ភ្នំពេញៈ ត្រីចក្រយានយន្ត​ប្រើ​ថាមពល​អគ្គិសនី Onion T1 ដែលមាន​រោងចក្រ​ដំឡើង​មុនគេ​នៅ​កម្ពុជា​របស់​ក្រុមហ៊ុន Onion Mobility Co., Ltd បានចាប់ផ្តើម​បង្ហាញ​រូបរាង​ជា​ផ្លូវការ​ហើយ​កាលពី​សប្តាហ៍​មុន ខណៈ​ក្រុមហ៊ុន​បញ្ជាក់ថា នឹង​បញ្ចេញ​លក់​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​ ២០២១ នេះ​។

Onion Mobility Co.,Ltd គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន MVLLABS Pte Ltd (MVL) មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​សិង្ហបុរី​។ កាលពី​ដើម​ខែកុម្ភៈ ឆ្នាំ​ ២០២១ ក្រុមហ៊ុន Onion Mobility Co.,Ltd បានទទួល​ការអនុម័ត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដើម្បី​សង់រោង​ចក្រ​ផ្គុំ​ដំឡើង​ទោចក្រ​យានយន្ត និង​ត្រីចក្រយានយន្ត​ប្រើ​ថាមពល​អគ្គិសនី​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​សុវណ្ណភូមិ ខេត្តកណ្តាល ក្រោម​ទុន​វិនិយោគ ២០ ​លាន​ដុល្លារ​។

ក្រៅពី Onion Mobility Co.,Ltd បច្ចុប្បន្ន MVL ក៏មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ MVL TADA (Cambodia) Co.,Ltd ដែល​កំពុង​ប្រតិបត្តិការ​លើ​សេវាកម្ម (TADA App) ​សម្រាប់​កក់​យានជំនិះ​ធ្វើដំណើរ​នៅ​កម្ពុជា​ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ Onion Mobility Co.,Ltd ឱ្យដឹងថា Onion T1 ​គឺជា​ត្រីចក្រ​យានយន្ត​អគ្គិសនី​ដ៏ទំនើប និង​មាន​ផាសុកភាព ដែល​អាច​បើក​បាន​ចម្ងាយ ១០០ ​គីឡូម៉ែត្រ​នៅពេល​សាក​អាគុយ​ពេញ ឬ​ជា​មធ្យម​ចំណាយ​ប្រហែល ២ ​ដុល្លារ​សម្រាប់​ការធ្វើដំណើរ ១០០ ​គីឡូម៉ែត្រ​។ ការចំណាយ​នេះ​គឺ​ទាប​ជាង ២០ ​ភាគរយ​ បើ​ធៀប​នឹង​ត្រីចក្រយានយន្ត​ប្រើប្រាស់​ឧស្ម័ន LPN ដែល​កំពុង​ចរាចរ​ច្រើន​នៅ​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យដឹង​ទៀត​ថា ក្រៅពី​មាន​រូបរាង​ស្អាត​ទូលាយ មិនមាន​សំឡេង​រំខាន និង​សន្សំសំចៃ Onion T1 ​ក៏បាន​ចូលរួមចំណែក​ក្នុង​ការការពារ​បរិស្ថាន​ផងដែរ​។

លោក ជីម ប៉ូលី ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន MVL TADA (Cambodia) Co., Ltd បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៣០ ខែមីនា​ថា បន្ទាប់ពី​ឆ្លងកាត់​ការសាកល្បង​ដោយ​ជោគជ័យ ក្រុមហ៊ុន Onion Mobility Co.,Ltd បានដាក់​បង្ហាញ​ត្រីចក្រយាន​អគ្គិសនី Onion T1 ​ជា​សាធារណៈ​ហើយ​កាលពី​ថ្ងៃ​ទី​ ២៨ ខែមីនា​។ លោក​បន្តថា គ្រាន់តែ​ដាក់​បង្ហាញ​ភ្លាម Onion T1 ទទួល​បាន​ការចាប់​អារម្មណ៍​ច្រើន​។ ទោះយ៉ាងណា វា​គ្រាន់តែ​ជា​ការតាំង​ប៉ុណ្ណោះ ដោយ​ក្រុមហ៊ុន​មិនទាន់​ប្រកាស​ដាក់លក់​នោះទេ​។

លោក​ថ្លែងថា​៖ «​នេះ​គឺជា​ការដាក់​បង្ហាញ​រូប​ពិត​របស់ Onion T1 ឱ្យ​សាធារណជន​បានឃើញ​តែប៉ុណ្ណោះ ដោយ​សកម្មភាព​នៃ​ការដំឡើង​ទ្រង់ទ្រាយ​ធំ​ដើម្បី​ដាក់លក់​លើ​ទីផ្សារ គឺ​មិនទាន់​ចាប់ផ្តើម​ទេ ព្រោះ​ក្រុមហ៊ុន​ត្រូវការ​ពេលវេលា​សិក្សា​លម្អិត​ថែមទៀត​ទៅលើ​តម្លៃ និង​តម្រូវការ​ទីផ្សារ​ជាក់ស្តែង​»​។

លោក​បន្ថែមទៀតថា Onion T1 ​នឹង​រួមចំណែក​បង្កើន​ប្រាក់ចំណូល​ដល់​អ្នកបើកបរ ជាពិសេស​វា​នឹង​ក្លាយជា​យានជំនិះ​ដែលមាន​ផាសុកភាព​សម្រាប់​សហគមន៍​ទាំងមូល​។

យោងតាម​លោក ប៉ូលី នៅពេលនេះ​ក្រុមហ៊ុន​ក៏​កំពុង​រៀបចំ​កន្លែង​តាំង​បង្ហាញ (Showroom) និង​សា្ថនីយ​សម្រាប់​សាក​អាគុយ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។

លោក Kay Woo នាយក​ប្រតិបត្ដិ​ក្រុមហ៊ុន MVL បានឱ្យ​ដឹងថា នេះ​ជា​ការនាំយក​មក​នូវ​ភាពពេញនិយម​នៅក្នុង​ការប្រើប្រាស់​កង់​ ៣ ​អគ្គិសនី​នៅ​កម្ពុជា តាមរយៈ​ការផលិត​យានជំនិះ​ដែលមាន​សេវាកម្ម​ប្រកួតប្រជែង​ភ្ជាប់​ជាមួយ​មធ្យោបាយ​កក់​ការធ្វើ​ដំណើរ​តាមរយៈ TADA​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​អេកូឡូស៊ី​មួយ​ដែល​អាចជួយ​ផ្នែក​សេដ្ឋកិច្ច​ដល់​អ្នកបើក​កង់៣»​។

របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៩ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឱ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០១៩ នៅ​កម្ពុជា​មាន​ត្រីចក្រយានយន្ត​ (​ម៉ូតូ​កង់៣) ​មក​ចុះបញ្ជី​សរុប ៣៥ ២១៨​ គ្រឿង​៕ LA