ក្រុមយោធាមីយ៉ាន់ម៉ា ដែលមានឈ្មោះជាផ្លូវការថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) កាលពីរាត្រីថ្ងៃទី ៨ ខែឧសភា បានចាត់ទុករដ្ឋាភិបាលស្រមោល ដែលបង្កើតឡើងដោយក្រុមតំណាងរាស្ត្រស៊ីវិលថាជា «អង្គការភេរវកម្ម»។
ចាប់តាំងពីមានព្រឹត្តិការណ៍រដ្ឋប្រហារយោធា ដែលទម្លាក់រដ្ឋាភិបាលស៊ីវិលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) កាលពីថ្ងៃទី ១ កុម្ភៈមក មានការផ្ទុះការតវ៉ា និងអំពើហិង្សានានាកើតឡើងទូទាំងប្រទេស។ ក្រុមអ្នកតំណាងរាស្ត្រជាប់ឆ្នោតភាគច្រើនមកពី NLD ដែលកំពុងគេចខ្លួនបានប្រមូលផ្ដុំគ្នាបង្កើតជាគណៈកម្មការតំណាងសភា CRPH ក្រោយមកបានបង្កើតជារដ្ឋាភិបាលស្រមោលមួយឈ្មាះថាក្រុមរដ្ឋាភិបាលបង្រួបបង្រួមជាតិ NUG។
ក្រុម NUG តែងតែអះអាងថា ខ្លួនជារដ្ឋាភិបាលស្របច្បាប់របស់មីយ៉ាន់ម៉ា ដោយសំអាងលើលទ្ធផលបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ដែលគណបក្ស NLD ទទួលបានអាសនៈភាគច្រើននៅក្នុងសភា។
រហូតដល់ថ្ងៃទី ៥ ឧសភា NUG បានបង្កើតជាកងកម្លាំងការពារប្រជាជន ហៅកាត់ថា PDF។ បើតាម NUG ការបង្កើតកងទ័ពនេះធ្វើឡើងក្នុងគោលបំណង ប្រមែប្រមូលកម្លាំងគ្រប់មជ្ឈដ្ឋាន រាប់បញ្ចូលទាំងកងកម្លាំងប្រដាប់អាវុធរបស់ជនជាតិភាគតិចនៅមីយ៉ាន់ម៉ា ដើម្បីប្រឆាំងនឹងក្រុមយោធា។
កាលពីល្ងាចថ្ងៃសៅរ៍ ទូរទស្សន៍ជាតិ ដែលកាន់កាប់ដោយក្រុមយោធាបានប្រកាសដាក់បញ្ចូលទាំងក្រុមសភា ក្រុមរដ្ឋាភិបាល និងកងទ័ព PDF ទៅក្នុងបញ្ជីអង្គការភេរវកម្ម។
ទូរទស្សន៍ជាតិនេះបានប្រកាសថា៖ «យើងសូមឲ្យប្រជាជនគ្រប់រូប កុំគាំទ្រអំពើភេរវកម្ម ព្រមទាំងផ្ដល់ជំនួយដល់ក្រុម CRPH ក្រុម NUG និងកងកម្លាំង PDF ដែលគំរាមកំហែងដល់សន្តិសុខប្រជាជន»។
ការចាត់ទុកជា «អង្គការភេរវកម្ម» នេះបានសេចក្ដីថា សូម្បីតែអ្នកកាសែតនៅមីយ៉ាន់ម៉ាសម្ភាសជាមួយក្រុមរដ្ឋាភិបាលស្រមោល NUG និងក្រុមពាក់ព័ន្ធ ក៏អាចនឹងប្រឈមនឹងការចាប់ខ្លួនពីសំណាក់យោធាមីយ៉ាន់ម៉ា ដែលអ្នកក្នុងស្រុកហៅថា Tatmadaw ផងដែរ។
មុនពេលចាត់ទុករដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាជាអង្គការភេរវកម្ម ក្រុមយោធាមីយ៉ាន់ម៉ា Tatmadaw បានចាត់ទុកក្រុមទាំងនេះជា «អង្គការក្រៅច្បាប់» ព្រមទាំងចេញសាលដីកាចាប់ខ្លួនអ្នកនយោបាយស៊ីវិលជាច្រើន ក្រោមបទចោទក្បត់ជាតិ។
NUG មិនទាន់មានប្រតិកម្មភ្លាមៗតបនឹងការប្រកាសរបស់ក្រុមយោធាឡើយ គិតត្រឹមថ្ងៃទី ៩ ឧសភា ប៉ុន្តែកាលពីខែមីនា កន្លងទៅគណៈកម្មការតំណាងសភា CRPH ក៏បានចាត់ទុករដ្ឋបាលក្រុម Tatmadaw ជា «អង្គការភេរវកម្ម» ក្រោយមានការបង្ក្រាបដោយអំពើហិង្សាទៅលើក្រុមបាតុករប្រឆាំងនឹងរបបសឹក។
កន្លងមក មីយ៉ាន់ម៉ាច្រើនតែដាក់បញ្ចូលអង្គការប្រដាប់អាវុធជនជាតិភាគតិចនានា ទៅក្នុងបញ្ជីអង្គការភេរវកម្ម។ កាលពីខែមីនា ឆ្នាំ ២០២០ កន្លងទៅ គណៈកម្មការប្រឆាំងអំពើភេរវកម្មមីយ៉ាន់ម៉ា បានចាត់ទុក កងកម្លាំងអារ៉ាកាន់ (Arakan Army) ដែលធ្វើសកម្មភាពប្រឆាំងនឹងក្រុមយោធាមជ្ឈិមមីយ៉ាន់ម៉ានៅតំបន់ជនជាតិរ៉ូហ៊ីងយ៉ា នាឯរដ្ឋរ៉ាក់ឃីន។
ក្រោយពេលរដ្ឋប្រហារខែកុម្ភៈ ក្រុម Tatmadaw បានដកក្រុមកងទ័ពអារ៉ាកាន់ ចេញពីបញ្ជីអង្គការភេរវកម្ម ខណៈក្រុមមួយនេះមិនបានបញ្ចេញគោលជំហរណាមួយគាំទ្រការតវ៉ានឹងរដ្ឋប្រហារ៕
ហ៊ីម រដ្ឋា