ភ្នំពេញ៖ កើតក្នុងគ្រួសារសកម្មជន អាដាណា សុវណ្ណរស្មី ម៉ម ឡឺហ្គ្រោស ជាវិចិត្រករស្រីកូនកាត់ខ្មែរ-បារាំង បានបន្តតួនាទីនេះក្នុងការចែករំលែកសារទៅកាន់ពិភពលោក ដោយភ្ជាប់ការពិព័រណ៍សិល្បៈគំនូរអរូបីជាមួយនឹងសកម្មភាពតស៊ូមតិរបស់នាង។
កញ្ញាបានបន្តនូវចលនា «Generation C Cambodia» របស់ខ្លួន ដោយដាក់តាំងបង្ហាញស្នាដៃគំនូរបង្កប់អត្ថន័យ ដែលត្រូវបានសម្ពោធកាលពីថ្ងៃសុក្រ ចុងសប្ដាហ៍កន្លងទៅនេះ នៅ Plantation The Lounge។
ជាចលនាដែលលើកទឹកចិត្តឱ្យមនុស្សគិតអ្វីថ្មី ដោយសង្កត់ធ្ងន់ទៅលើការសហការ ចិត្តមេត្តា ករុណា និងការទទួលខុសត្រូវក្នុងសង្គម ចលនា Generation C Cambodia។
សិល្បការិនី និងសកម្មជន អាដាណា ដែលជាប្រធាន និងជាសហស្ថាបនិកនៃចលនា Generation C Cambodia ផងដែរបានឱ្យដឹងថា៖ «Generation C Cambodia គឺខ្ញុំប្រើសិល្បៈគំនូរក្នុងការបញ្ជូនសារនៃជំងឺផ្លូវចិត្តក្នុងសង្គម។ រាល់កម្មវិធីដែលខ្ញុំបានរៀបចំគោលដៅគឺទាក់ទងទៅនឹងចិត្តសាស្ត្រ សង្គម បរិស្ថាន និងសិល្បៈ»។
កញ្ញាបន្តទៀតថា៖ «លើកនេះខ្ញុំបានផ្ដល់សំឡេងជូនទៅអ្នកនិពន្ធខ្មែរម្នាក់លោក Kyle Kao ដែលបានសរសេរសៀវភៅកំណត់ហេតុមួយក្បាល ហៅថា Black ដែលការតាំងពិព័រណ៍របស់ខ្ញុំ ជាការផ្ដល់ឱកាសឱ្យលោកបានបង្ហាញ និងចែកចាយការព្រួយបារម្ភទៅកាន់កម្ពុជាដូចគ្នា»។
កម្រងស្នាដៃសិល្បៈឈ្មោះថា «Origins and Becoming» (ដើមកំណើត និងការប្រែក្លាយ» នឹងបង្ហាញតាមសិល្បៈគំនូរ ៤ ផ្ទាំងរបស់កញ្ញា អាដាណា ក្នុងនោះមាន Parenthood (ភាពជាមាតាបិតា) Femininity & Masculinity (ភាពជាស្ត្រី និងបុរស) Honesty & Vulnerability (ភាពស្មោះត្រង់ និងភាពងាយរងគ្រោះ) និង Empathy & Compassion (ការយល់ចិត្ត និងការអាណិតអាសូរ)។
កម្មវិធីពិព័រណ៍នេះ កញ្ញាផ្ដោតទៅលើភាពជាឪពុក-ម្ដាយ រួមទាំងទំនាក់ទំនងជាមួយបញ្ហាផ្លូវចិត្តផងដែរ។
រំលេចប្រធានបទនេះឡើង កញ្ញាបានបកស្រាយថា ការរៀននៅតាមសាលាគ្រាន់តែជាការផ្ដល់ចំណេះឱ្យកុមារសម្រាប់ការងារនៅថ្ងៃខាងមុខ តែវាមិនគ្រប់លក្ខណៈក្នុងនាមជាមនុស្សម្នាក់ ឬពលរដ្ឋម្នាក់នោះទេ។
ភាពជាឪពុកម្ដាយ គឺលើសពីនោះ។ ភាពជាឪពុកម្ដាយ គឺជាការផ្ទេរចំណេះជំនាញពេញលេញមួយជីវិត និងបទពិសោធជាច្រើន ទាំងដោយចេតនា និងអចេតនាដល់កូន។
ផ្សារភ្ជាប់ភាពជាឪពុកម្ដាយ និងរឿងរ៉ាវប្រវត្តិសាស្ត្រ កញ្ញាក៏បានរំលេចនូវចំណុចដែលប្រទេសកម្ពុជា ធ្លាប់ជួបរឿងរ៉ាវភ័យរន្ធត់កាលពីសម័យរបបប្រល័យពូជសាសន៍។
