ក្រុមហ៊ុន​សែ​ល​កាត នៅ​ថ្ងៃទី​១៤ ខែឧសភា នេះ​បាន​ដាក់ឱ្យ​ដំណើរ ការ​សេវាកម្ម Covid-19 Vault នៅក្នុង​កម្មវិធី​ជជែក​កម្សាន្ត Pouk Mak ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​រក្សាទុក​នូវ​ព័ត៌មាន​អំពី​ការចាក់​វ៉ាក់សាំង​របស់​ពួកគេ តាម​ប្រព័ន្ធ​ឌីជីថល​។​

​សេវាកម្ម​ថ្មី​នេះ បង្ហាញ​វត្តមាន​ឡើង ស្រប​ពេលដែល​បណ្តា​សហគមន៍ គ្រួសារ​ប្រជាពលរដ្ឋ និង​អាជីវកម្ម​ជាច្រើន កំពុង​ទទួលរង​នូវ​ផលប៉ះពាល់ ដោយសារ​ការបិទ​ខ្ទប់ និង​ការដាក់​បម្រាម​គោចរ នាពេល​បច្ចុប្បន្ននេះ​។​

​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ សេវា​កម្មនេះ នឹង​ត្រូវបាន​ពង្រីក​បន្ថែម ដោយមាន​ដាក់បញ្ចូល​នូវ​លទ្ធផល​តេស្ត​ជំងឺកូ​វីដ​១៩ ក៏ដូចជា​មុខងារ​តាមដាន និង​ស្វែងរក​ប្រភព​ចម្លង​ដ៏​ពេញលេញ​ផងដែរ​។​

​សេវាកម្ម Covid-19 Vault ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នូវ​ទីកន្លែង​ដែលមាន​សុវត្ថិភាព​ខ្ពស់​ដើម្បី​រក្សា​ទុក​ព័ត៌មាន​អំពី​ការចាក់​វ៉ាក់សាំង​របស់​ពួកគេ ក៏ដូចជា​ផ្តល់នូវ​ទំនុក​ចិត្ត​ខ្ពស់ ខណៈដែល​ពួកគេ​កំពុង​ព្យាយាម​រក្សាសុខ​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​ការពារ​ខ្លួន​ទៅនឹង​ការ​ប៉ះពាល់​ជាមួយនឹង​មេរោគ​កូ​វីដ​។

​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​​សែ​ល​កាត បាន​ថ្លែងថា Covid-19 Vault គឺជាសេវាកម្ម​ដំបូង​គេ​បង្អស់​មួយ​នៅលើ​ពិភពលោក ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់ អាច​រក្សា​ទុក​នូវ​ព័ត៌មាន​សុខភាព​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​នៅលើ​កម្មវិធី​ទូរស័ព្ទ ហើយ​ជាពិសេស​នោះ សេវា​កម្មនេះ ត្រូវបាន​បង្កើតឡើង​ដោយ​កូន​ខ្មែរ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​តែម្តង​។​

​លោក វ៉ាត​សុន បាន​មាន​ប្រសាសន៍​បន្តថា​៖«​សេវា​កម្មនេះ មាន​លក្ខណៈ​ស្រដៀង​ទៅនឹង​សេវាកម្ម​សុខភាព​អេ​ឡិ​ក​ត្រូ​និក ដែល​កំពុង​ដាក់ឱ្យ​ប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក និង​ផ្នែក​ខ្លះទៀត​នៃ​ទ្វីបអឺរ៉ុប ដែល​អ្នកប្រើប្រាស់​អាច​ប្រើ​ព័ត៌មាន​ឌីជីថល​របស់​ពួកគេ​នេះ នៅតាម​អាកាសយានដ្ឋាន សណ្ឋាគារ មន្ទីរពេទ្យ និង​កន្លែង​ផ្សេងៗ​ទៀត​ជាច្រើន​ផងដែរ​»​។​

«​សេវាកម្ម​របស់​យើង បានបង្ហាញ​ឱ្យឃើញ​ច្បាស់​នូវ​ភាពប៉ិនប្រសព្វ​របស់​កូន​ខ្មែរ ក្នុងការ​បង្កើត​សេវាកម្ម​ឌីជីថល ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​បន្ទាន់​។ ក្រុមហ៊ុន​សែ​លកាត នឹង​នៅ​រួមសុខទុក្ខ​ជាមួយ​បងប្អូន​ពលរដ្ឋ​ខ្មែរ​ជានិច្ច ហើយ​ពួកយើង​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ជួយ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា រហូតដល់​រួចផុត​ពី​វិបត្តិ​មួយ​នេះ​»​។​

«​ពួកយើង​បានឃើញ​ការផ្លាស់ប្តូរ​ដ៏​ពុំគួរ​ឱ្យ​ជឿ​នៃ​ការចាប់ផ្តើម​ទទួល​យក​ប្រព័ន្ធ​ឌីជីថល ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​នេះ ពោលគឺ​បាន​សបញ្ជាក់​ឱ្យឃើញ​កាន់តែច្បាស់​ថា ពេលនេះ​គឺជា​ពេល​វេលា​ដ៏​ស័ក្តិសម​បំផុត ក្នុងការ​ជំរុញ​សេវាកម្ម​សុខភាព​អេឡិចត្រូនិក​នៅ​កម្ពុជា​»​។​

