ក្រុម​ការងារ​ផលិត​វ៉ាក់សាំង​នៅ​ Baltimore បាន​ឱ្យ​ដឹង​ថា វ៉ាក់សាំង​ជាង​ ១៥ លាន​ដូស ​ត្រូវ​ខូច​គុណភាព​ដោយសារ​ កំហុស​បច្ចេកទេស​ ដោយ​លាយ​សារធាតុ​ផលិត​របស់​វ៉ាក់សាំង​ Johnson & Johnson (J&J) និង​សារធាតុ​ផលិត​វ៉ាក់សាំង AstraZeneca ចូល​គ្នា​ដោយ​ចៃដន្យ​ និង​បណ្ដាល​ឱ្យ​មាន​ការ​បង្អាក់​ដល់​ការ​ផលិត​វ៉ាក់សាំង​ «ចាក់​តែ​មួយ​ដង» នៅ​សហរដ្ឋអាមេរិក។

បញ្ហា​នេះ កើត​ឡើង​ចេញ​ពី​​រោងចក្រ​ថ្មី​មួយ​នៅ Baltimore ធ្លាប់​បាន​ចុះ​ឈ្មោះ​ជាមួយ​រដ្ឋាភិបាល​សហព័ន្ធ (ថ្នាក់ជាតិ)​ កាល​ពី​ឆ្នាំ​មុន ដើម្បី​ផលិត​វ៉ាក់សាំង​ចេញ​ពី​វ៉ាក់សាំង J&J និង AstraZeneca។ វ៉ាក់សាំង​ទាំង ២ ​ប្រើ​បច្ចេកវិទ្យា​ដូចគ្នា​ ដោយ​ប្រើ​វីរុស​គ្មាន​មេរោគ ​(ឬ​ហៅថា វ៉ិចទ័រ) ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​កោសិកា​ ដើម្បី​បង្កើត​ប្រូតេអ៊ីន។ បន្ទាប់​មក វា​ក៏​បាន​រំញោច​ប្រព័ន្ធ​ភាព​ស៊ាំ​ ដើម្បី​ផលិត​អង្គ​បដិបក្ខ​ប្រាណ​។ ប៉ុន្តែ​វ៉ិចទ័រ​របស់​វ៉ាក់សាំង J&J និង AstraZeneca មាន​លក្ខណៈ​ជីវសាស្ត្រ​ខុស​គ្នា​ ហើយ​ក៏​មិន​អាច​ផ្លាស់​ប្តូរ​បាន​ដែរ​។

កាល​ពី​ចុង​ខែ​កុម្ភៈ កន្លង​ទៅ​ក្រុម​ការងារ​ផលិត​វ៉ាក់សាំង​បាន​ច្រឡំ​វ៉ិចទ័រ​វ៉ាក់សាំង​ទាំង​ ២ ក្នុង​អំឡុង​ពេល​​ដំណើរការ​ផលិត​វ៉ាក់សាំង ដែល​ធ្វើ​ឱ្យ​មាន​អ្នក​ចោទ​ជា​សំណួរ​ថា តើ​ក្រុម​ការងារ​ទាំង​នេះ​មាន​ទទួល​ការ​បណ្តុះបណ្តាល និង​ការ​ត្រួត​ពិនិត្យ ដែរ​ឬ​យ៉ាងណា?

ការ​ផលិត​វ៉ាក់សាំង គឺ​ជា​វិទ្យាសាស្ត្រ​ដ៏​ស្មុគស្មាញ​មួយ ដែល​ជួន​កាល​ក៏​អាច​បង្ក​ឱ្យ​មាន​កំហុស​ជា​ញឹក​ញាប់​​ និង​អាច​បំផ្លាញ​ដល់​វ៉ាក់សាំង​ជាច្រើន​ដូស​ទៀត​ ដែល​បាន​ផលិត​ក្នុង​ជំនាន់​ជាមួយ​គ្នា​នេះទៀត​ផង​ដែរ​ ។ ប៉ុន្តែ​កំហុស​លើក​នេះ មិន​មាន​អ្នកណា​រក​ឃើញសោះ​ក្នុង​ រយៈ​ពេល​ជាច្រើន​ថ្ងៃ​ រហូត​ដល់​មាន​ការ​ត្រួត ពិនិត្យ​គុណភាព​ទើប​គេ​រក​ឃើញ។ ប៉ុន្តែ ទម្រាំមក​ ដល់​ដំណាក់​កាលនេះ វ៉ាក់សាំង​ប្រមាណ​ ១៥ លាន​ដូស​ ត្រូវ​បាន​ផលិត​ចេញ​​រួច​ទៅហើយ​។

ទោះ​យ៉ាង​ណាក្ដី វ៉ាក់សាំង​ទាំង​នេះ​មិន​ទាន់​ត្រូវ​បាន​ចែកចាយ​ចេញ​ពី​រោងចក្រ​នៅ​ឡើយ ហើយ​​វ៉ាក់សាំង​មួយ​ចំនួន​ក៏​ត្រូវ​បាន​គេ​ទុក​នៅ​ដោយ​ឡែក​ផង​ដែរ។ ចំណែក​ឯ វ៉ាក់សាំង AstraZeneca វិញ បើ​ទោះ​បីជា​មិន​ទាន់​ឱ្យ​មាន​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​យ៉ាង​ក្ដី អ្នក​ជំនាញ​មិន​បាន​រក​ឃើញ​ថា វ៉ាក់សាំង​ទាំង​នេះ ខូច​គុណភាព​ទេ។

