ជំងឺ​រាតត្បាត​ជា​សកល​កូវីដ​ ១៩ និង​ភាពមិនប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​បាន​ធ្វើឱ្យ​ស្ថានភាព​ប្រទេស​ភាគច្រើន​ធ្លាក់ចុះ​ដែល​បណ្តាល​ឱ្យ​កំណើន សេដ្ឋកិច្ច​អវិជ្ជមាន ក្រុមហ៊ុន​ក្ស័យធន អត្រា​អត់​ការងារ​ធ្វើ និង​ភាពក្រីក្រ​មាន​ការកើនឡើង​។

ការធ្លាក់ចុះ​នូវ​ទំនុកចិត្ត​របស់​វិនិយោគិន​ទៅលើ​កំណើន​អាជីវកម្ម​បាន​ធ្វើឱ្យ​រង្គោះរង្គើ​ដល់​សន្ទស្សន៍​ទីផ្សារ​ភាគហ៊ុន​ស្ទើរតែ​ទូទាំង​ពិភពលោក​។ ទោះ​យ៉ាងណា​យើង​មិន​គិតថា​វា​ជា​ឧបសគ្គ​ដែល​អាច​រាំងស្ទះ​ដល់​ចក្ខុវិស័យ​របស់​យើង​ក្នុងការ “​កសាង​មហាវិថី​ហិរញ្ញវត្ថុ​សម្រាប់​កម្ពុជា​” នោះទេ​។

ភ័ស្តុតាង​ដ៏រឹងមាំ​ដែល​ត្រូវ​លើកឡើង​គឺថា ក្នុង​ឆ្នាំ​ ២០២០ ​នេះ​គឺ​យើង​បាន​បំបែក​នូវ​កំណត់ត្រា​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​ច្រើន​បំផុត​ដែល​ពុំ​ធ្លាប់​​មាន​ពីមុនមក​ដែល​ក្នុង​នោះ​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​ស្វាគមន៍​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន​ ៥ ក្នុង​នោះ​ ២ ​ក្រុមហ៊ុន​បោះផ្សាយ​លក់​ភាគហ៊ុន និង​ ៣ ​ផ្សេងទៀត​គឺជា​ក្រុមហ៊ុន​បោះផ្សាយ​លក់​សញ្ញាបណ្ណ​។

លើសពីនេះ​ទៀត​មូលធនូបនីយកម្ម​ទីផ្សារ​សរុប​មាន​កំណើន​ដល់ ២,៤៥ ពាន់​លាន​ដុល្លារ​ពោល​គឺ​កើនឡើង​ជិត​ ២៥០ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។

ការចុះបញ្ជី​របស់​ធនាគារ​ក្នុងស្រុក​ដ៏ធំ​ជាងគេ គឺ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ជំរុញ​សកម្មភាព​ជួញដូរ​ទីផ្សារ ដោយ​ជំរុញ​ការជួញដូរ​រាយ​ប្រចាំថ្ងៃ រហូតដល់​ ១ ​លាន​ដុល្លារ​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​។

លើសពីនេះ​ទៀត​ការជួញដូរ​សញ្ញាបណ្ណ​តាមរយៈ​វិធីសាស្ត្រ​ជួញដូរ​តាម​ការចរចា​ (NTM) ក៏បាន​ធ្វើឡើង​នៅ​ឆ្នាំ​ ២០២០ ផងដែរ ដោយ​ធ្វើឱ្យ​ទំហំ​ជួញដូរ​សរុប​បាន​ឈានដល់ ១១,០៨ លាន​ដុល្លារ​។

យន្ដការ​ទូទាត់​ជា​ប្រាក់​ដុល្លារ​ដែល​ទើប​បង្កើត​ថ្មី ក៏បាន​បង្ហាញ​ពី​ជោគជ័យ​ផងដែរ បន្ទាប់ពី​ត្រូវបាន​អនុវត្ត​ជា​លើកដំបូង​លើ​ការជួញដូរ​តាមរយៈ​វិធីសាស្ត្រ​ជួញដូរ​តាម​ការចរចា​ជា​ប្រាក់រៀល​របស់​ភាគហ៊ុន​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ដែល​មាន​តម្លៃ ២ លាន​ដុល្លារ​នៅ​ឆ្នាំនេះ​។

ទោះបី​ជា​មាន​ព្រឹត្តិការណ៍​បំបែក​កំណត់ត្រា​ច្រើន​ដូចនេះ​ក៏ដោយ ក៏ទីផ្សារ​បាន​ជួបប្រទះ​ការលំបាក​មួយ​ចំនួន​ផងដែរ ឧទាហរណ៍ សន្ទស្សន៍​ ផ.ម.ក ខាតបង់​ ១៧ ​ភាគរយ​ហើយ​ទំហំ​ជួញដូរ​ភាគហ៊ុន​ជា​មធ្យម​ប្រចាំ​ថ្ងៃ​បាន​ធ្លាក់ចុះ ២៧ ភាគរយ​នៅក្នុង​រយៈពេល​ ១១ ​ខែ នៃ​ឆ្នាំ ​២០២០ ។

