ភ្នំពេញៈ ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​អូសបន្លាយ​ជាង ១ ​ឆ្នាំ​មកនេះ​បាន​ជះឥទ្ធិពល​ជា​អវិជ្ជមាន​ស្ទើរ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​អប់រំ​ក៏​រង​ផលរំខាន​ធ្ងន់ធ្ងរ​ផងដែរ​។ តើ​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​នេះ​អាច​បន្តដំណើរការ​របស់ខ្លួន​យ៉ាងដូចម្តេច​ក្នុង​គ្រា​ដ៏លំបាក​នេះ​? តើ​ការអូសបន្លាយ​ពេល​នៃ​ជំងឺ​កូវីដ​១៩ នឹង​ធ្វើឱ្យ​ម្ចាស់​អាជីវកម្ម​ត្រូវ​បិទទ្វារ​ទាំងអស់​មែន​ទេ​?

លោក លី វីរៈ ប្រធាន​ក្រុមប្រឹក្សា​អភិបាល​សាលា​អន្តរជាតិ វេសវីយូ កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​បាន​ផ្តល់​បទសម្ភាស​ដល់​លោក ម៉ៃ គុណមករា ប្រធាន​ការីនិពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ស្តីពី​ស្ថានភាព​អាជីវកម្ម​ក្នុង​វិស័យ​អប់រំ​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។

តើ​លោក​ធ្វើការ​វាយតម្លៃ​បែបណា​ពី​ស្ថានភាព​អាជីវកម្ម​របស់​គ្រឹះស្ថាន​អប់រំ​ឯកជន​ក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ដែល​នៅតែ​អូសបន្លាយ​ពេល​ជាង ១ ​ឆ្នាំ​មកនេះ​?

នៅ​អំឡុង​ពាក់កណ្តាល​ខែមីនា ឆ្នាំ​ ២០២០ សាលារៀន​រដ្ឋ និង​ឯកជន​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ប្តូរ​ទៅ​ធ្វើការ និង​បង្រៀន​តាម​ប្រព័ន្ធ​អនឡាញ​ទាំងស្រុង​។ នេះ គឺជា​ការផ្លាស់ប្តូរ​ដ៏ធំ​សម្បើម​របស់​យើង​នៅក្នុង​វិស័យ​អប់រំ ព្រោះ​អាណាព្យាបាល​ព្រម​ទាំង​សិស្សានុសិស្ស​ទូទៅ​ពុំ​ធ្លាប់ និង​ពិបាក​ទទួល​យក​យ៉ាងខ្លាំង​នៅ​រយៈពេល ១ ​ឆមាស​ដំបូង​។

ហេតុនេះ​ទើប​សាលារៀន​ឯកជន​មួយចំនួន​ត្រូវ​បិទទ្វារ​ជា​បណ្តោះអាសន្ន ហើយ​មួយចំនួន​ទៀត​ត្រូវ​ក្ស័យធន ដោយសារ​ពួកគាត់​គ្មាន​បច្ចេកវិទ្យា ធនធានមនុស្ស និង​សម្ភារ​គ្រប់គ្រាន់​សម្រាប់​ផ្តល់ជូន​នូវ​គុណភាព​អប់រំ​តាម​ប្រព័ន្ធ​អនឡាញ​ឱ្យ​សមស្រប​នឹង​តម្លៃ​សិក្សា​ដែល​អាណាព្យាបាល​ត្រូវ​បង់​។

សុភាសិត​មួយ​ជា​ភាសា​អង់គ្លេស​បាន​ពោលថា «What doesn''t kill you, make you stronger» ដែល​មានន័យថា «​អ្នក​ដែល​អាចឈរជើង​បាន​នៅពេល​លំបាក គឺជា​អ្នកខ្លាំង​ពិតប្រាកដ​» ជាពិសេស​សម្រាប់​សាលារៀន​អន្តរជាតិ វេសវីយូ កម្ពុជា ដែល​ស្ថិត​នៅក្នុង​ចំណោម​សាលារៀន​មុនគេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​បានចេញ​លិខិត​ទទួលស្គាល់​គុណភាព​ការបង្រៀន និង​ការរៀន​តាម​ប្រព័ន្ធ​អនឡាញ​។

