេលវេលា ដើម្បីពិនិត្យភូតគាមអនាម័យ ជាពិសេសសមាសភាពចង្រៃទាក់ទងនឹងការនាំចេញផ្លែឈើ។
លោកនិយាយថា៖ «ដូច្នេះចាប់ពីពេលនេះតទៅយើងនឹងចាប់ផ្តើមពិនិត្យពិចារណាទៅលើការនាំចេញផ្លែមៀនប៉ៃលិនតែម្តង»។
បើតាមលោករដ្ឋមន្ត្រី នៅពេលមៀនប៉ៃលិន ត្រូវបាននាំចេញផ្លូវការទៅប្រទេសចិន កម្ពុជានឹងអាចរកចំណូលបានបន្ថែមក្នុងរង្វង់ ២០០ លានដុល្លារក្នុង ១ ឆ្នាំៗ។
ក្រសួងពាណិជ្ជកម្មកាលពីចុងខែមីនា ធ្លាប់បានផ្ញើលិខិតមួយទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយស្នើឱ្យក្រសួងកសិកម្ម ជួយជំរុញការចរចាជាមួយភាគីចិនលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញមៀនប៉ៃលិនស្រស់ និងក្លាស្សេទៅកាន់ប្រទេសចិន «Protocol for phytosanitary requirements for export of fresh and prepared Pailin Longan from Cambodia to China»។
លិខិតសរសេរថា ក្រសួងពាណិជ្ជកម្មបានទទួលសំណើរបស់អ្នកផលិត និងអ្នកប្រមូលទិញមៀនប៉ៃលិន ដែលសុំឱ្យរដ្ឋាភិបាលពិនិត្យលទ្ធភាពជួយជំរុញការបើកច្រកទីផ្សារសម្រាប់ការនាំចេញមៀនប៉ៃលិន ដោយផ្ទាល់ពីកម្ពុជាទៅប្រទេសចិន ជាពិសេសក្នុងពេលដែលប្រទេសកម្ពុជា និងពិភពលោកកំពុងទទួលរងនូវឥទ្ធិពលអវិជ្ជមានពីការរាតត្បាតនៃជំងឺកូវីដ១៩ ដែលបណ្តាលឱ្យការលក់ផ្លែមៀនទៅប្រទេសចិន តាមរយៈប្រទេសជិតខាងត្រូវបានបិទ ឬរឹតបន្តឹង ព្រមទាំងតម្លៃដែលប្រមូលទិញនៅចម្ការបានធ្លាក់ចុះក្រោមថ្លៃដើមផលិត បង្កឱ្យមានការខាតបង់ធំធេងរបស់ប្រជាកសិករ និងពាណិជ្ជករ។
លិខិតបានបញ្ជាក់ថា៖ «ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រសួងពាណិជ្ជកម្មសូមចូលរួមសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញឱ្យភាគីចិនពន្លឿននីតិវិធីនៃការចរចាលើពិធីសារ និងឯកសារដែលបានស្នើរួច តាមរយៈការស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសចិន»។
លោក វេង សាខុន បានលើកឡើងថា ក្រសួងកសិកម្ម មិនមានអ្នកតំណាងនៅតាមស្ថានទូតដូចក្រសួងពាណិជ្ជកម្មទេ ហេតុនេះលោកសូមស្នើឱ្យអ្នកតំណាងក្រសួងពាណិជ្ជកម្ម ដែលធ្វើការនៅស្ថានទូតកម្ពុជាប្រចាំប្រទេសចិន ឱ្យខិតខំបន្ថែមទៀតដើម្បីបង្កើនទំនាក់ទំនងជាមួយភាគីចិន និងបញ្ជូនព័ត៌មានមកកម្ពុជា ខណៈក្រសួងកសិកម្មបានផ្ញើឯកសារទៅហើយ ដោយនៅរង់ចាំការឆ្លើយតបពីភាគីចិនតែប៉ុណ្ណោះ។
ប្រធានសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន លោក សួស ស៊ីយ៉ាត បាននិយាយថា នៅពេលមិនមានទីផ្សារនាំចេញទៅប្រទេសចិនដោយផ្ទាល់ អ្នកដាំមៀនប៉ៃលិនបានជួបនឹងឧបសគ្គជាច្រើន ដោយគិតចាប់តាំងពីប្រាក់ចំណូល និងផែនការពង្រីកការដាំដុះបន្ថែម។ បច្ចុប្បន្នបើទោះនៅខេត្តប៉ៃលិនមានកន្លែងប្រមូលទិញសម្រាប់នាំចេញទៅប្រទេសថៃ ប៉ុន្តែជានិច្ចកាលអ្នកដាំតែងប្រឈមនឹងបញ្ហាជាច្រើន។
លោកនិយាយថា៖ «ប្រទេសចិនជាទីផ្សារធំ និងមានតម្រូវការច្រើន បើយើងអាចនាំចេញដោយផ្ទាល់ វានឹងអាចធ្វើឱ្យតម្លៃល្អជាងពេលនេះ ហើយការដាំដុះក៏នឹងកើនឡើងផងដែរ»។
យោងតាមលោក វេង សាខុន នៅកម្ពុជាបច្ចុប្បន្នមៀនប៉ៃលិនមានដាំដុះភាគច្រើននៅខេត្តប៉ៃលិន បាត់ដំបង និងផ្នែកខ្លះនៃខេត្តព្រះវិហារ។ គិតត្រឹមចុងឆ្នាំ ២០២០ នៅទូទាំងប្រទេសមានផ្ទៃដីដាំដុះប្រមាណ ១៤ ៥០០ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានជាង ១១ ៥០០ ហិកតា ដោយជាមធ្យមក្នុង ១ ហិកតាផ្តល់ផលជិត ១៧ តោន។ បរិមាណផលដែលទទួលបានមានប្រមាណជិត ២០ ម៉ឺនតោនក្នុងនោះការនាំចេញសម្រេចបានប្រមាណ ១០២ ពាន់តោន ដោយមានតម្លៃប្រហែលជិត ១០០ លានដុល្លារ៕