សកម្មភាព​ផ្សព្វផ្សាយ​មួយចំនួន​របស់​យើង​ដូចជា​សិក្ខាសាលា​ក្រៅប្រទេស កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​កម្មវិធី​ពិភពលោក​ក្នុង​ស្រុក​ក៏ត្រូវ​បាន​ផ្អាក​ផងដែរ​។

ទោះយ៉ាងណា យើង​រំពឹង​នូវ​ទស្សនវិស័យ​វិជ្ជមាន​សម្រាប់​ឆ្នាំ​បន្ទាប់ ដោយសារ​តែ​ការមកដល់​នៃ​វ៉ាក់សាំង​កូវីដ​១៩ ទន្ទឹម​នឹង​ការព្យាករ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) អំពី​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) ​របស់​កម្ពុជា​ថា​នឹងមាន​កំណើន​ ៥,៩ ភាគរយ​ពី​ដក​ ៤ ​ភាគរយ​ (-៤%) ​នៅ​ឆ្នាំ​ ២០២០ ។

កំណើន​សេដ្ឋកិច្ច​ និង​ស្ថិរភាព​នេះ​នឹង​ជួយ​ពង្រឹង​និរន្តរភាព​ទីផ្សារ​ហិរញ្ញវត្ថុ ស្រប​ពេល​ដែល​មាន​ការស្តារ​ទំនុកចិត្ត​របស់​វិនិយោគិន​ឡើងវិញ​។ តាមរយៈ​ទស្សនវិស័យ​ដ៏ត្រចះត្រចង់​នេះ យើង​រំពឹងថា​គម្រោង​នៃ​ការបោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​ដែល​ត្រូវបាន​ពន្យារ​ក្នុង​ឆ្នាំ​ ២០២០ នឹង​បន្ត​ឡើងវិញ​ហើយ​ព្រឹត្តិការណ៍​នេះ​នឹង​ញុំាង​ឱ្យ​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​លើ​ផ្សារហ៊ុន​ក្នុង​ឆ្នាំ​ ២០២១ ​មាន​កំណើន​ខ្ពស់​។

ការជួញដូរ​ភាគហ៊ុន​ចំនួន​ធំ​ជាច្រើន​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​នៅ​ឆ្នាំក្រោយ ដោយសារ​ការយល់ដឹង និង​ទំនុកចិត្ត​របស់​វិនិយោគិន​កាន់តែ​ប្រសើរឡើង​។ យើង​ដឹងថា អាជីវកម្ម​ភាគច្រើន​នឹង​មិនអាច​វិលត្រឡប់​ទៅរក​ប្រក្រតីភាព​ភ្លាមៗ​នោះទេ បើទោះបី​ជាមាន​វ៉ាក់សាំង​កូវីដ​១៩​ក៏ដោយ ។

ក្រុមហ៊ុន​ចាំបាច់​ត្រូវប្រកាន់​យក​វិធី​ថ្មី​ក្នុង​ការធ្វើ​អាជីវកម្ម​។ ដោយ​គ្មាន​ការលើកលែង CSX ប្តេជ្ញា​ថា នឹង​នាំមក​នូវ​ដំណោះស្រាយ​ប្រកបដោយ​នវានុវត្តន៍​ និង​ភាព​ច្នៃប្រឌិត​បន្ថែម​ទៀត ដើម្បី​ពង្រឹង​ជំហរ​របស់​យើង​ក្នុង​នាម​ជា​អ្នកដើរតួ​លេចធ្លោ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​បង្កើត​ការងារ​បន្ថែមទៀត​សម្រាប់​បេក្ខជន​ក្នុង​ស្រុក​។

យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា ទីផ្សារ​មូលធន​នៅ​ចុងបញ្ចប់​នឹង​ក្លាយជា​សសរស្តម្ភ​ដ៏សំខាន់​មួយ​ដើម្បី​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ជាមួយ​នឹង​លំហូរ​មូលធន​កាន់តែ​ប្រសើរ​ពី​វិនិយោគិន​ដែលមាន​ហិរញ្ញវត្ថុ​ច្រើន​ទៅ​ដល់​ក្រុមហ៊ុន​ដែលមាន​សក្តានុពល និង​ពី​អ្នក​ដែលមាន​មូលធន​ច្រើន​ទៅដល់​អ្នក​ដែល​ត្រូវ​ការមូលធន​ចាំបាច់​៕

ឯកឧត្តម ហុង សុហួរ

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា