ឆ្នាំ​ ២០២០ យើង​អាច​និយាយ​បាន​ថា​ជា​ឆ្នាំ​មួយ​ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ទៅដល់​ពិភពលោក​ទាំងមូល មិន​ថា​តែ​ប្រទេស​កម្ពុជា​នោះទេ ដោយសារ​បញ្ហា​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។ នៅក្នុង​ឆ្នាំ​ ២០២០ នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ​បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​បាន​ធ្លាក់ចុះ​ក្នុង​រង្វង់​ប្រមាណ​ជា ៤% ខណៈដែល​ការ​ព្យាករ​ក្នុង​ឆ្នាំ​ ២០២១ គឺ​សេដ្ឋកិច្ច កម្ពុជា​នឹង​ងើប​ឡើងវិញ​ក្នុង​រង្វង់​ប្រមាណ​ជា​ ៥,៤%​។ ដោយយោង​តាម​ការព្យាករ​របស់​ធនាគារ​ពិភពលោក​ចេញ​ខែធ្នូ ឆ្នាំ​ ២០២០ ​នេះ ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស (Foreign Direct Investment-FDI) នឹង​ហូរ​ចូលមក​កម្ពុជា​ដើម្បី​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម និង​វិស័យ​មិនមែន​វាយនភណ្ឌ​។

ចំណែកឯ​ការនាំចេញ​វិញ​មាន​ការកើនឡើង ដូចជា​ការនាំចេញ​កង់ បរិក្ខារ​អេឡិចត្រូនិក គ្រឿងបន្លាស់​យានយន្ត អង្ករ និង​ផលិតផល​កសិកម្ម​ជាដើម ហើយ​ការកើនឡើង​ទៅលើ​ទេសចរណ៍​ក្នុងស្រុក ក៏​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​ស្តារ​សេដ្ឋកិច្ច​មួយផ្នែក​ផងដែរ​។ ទាំងអស់នេះ​សុទ្ធតែ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ទីផ្សារ ក៏ដូចជា​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល​ផងដែរ​។

ដោយឡែក​បើ​យើង​ពិនិត្យមើល​ពី​វិស័យ​មូលបត្រ​នៅ​កម្ពុជា គឺ​វា​ហាក់​ដូចជា​ដើរ​ផ្ទុយ​ពី​ដំណើរ​នេះ ដោយ​ហេតុថា ខណៈ​ដែល​វិស័យ​ផ្សេងៗ ដូចជា​វិស័យ​ទេសចរណ៍ និង​វិស័យ​ឧស្សាហកម្ម មាន​ផលប៉ះពាល់​ខ្លាំង​។ យើង​សង្កេតឃើញថា ចំនួន​ក្រុមហ៊ុន​បោះផ្សាយ​មានការ​កើនឡើង​គួរឲ្យ​កត់សម្គាល់​ដែល​ក្នុង​ឆ្នាំ​ ២០២០ ​នេះ យើង​មាន​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធាណៈ​ចំនួន ២ បន្ថែមទៀត និង​មាន​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​បំណុល​ចំនួន​ ៣ បន្ថែមទៀត​។ ក្នុង​រយៈពេល ១១ ​ខែ ក្នុង​ឆ្នាំ​ ២០២០ នេះ ទំហំ​មូលធនូបនីយកម្ម​ទីផ្សារ​បាន​កើនឡើង​ប្រហែល ២៤២% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៩ ដោយ​កើនឡើង​ពី ៧១៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដល់ ២ ៤៤៩ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

តាមរយៈ​ទិន្នន័យ​ទាំងនេះ ព្រម​ជាមួយ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការជួយ​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា និង​សហគ្រាស​អាជីវកម្ម​ដើម្បី​ជម្នះ​នូវ​ស្ថានភាព​ដ៏លំបាក​នេះ ព្រមទាំង​ក្រោម​ការចង្អុលបង្ហាញ និង​ណែនាំ​ដោយផ្ទាល់​ពី​សំណាក់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មការ​មូលបត្រ​កម្ពុជា «​ខ្ញុំ​នៅតែ​មាន​សុទិដ្ឋិនិយម​ចំពោះ​វិស័យ មូលបត្រ​នៅ​កម្ពុជា បើទោះបី​ជា​អាច​នឹងមាន​ផលប៉ះពាល់​ខ្លះ​ចំពោះ​ក្រុមហ៊ុន​ចុះបញ្ជី​សក្តានុពល ក៏ប៉ុន្តែ​ទីផ្សារ​មូលបត្រ គឺជា​កន្លែង​ដ៏សមស្រប​មួយ​សម្រាប់​សហគ្រាស​កម្ពុជា​ស្វែងរក​ដើមទុន​រយៈពេល​វែង ព្រម​ជាមួយ​នឹង​ការលើកតម្កើង​នូវ​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​ផ្ទាល់​នៅពេល​ដែល​ក្លាយជា​ក្រុមហ៊ុន​ចុះបញ្ជី​លើ​ទីផ្សារ​មូលបត្រ​កម្ពុជា​»​។

ដើម្បី​គាំទ្រ​នូវ​ទស្សនៈ​សុទិដ្ឋិនិយម​នេះ​មាន​កត្តា​ជាច្រើន​ដែល​ជា​យាន​ក្នុង​ការនាំ​ទីផ្សារ​មូលបត្រ​ឈាន​ទៅមុខ​ក្នុង​ឆ្នាំ​ ២០២១ ដូចជា ការរំពឹងទុក​នូវ​ការបោះ​ផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​ចំនួន ២ បន្ថែម​ទៀត​នៅលើ​ផ្សារមូលបត្រ​កម្ពុជា ដែល​វិនិយោគិន​អាចមាន​ជម្រើស​វិនិយោគ​បន្ថែម និង​ការលើកលែង​កម្រៃ​ពី​ការជួញដូរ​រយៈពេល​ពេញ​ ១ ​ឆ្នាំ​សម្រាប់​ ២០២១ ចំពោះ​វិនិយោគិន​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ជួញដូរ​ចល័ត លើសពី​នេះ​ទៀត ផលិតផល​ថ្មី​ដែល​ហៅថា​គម្រោង​វិនិយោគ​រួម (Collective Investment Scheme-CIS) នឹងត្រូវ​បានដាក់​ឱ្យមាន​នៅលើ​ទីផ្សារ​សម្រាប់​ជា​ជម្រើស​ថ្មី​បន្ថែម​ដល់​វិនិយោគិន​។ កត្តា​ផ្សេងទៀត​ដែល​ជំរុញ​ដល់ទី​ផ្សារ គឺ​ការ​មិនទាន់​យកពន្ធ​លើ​ចំណេញ​មូលធន (Capital Gain) និង​ការកាត់បន្ថយ​ពន្ធ​កាត់​ទុក​ ៥០% ​លើ​ភាគលាភ និង​/​ ឬ​ការប្រាក់​។ ចំពោះ​សកម្មភាព​ជួញដូរ​វិញ គឺ​រំពឹងថា​ទំហំ​ជួញដូរ​មាន​កំណើន ដោយសារ​ទីផ្សារ​មូលបត្រ​បាននិង​កំពុង​ក្លាយជា​ជម្រើស​ដ៏ទាក់ទាញ​សម្រាប់​វិនិយោគិន​។

ជាមួយ​គ្នា​នេះដែរ ចំនួន​វិនិយោគិន​កាន់តែ​កើនឡើង​ជាប្រចាំ​គឺ​លើសពី ៣ ០០០ ​នាក់​ក្នុង​ឆ្នាំ ២០១៧ និង​ជិត​ដល់ ២៦ ០០០ ​នាក់​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​។ កត្តា​មួយទៀត​គឺ​ការយល់ដឹង​របស់​សាធារណជន​ក៏ដូចជា​វិនិយោគិន សក្តានុពល​អំពី​ទីផ្សារ​មូលបត្រ និង​អត្ថប្រយោជន៍​ក្នុង​ការវិនិយោគ​មាន​ការកើនឡើង​ជា​លំដាប់​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ តាមរយៈ​ការចូលរួម​វគ្គ​បណ្តុះបណ្តាល និង សិក្ខាសាលា​ដែល​រៀបចំ​ដោយ គ.ម.ក. និង​អ្នកចូលរួម​នៅក្នុង​ទីផ្សារ​ដទៃ​ទៀត​។ ដូច្នេះ​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ទីផ្សារ​មូលបត្រ​នៅ​កម្ពុជា​នឹង​បន្ត​ដំណើរការ​កាន់តែ​ល្អប្រសើរ​ទៅ​មុខ​ទៀត​៕