Covid-19 Vault គឺជា​មុខងារ​ថ្មី​បំផុត​មួយ ភ្ជាប់​មកជា​មួយ​នៅក្នុង​កម្មវិធី​ជជែក​កម្សាន្ត Pouk Mak របស់​​សែ​ល​កាត ដែលជា​កម្មវិធី​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ នូវ​មុខងារ​ដូចគ្នា​ទៅនឹង​កម្មវិធី​ពេញនិយម​កម្រិត​សកល​អមដោយ​ការប្រើប្រាស់​នូវ​ភាសា​ខ្មែរ រួមជាមួយ​នឹង ​កា​រ​ប​ម្លែ​ង​ទិន្នន័យ​ជា​កូដ​សុវត្ថិភាព​ទាំងស្រុង និង​ការ​រក្សាទុក​ទិន្នន័យ​ប្រកបដោយ​សុវត្ថិភាព​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។​

​កម្មវិធី​នេះ ផ្តល់នូវ​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​សម្រាប់​ម​នុស្ស​គ្រប់​វ័យ ហើយ​ថែមទាំង​មិនមាន​ការគិតថ្លៃ​ចំពោះ​ការទាញយក ឬ​ការប្រើប្រាស់​កម្មវិធី​ដើម្បី​តេ​ចេញ​ជា​សំឡេង ជួប​សន្ទនា​តាម​វីដេអូ ចែករំលែក​ឯកសារ ផ្ញើ​រូប​ស្ទីក​គ័​រ និង​ការចុះឈ្មោះ​ដើម្បី​ទទួលបាន​ព័ត៌មាន​ផ្ទាល់ខ្លួន នោះឡើយ​។​

​លោក វ៉ាត​សុន មានប្រសាសន៍ថា​៖​«​អ្វីដែល​អ្នកត្រូវការ​នោះ​គឺ ទូរស័ព្ទ​មួយ​គ្រឿង ស៊ីម​កាត​មួយ និង​គម្រោង​ទិន្នន័យ​ទូទៅ​របស់​ប្រតិបត្តិករ​មួយ​ណា​ក៏បាន​។ ប៉ុន្តែ​ប្រសិនបើ​អ្នកជា​អតិថិជន​របស់​សែ​ល​កាត យើង​នឹង​មាន​ផ្តល់ជូន​នូវ​ទិន្នន័យ 2GB ជា​រៀងរាល់ខែ ដើម្បី​បង្ហាញ​នូវ​ការ​ប្តេជ្ញាចិត្ត និង​ការគាំទ្រ​របស់​ពួកយើង​ចំពោះ​អ្នក​»​។​

​លោក​បាន​បន្ថែមថា ក្រុមហ៊ុន​ សែ​ល​កាត នឹង​បន្ត​រក្សា ក៏ដូចជា​ពង្រឹង​សេវាកម្ម​បណ្តាញ​លំដាប់​ពិភពលោក​របស់ខ្លួន តាមរយៈ​ការរៀបចំ​ឱ្យ​ក្រុម​វិស្វករ​ចូលទៅ​កាន់​តំបន់​ក្រហម និង​តំបន់​ពណ៌​លឿងទុំ ដើម្បី​ផ្តល់​ការថែទាំ​ទៅលើ​ការផ្តល់ សេវា រួម​ជាមួយនឹង​ការដំឡើង ​នូវ​ទីតាំង​បណ្តាញ​ថ្មីៗ​។ ​

​សែ​ល​កាត បាន​ដំឡើង​ទីតាំង​ថ្មីៗ​នៅតាម​ស្រុក​ចំនួន ៩២​ ចាប់តាំងពី​ខែមករា​មក ដែល​នេះ​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ពង្រីក​បណ្តាញ​សេវា​ក្នុង​ទំហំ​ទឹកប្រាក់ចំនួន ៥០​​ លាន​ដុល្លារ សម្រាប់​​ឆ្នាំនេះ​។​

«​ក្រុមហ៊ុន​សែ​ល​កាត នឹង​បន្ត​នវានុ​វ​ត្តិ​ន៍ ក៏ដូចជា​ស្វែងរក​នូវ​មធ្យោបាយ​និង​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​ជួយ​គាំទ្រ​ដល់ ប្រជាពលរដ្ឋ​ខ្មែរ និង​សេដ្ឋកិច្ចកម្ពុជា ស្របតាម​ទស្សនវិស័យ​របស់លោក​ប្រធាន​អ្នក​ឧកញ៉ា គិត ម៉េង ចំពោះ​ការ​សម្រេច​​ឱ្យបាន​នូវ​ឌីជីថល​នីយកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

​កម្មវិធី Pouk Mak App ត្រូវបាន​ដាក់ជូន​ឱ្យ​ទាញយក​សម្រាប់​ប្រើប្រាស់ ទាំង​នៅលើ​ហាង Play Store របស់ Android និង​ហាង App Store របស់ iOS ។ បន្ទាប់ពី​ចំណាយពេល​ពីរ​បី​នាទី​សម្រាប់​ការចុះឈ្មោះ ហើយ​អ្នកប្រើប្រាស់​អាច​ចូលទៅ​កាន់ Setting ហើយ​ចុច​លើ COVID-19 VAULT បន្ទាប់មក​ចុចស្កេ​ន និង​រក្សាទុក​ព័ត៌មាន​អំពី​ស្ថានភាព​នៃ​ការចាក់​វ៉ាក់សាំង​របស់​ពួកគេ ជាការ​ស្រេច​៕