របបខ្មៅងងឹតបាននាំឱ្យមានដំបៅដួងចិត្ត ការធ្វើទណ្ឌកម្មទាំងកាយ និងប៉ះពាល់បញ្ហាផ្លូវចិត្ត ការភៀសខ្លួន ការមិនទទួលបានចំណេះដឹងគ្រាប់គ្រាន់ និងជាពិសេសខ្វះការថែទាំពីឪពុកម្ដាយចាស់ៗដែល ឆ្លងកាត់រឿងទាំងអស់នេះបានផ្ទេរមកកូនចៅតៗគ្នាដោយមិនដឹងខ្លួន។
វិបត្តិផ្លូវចិត្តតជំនាន់នេះត្រូវបានអ្នកនិពន្ធ លោក កៅ សុខម៉ៅ (Kyle Kao) បានសរសេរពីកុមារភាពរបស់លោក ដែលធំធាត់ ពីរបួសក្នុងសម័យក្រោយសង្គ្រាមស៊ីវិលកម្ពុជា និងបទពិសោធការជួបប្រទះបញ្ហាផ្សេងៗ ដូចជា សុខភាពផ្លូវចិត្ត ការងារនៅវ័យកុមារ និងសម្ពាធគ្រួសារ។
សិល្បការិនីរូបបានរំឭកដែរ៖ «តាមរយៈសារចែករំលែកទាំងអស់នេះ ខ្ញុំសង្ឃឹមថា ខ្មែរយើងនឹងបើកចិត្តទទួលស្ដាប់អ្នកដែលរងសម្ពាធ និងកំពុងមានវិបត្តិផ្លូវចិត្ត ដោយមិនចាត់ទុកថា ពួកគាត់ឆ្កួត ហើយព្យាយាមជួយគ្នាទាញពីភាពខ្សោយមកជាភាពខ្លាំងវិញ ដើម្បីឱ្យពួកគាត់ហ៊ានបើកចំហពីជំងឺផ្លួវចិត្តរបស់គាត់ដូចគ្នា»។
កញ្ញាបន្តថា៖ «ខ្ញុំសង្ឃឹមថា មនុស្សនឹងឃើញពីរឿងរ៉ាវរបស់ Kyle ហើយមកមើល និងអានពីសិល្បៈគំនូរ និងសញ្ជឹងគិតពីជីវិតរបស់ខ្លួនដោយការតាំងសមាធិ ពីព្រោះមានតែអ្នកដែលមានចិត្តស្រឡះទេទើបអាចជះឥទ្ធិពលដល់ពិភពលោកដោយការយល់ច្បាស់ពីសំណួរសាមញ្ញនេះ គឺថា យើងមកពីណា? ហើយយើងនឹងទៅណា? ដូច្នេះការស្គាល់ពីប្រភពកំណើត និងដឹងច្បាស់ថា ខ្លួនធ្វើអ្វីបន្តទៀត មានសារៈសំខាន់ណាស់»។
កន្លងមកសារនៃការតស៊ូប្រយុទ្ធប្រឆាំងរបស់កញ្ញាមានការគាំទ្រយ៉ាងខ្លាំង និងមានតែអ្នកដែលលើកទឹកចិត្តដល់កញ្ញា ជាហេតុធ្វើឱ្យកញ្ញាមានកម្លាំងចិត្ត និងបន្តធ្វើវាហើយក៏សង្ឃឹមថា ចលនា Generation C Cambodia របស់កញ្ញាបានចែករំលែកទៅដល់អន្តរជាតិផងដែរ។
ក្នុងដំណើរបន្តចលនានេះផងដែរ នៅថ្ងៃ ៨ មីនា ខាងមុខ ដែលត្រូវនឹងសិទ្ធិនារី កញ្ញានឹងមានការរៀបចំព្រឹត្តិការណ៍ធំមួយស្ដីពី ស្ត្រីជាមួយនឹងស្ត្រី ដែលផ្ដោតទៅលើគំនិតថ្មីនៃស្ត្រីសម័យថ្មីដែលនាងជឿថា ការផ្លាស់ប្ដូរសង្គមគឺទាល់តែមានការផ្លាស់ប្តូរគំនិត។
កញ្ញា អាដាណា បានចែករំលែកសារខ្លីមួយថា៖ «ខ្ញុំចង់ជាអ្នកដែលចូលរួមចំណែកក្នុងការលើកស្ទួយការរស់នៅជាមួយគ្នា ដែលយើងត្រូវតែគិតជាថ្មី និងមកជាមួយដំណោះស្រាយថ្មីទៅនឹងស្ថានភាពបច្ចុប្បន្ន»។
ពិព័រណ៍សិល្បៈគំនូរ Origins and Becoming របស់ អាដាណា នៅ Plantation The Lounge នឹងបន្តរហូតដល់ថ្ងៃទី ៦ ខែមេសា៕