ក្រោយមក​យើង​ក៏​ក្លាយជា​សាលា​ ១ ​ក្នុង​ចំណោម​សាលា​ធំៗ​ចំនួន​ ២០ ប្រចាំ​ប្រទេស ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​បង្រៀន និង​រៀន​ដោយផ្ទាល់​នៅក្នុង​សាលា​នា​ដំណាក់កាល​ទី​ ១ តាំងតែ​ពី​ពាក់កណ្តាល​ខែសីហា ឆ្នាំ​ ២០២០​។ សមិទ្ធផល​ទាំងនេះ​បានមកពី​កម្មវិធីសិក្សា​ទំនើប​ដែល​យើង​បាន​ទិញ​កម្មសិទ្ធិ​បញ្ញា​ពី​ក្រុមហ៊ុន​បោះពុម្ពផ្សាយ​ល្បីៗ​លំដាប់​ពិភពលោក មាន​ដូចជា Pearson និង McGraw-Hill ដែលមាន​កម្មវិធីសិក្សា​ឱ្យ​សិស្ស​រៀន​នៅក្នុង​ថ្នាក់​ដោយផ្ទាល់ បំពេញ​កិច្ចការ​ដែល​គ្រូ​ដាក់​ឱ្យ​ព្រមទាំង​ធ្វើ​ស្វ័យ​សិក្សា​តាម​អនឡាញ​ផងដែរ តាំងពី​មុនពេល​ជំងឺ​កូវីដ​១៩ បាន​ផ្ទុះ​ឡើងមក​ម្ល៉េះ​។

ខ្ញុំ​សង្កេតឃើញថា ទោះបី​ស្ថានភាព​នៃ​វិបត្តិ​សុខភាព​នេះ​មិនទាន់​បាន​ធូរស្រាល លោក​នៅតែ​បន្ត​ការវិនិយោគ​របស់ខ្លួន​។ តើ​ហេតុអ្វី​បាន​ជា​លោក​សម្រេច​ធ្វើ​ដូច្នេះ​?

ទោះបី​យើង​អាច​រក្សាបាន​នូវ​ចំនួន​សិស្ស​ចាស់​ក៏ដោយ ក៏​សាលា​ទទួល​រង​នូវ​ផលប៉ះពាល់​អវិជ្ជមាន​ពី​ជំងឺ​កូវីដ-១៩​នេះ​ផងដែរ ដោយសារ​សកម្មភាព​ដែលមាន​អត្ថប្រយោជន៍​សំខាន់ៗ​មួយចំនួន​របស់​យើង​ត្រូវបាន​ផ្អាក​ដូចជា ការបញ្ជូន​សិស្សានុសិស្ស​ទៅធ្វើ​ដំណើរ​កម្សាន្ត និង​ទស្សនកិច្ច​សិក្សា​នៅក្រៅ​ប្រទេស កម្មវិធី​កីឡា និង​តន្ត្រី​ដ៏សម្បូរបែប ការជួបជុំ​គ្រួសារ​នៅក្នុង​សកម្មភាព​រៃអង្គាស​ថវិកា​សប្បុរសធម៌​ប្រចាំឆ្នាំ ជាពិសេស​ទៅទៀត​នោះ​គឺ​ការផ្តល់ជូន​នូវ​ការថែទាំ​យ៉ាង​កក់ក្តៅ​ពី​សំណាក់​គ្រូ​បន្ទុក​ថ្នាក់ និង​គ្រូ​ជំនួយការ​ជូន​ដល់​សិស្សានុសិស្ស​របស់​យើង​ក៏ត្រូវ​បាន​ផ្អាក​ផងដែរ​។

ម្យ៉ាងវិញទៀត​អាណាព្យាបាល​មួយ​ចំនួនធំ​ក៏​មិន​ចង់​ស្វែងរក​សាលា​ថ្មី​ឱ្យ​បុត្រ​ធីតា​ខ្លួន​ក្នុង​អំឡុងពេល​នេះដែរ​។ កត្តា​ដែល​បាន​រៀបរាប់​ខាងលើ​នេះហើយ ធ្វើ​ឱ្យ​ការចុះឈ្មោះ​សិស្ស​ថ្មី​របស់​យើង​បាន​ធ្លាក់ចុះ​។