កំហុស​បច្ចេកទេស​នេះ បាន​ក្លាយ​ទៅ​រឿង​អាម៉ាស់​ដ៏​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន​វ៉ាក់សាំង J&J ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​ផលិត​វ៉ាក់សាំង​ «ចាក់​តែ​មួយ​ដង» និង​ត្រូវ​បាន​គេ​ជឿជាក់​ថា​ មាន​សមត្ថភាព​ការងារ​ប្រព័ន្ធភាព​ស៊ាំ​រាងកាយ​ដោយ​មាន​ប្រសិទ្ធភាព​ទៀត​ផង។ បន្ថែម​ពី​នេះ ក្រុមហ៊ុន​ក៏​ត្រូវ​ទទួល​រង​ការ​ រិះគន់​យ៉ាង​ខ្លាំង​ ជា​ពិសេស​ពី​សំណាក់​ភ្នាក់ងារ​កាន់​ស្តុក​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​អាមេរិក​។

យ៉ាងណាមិញ កំហុស​បច្ចេកទេស​មួយ​នេះ មិន​បាន​បណ្ដាល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ចែកចាយ​ និង​កំពុង​ប្រើប្រាស់​ទូទាំង​ប្រទេស​នេះ ក៏​ដូច​ជា ​ចែកចាយ​វ៉ាក់សាំង​ទៅ​ទូទាំង​រដ្ឋ​ ដែល​គ្រោង​នឹង​ដឹក​ជញ្ជូន​ នៅ​សប្តាហ៍​ក្រោយ​នោះ​ទេ​។ នេះ គឺ​ដោយសារ​ចំនួន​វ៉ាក់សាំង​ទាំង​នោះ​ ត្រូវ​បាន​ផលិត​នៅ​ក្នុង​ប្រទេស​ហូឡង់​ ខណៈ​ដែល​ប្រតិបត្ដិការ​នៃ​ការ​ផលិត​ត្រូវ​បាន​អនុម័ត​យ៉ាង​ពេញ​លេញ​ដោយ​និយតករ​សហព័ន្ធ​ក្នុង​ប្រទេស​នេះ។

សម្រាប់​ការ​ចែកចាយ​វ៉ាក់សាំង J&J នេះ​ទៀត​សោត ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​ត្រូវ​ចែកចាយ​ប្រមាណ ២៤ លាន​ដូស នៅ​ក្នុង​ខែ​បន្ទាប់ ដែល​ជា​ផលិតផល​ត្រូវ​ផលិត​ចេញ​មក​ពី​រោងចក្រ​យក្ស​នៅ Baltimore នេះ​ឯង​។ បច្ចុប្បន្ន​គេ​នៅ​មិន​ទាន់​ប្រាកដ​ថា​ នឹង​ត្រូវ​ដឹក​ចេញ​ ឬ​យ៉ាង​ណា​នោះ​ទេ ដោយសារ​នៅ​ត្រូវ​ការ​ត្រួត​ពិនិត្យ​គុណភាព​​ជា​មុន​សិន​មុន​នឹង​ចែកចាយ។

បញ្ហា​នេះ បាន​បង្ក​ឱ្យ​មាន​ការ​បង្អាក់​ដល់​ចង្វាក់​ផ្គត់ផ្គង់​រវាង​ក្រុមហ៊ុន​ និង​រដ្ឋាភិបាល​អាមេរិក ដែល​បាន​សន្យា​ថា​ នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង​ប្រមាណ ២០ លាន​ដូស ដល់​ប្រទេស​នេះ រហូត​ដល់​ចុង​ខែ​មីនា និង​ប្រមាណ ៧៥ លាន​ដូស ​នៅ​ខែ​ឧសភា​ខាង​មុខ។ ​

អ្នក​នាំពាក្យ​របស់​រដ្ឋបាល​ចំណី​អាហារ និងឱសថ​អាមេរិក (FDA) បាន​និយាយ​ថា៖ «ខាង​រដ្ឋបាល​កំពុង​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​នេះ​ដែរ ប៉ុន្តែ​យើង​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ឱ្យ​លើស​ពី​នេះ​បាន​ទេ។ ទាក់​ទិន​នឹង​សំណួរ​ពី​ចង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​គួរ​តែ​សួរ​ផ្ទាល់​ទៅកាន់​ក្រុមហ៊ុន​»។

យ៉ាងណា​មិញ សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​វ៉ាក់សាំង J&J បាន​ឱ្យ​ដឹង​ថា៖ «យើង​នឹង​ដាក់​​អ្នក​ជំនាញ​​បន្ថែម​ទៀត​នៅ​ក្នុង​​ប្រតិបត្ដិការ​បច្ចេកទេស​នៃ​ការ​ផលិត​ និង​ដំណើរការ​ពិនិត្យ​គុណភាព​ ដើម្បី​ជួយ​ត្រួត​ពិនិត្យ​ដឹកនាំ និង​គាំទ្រ​ដល់​ការ​ផលិត​ទាំង​អស់​របស់​វ៉ាក់សាំង​នៅ​ក្នុង​រោងចក្រ​របស់​យើង»៕