ទោះជា​យ៉ាងណា​ក៏​ការសាងសង់​អគារសិក្សា​ថ្មី​នៅជាប់​នឹង​ទីតាំង​បច្ចុប្បន្ន គឺ​នៅតែ​ដំណើរការ​តាម​ការគ្រោងទុក ដែល​នឹង​បញ្ចប់​ត្រឹម​ចុងខែ​សីហា​ខាងមុខ ដើម្បី​បំពេញ​លក្ខខណ្ឌ​ក្នុង​ការត្រៀម​ខ្លួន​ចូល​ជា​សមាជិក​របស់​ស្ថាប័ន​កំពូល​ក្នុង​ការវាយតម្លៃ​គុណភាព​អប់រំ​អន្តរជាតិ​ចំនួន ២ ដែល​ ១ ​មាន​មូលដ្ឋាន​នៅ​សហភាព​អឺរ៉ុប (Council of International Schools) ហៅ​កាត់ CIS និង​ ១ ​ទៀត​មាន​មូលដ្ឋាន​នៅ​អាមេរិក ហៅ​កាត់​ថា ACS WASC​។

យើង​ដឹង​ហើយ​ថា ការបន្ត​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​នេះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខុមាលភាព​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​។ តើ​លោក​ធ្វើការ​ផ្លាស់ប្តូរ​នូវ​របត់​នៃ​អាជីវកម្ម​យ៉ាងដូចម្តេច​ដើម្បី​រក្សា​និរន្តរភាព​? សម្រាប់​ការបង់ថ្លៃ​សាលា តើ​លោក​បាន​ជួយ​សម្រួល​បាន​កម្រិតណា​ដែរ ដោយសារ​ប្រាក់​ចំណូល​ពួកគាត់​ក៏​ធ្លាក់ចុះ​ជាង​មុន​?

បើ​លោកអ្នក​តាមដាន​សកម្មភាព​របស់​យើងខ្ញុំ​នៅលើ​គេហទំព័រ​ហ្វេសប៊ុក​របស់​សាលា​អន្តរជាតិ វេសវីយូ កម្ពុជា លោកអ្នក​នឹង​ឃើញថា ចាប់ពី​ពាក់កណ្តាល​ខែមីនា ឆ្នាំ​ ២០២០ មក សកម្មភាព​របស់​យើងខ្ញុំ​នៅតែ​រស់រវើក​ពុំមាន​ថមថយ​ឡើយ​។ យើង​អាច​បន្ត​ប្រតិបត្តិការ​បែបនេះ​ទៅបាន​ដោយសារ​តែ​គុណភាព​ដែល​យើង​ផ្តល់ជូន​ដូចដែល​បាន​រៀបរាប់​ខាងលើ បូកផ្សំ​នឹង​ការមិន​ផ្តោត​ទៅ​លើ​ប្រាក់ចំណេញ​ជា​ចម្បង​។

យើង​បានរួម​ចំណែក​ជួយ​សម្រាល​បន្ទុក​នៃ​ការចំណាយ​របស់​មាតាបិតា​ក្នុងអំឡុងពេល​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ដោយ​បាន​បញ្ចុះតម្លៃ​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ​សម្រាប់​ឆ្នាំ​ ២០២០ និង ​២០២១ ហើយ​បន្ត​អភិវឌ្ឍ​កម្មវិធីសិក្សា​ឱ្យ​កាន់តែ​សម្បូរបែប​ទោះបី​នៅតែ​បន្ត​រៀន​តាម​ប្រព័ន្ធ​អនឡាញ ឬ​ត្រូវ​ត្រឡប់មក​រៀន​ផ្ទាល់​នៅ​សាលា​ទាំង​ដែល​សាលា​ត្រូវមាន​ការចំណាយ​បន្ថែម​ក៏ដោយ​។ ក្រៅពីនេះ សាលា​ក៏បាន​សម្រួល​ក្នុង​ការបង់ថ្លៃ​សិក្សា​ជា​ដំណាក់កាល​សម្រាប់​អាណាព្យាបាល​ដែល​បាន​ធ្វើការ​ស្នើសុំ​ផងដែរ​។

ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ក្រសួង​អប់រំ​នៅតែ​បន្ត​អំពាវនាវ​ដល់​គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ និង​ឯកជន​បន្ត​ការផ្តល់​ការសិក្សា​ពី​ចម្ងាយ​តាម​អនឡាញ​។ តើ​លោក​អាច​ធ្វើការ​វាយតម្លៃ​ប្រសិទ្ធភាព​នៃ​ការសិក្សា​ដោយផ្ទាល់ និង​ពី​ចម្ងាយ​ដែរឬទេ​?

ការសិក្សា​បែប E-Learning មាន​ច្រើនបែប ច្រើន​សណ្ឋាន ដូច្នេះ​ខ្ញុំ​សុំ​មិន​ធ្វើការ​ប្រៀបធៀប​នូវ​វិធី​រៀន​តាម​ប្រព័ន្ធ​អនឡាញ ឬក៏ E-Learning របស់​សាលា​មួយចំនួន​ដោយ​គាត់​បាន​ថត​ការបង្រៀន​រួច​យកទៅ​បង្ហោះ​អនឡាញ និង​ដាក់ចូល mobile app របស់​សាលា​គាត់​។

ខ្ញុំ​សុំ​ផ្តោតទៅលើ​គម្លាត​រវាង​ការសិក្សា​នៅ​សាលា​ផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​អនឡាញ​របស់​សាលារៀន​ដែលមាន​ធនធាន​មនុស្ស​ប្រកប​ដោយ​វិជ្ជាជីវៈ​ច្បាស់លាស់ កម្មវិធី​សិក្សា និង​បច្ចេកវិទ្យា​គ្រប់គ្រាន់ ព្រមទាំង​មាន​ម៉ោង​បង្រៀន​ផ្ទាល់​រវាង​គ្រូ និង​សិស្ស​ច្រើន​ដូច​ពេល​រៀន​នៅ​សាលា​តែប៉ុណ្ណោះ​។

គម្លាត​តូច ឬ​ធំ​អាស្រ័យ​ទៅ​លើ​គ្រូ​ត្រូវ​មាន​វិធីសាស្ត្រ​បង្រៀន​តាម​ប្រព័ន្ធ​អនឡាញ​ដែល​ទាក់ទាញ​មាន​បច្ចេកវិទ្យា​គាំទ្រ​ដ៏សម្បូរបែប បូកផ្សំ​ទៅនឹង​ការតាមដាន​យ៉ាង​ដិតដល់​ទៅលើ​កិច្ចការ​ដែល​សិស្ស​សម្រេចបាន ព្រម​ទាំង​មាន​បុគ្គលិក ក៏ដូចជា​អាណាព្យាបាល​ជួយ​ជំរុញ និង​លើកទឹកចិត្ត​សិស្សានុសិស្ស​ច្រើនជាង​មុន​។

រីឯ​សិស្ស​វិញ​ត្រូវ​មាន​ភាពអត់ធ្មត់ មាន​ការទទួលខុសត្រូវ​ខ្ពស់ ចេះ​ផ្ចង់អារម្មណ៍​ឱ្យបាន​ល្អ​ជាង​មុន និង​មាន​កន្លែង​សិក្សា​ស្ងប់ស្ងាត់​។ លក្ខណសម្បត្តិ​ដែល​សិស្ស​អាច​អភិវឌ្ឍ​ខ្លួន​ទាំងអស់នេះ​នឹង​ជួយ​ពួកគាត់​ឱ្យទទួល​បាន​ផ្លែផ្កា​យ៉ាង​សមប្រកប​នៅក្នុង​កម្រិត​មហាវិទ្យាល័យ និង​ជីវិត​ការងារ​នា​ថ្ងៃ​អនាគត​។

ជាមួយ​បទពិសោធ​ថ្មី​នៃ​កូវីដ​១៩ តើ​លោក​មាន​ផែនការ​យុទ្ធសាស្ត្រ​បែបណា​សម្រាប់​រយៈពេល​វែង​?

យុទ្ធសាស្ត្រ​ដែល​យើង​ផ្តោត​ទៅលើ​គុណភាព​អប់រំ​សម្រាប់​សិស្ស និង​ការទំនាក់ទំនង​ជាមួយ​អាណាព្យាបាល ដោយ​មិន​ផ្តោតលើ​ប្រាក់ចំណេញ​ជា​ចម្បង​ដូចដែល​បាន​រៀបរាប់​ខាងលើនេះ​បាន​ហុច​ផ្លែផ្កា​ឱ្យ​យើង​ឃើញថា​សិស្សានុសិស្ស​អាច​សម្រប​ខ្លួន​បាន​យ៉ាង​ល្អ​ជាមួយ​ការសិក្សា​តាម​ប្រព័ន្ធ​អនឡាញ ហើយ​ចំណេះដឹង​របស់​ពួកគាត់​នៅតែ​មាន​ការរីកចម្រើន​។

រីឯ​អាណាព្យាបាល​នៅតែ​បន្ត​គាំទ្រ​ប្រតិបត្តិការ​របស់​យើង​ដដែល ដូច្នេះ​ទោះ​ជំងឺ​រាតត្បាត​នេះ​បន្ត​អូសបន្លាយ​ពេល​ទៅមុខ ក៏​យើង​ជឿ​យ៉ាង​មុតមាំ​ថា នឹង​ឆ្លង​ផុត​ដោយ​ជោគជ័យ​៕ LA