ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​មាន​កំណើន​ជាង ២២ ភាគរយ​ក្នុង​រយៈពេល​ ៥ ខែ​ដើម​ឆ្នាំ​២០២៤​នេះ​ ដែល​ជាសញ្ញា​វិជ្ជមាន​នៅ​ក្រោយ​វិបត្តិកូវីដ និង​ក្នុង​ពេល​មាន​វិបត្តិ​ពិភពលោក​មួយ​ចំនួន​ដូចជា​សង្គ្រាម​នៅ​អឺរ៉ុប និង​នៅ​មជ្ឈិមបូព៌ា។

យោងតាម​តួលេខ​​របស់​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា​ ក្នុង​រយៈពេល ៥ ខែ​ឆ្នាំ​២០២៤​នេះ ទេសចរ​អន្តរជាតិ​ដែល​ចូល​មក​កម្ពុជា​មាន​ចំនួន​ជាង ២,៦៤ លាន​នាក់ គឺ​មាន​អត្រា​កំណើន ​២២,១ ភាគរយ​បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ ៥ ខែ​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣ ដែល​មាន​ចំនួន ២,១ លាន​នាក់។

ទោះបីជា​ចំនួន​នេះ​បង្ហាញ​ពី​កំណើន​ជា​បន្ត​បន្ទាប់​ក្រោយ​វិបត្តិ​កូវីដ១៩​ ក៏ដោយ​ ក៏ការ​កើន​ឡើង​នេះ​ហាក់​មាន​ភាព​យឺត​ជាង​នៅ​ប្រទេស​ជិត​ខាង ដូចជា​ប្រទេស​ថៃ ដែល​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ជិត ១៥ លាន​នាក់ ក្នុង​អត្រា​កំណើន​ ៣៨ ភាគរយ​ក្នុង​រយៈពេល ៥ខែ​ដើម​ឆ្នាំ​២០២៤ ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​តាម​កាសែត​បាងកក​ប៉ុស្តិ៍។

ចំណែក​ប្រទេស​វៀតណាម​វិញ​ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ជិត ៧,៦ លាន​នាក់​ ក្នុង​​អត្រា​កំណើន​ ៦៤,៩ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​ក្នុង​រយៈ​ពេល​ ៥ខែ​ដូចគ្នា។ បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​ភ្ញៀវទេសចរ​មុន​កូវីដ អត្រា​កំណើន​នេះ​បង្ហាញ​ពី​ការ​កើន​លើស​រហូត​ដល់​ទៅ ៣,៩ ​ភាគរយ​នៃ​អត្រា​ភ្ញៀវ​ទេសចរ​ឆ្នាំ ២០១៩។ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​ទេសចរណ៍​វៀតណាម។

ទីភ្នាក់ងារ​ទេសចរណ៍​អង្គការ​សហប្រជាតិ​ (UN Tourism) បាន​ផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ចំនួន​ទេសចរ​អន្តរជាតិ​ ដោយ​លើក​ឡើង​ថា ភ្ញៀវ​ទេសចរ​នៅ​លើ​ពិភពលោក​​ក្នុង​ត្រីមាស​ទី១ ឆ្នាំ​២០២៤​នេះ មាន​កំណើន​ ៩៧ ភាគរយ​នៃ​អត្រា​ដែល​ធ្លាប់​មាន​មុន​កូវីដ១៩។

ទីភ្នាក់ងារ​ទេសចរណ៍​អង្គការ​សហប្រជាតិ​បញ្ជាក់​ថា៖ «ការ​មក​ដល់​នៃ​អ្នក​ភ្ញៀវទេសចរ​នៅ​តំបន់​អាស៊ី និង ប៉ាស៊ីហ្វិក បាន​ងើប​ឡើង​វិញ​ក្នុង​អត្រា ​៨២ ភាគរយ នៅ​ក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០២៤ ធៀប​ទៅ​នឹង​កម្រិត​មុន​ជំងឺ​រាតត្បាត (កូវីដ) ខណៈ​ដែល​ការ​ងើប​ឡើង​វិញ​នៃ​ចំនួន​ទេសចរ​មាន​កម្រិត ៦៥ ភាគរយ​កាល​ពីឆ្នាំ ២០២៣»។

សម្រាប់​កម្ពុជា អ្នក​វិភាគ​យល់​ថា មាន​កត្តា​រួម​ផ្សំជា​ច្រើន​ដែល​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ ដែល​ក្នុង​នោះ តិច​ឬ​ច្រើន ​គឺ​ព័ត៌មាន​នានា​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ការ​ឆបោក​តាម​អនឡាញ ​ការចាប់​ជំរិត និង​អំពើ​ជួញដូរ​មនុស្ស។

ការឆបោក​តាម​អនឡាញ

កាលពី​ពេល​ថ្មីៗ​នេះ វិទ្យាស្ថាន​សន្តិភាព​របស់​សហរដ្ឋ​អាមេរិក បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​អំពី​ការ​ឆបោក​តាម​អនឡាញ និង​ការ​ជួញដូរ​មនុស្ស​នៅ​អាស៊ី​អាគ្នេយ៍ រួម​មាន​ទាំង​នៅ​កម្ពុជា​ផង​ ដោយ​លើក​ឡើង​ថា ការ​ឆបោក​របៀប​នេះ​កំពុង​រីក​រាល​ដាល់​ក្នុង​រូបភាព​សន្យា​ផ្ដល់​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់ ប៉ុន្តែ​ផ្ទុយ​ទៅវិញ អ្នក​ដែល​ចាញ់​បោក​ត្រូវ​គេ​ចាប់​បង្ខាំង​ឲ្យ​ធ្វើការ​ និង​ត្រូវ​ជំរិត​ទាប្រាក់ ដែល​អ្នកខ្លះ​ត្រូវ​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត​ទៀតផង។

របាយការណ៍​របស់​​វិទ្យាស្ថាន​ដដែល​អះអាង​ថា ក្រុម​ឧក្រិដ្ឋជន​រក​ប្រាក់​បាន​រហូត​ដល់​ទៅ ១២,៥ ពាន​លាន់​ដុល្លារ​ពី​កម្ពុជា។ សកម្មភាព​របស់​ពួក​គេ​បង្ក​ផល​ប៉ះពាល់​ដល់​សង្គម​កម្ពុជា​ បន្ថែម​ទៅលើ​​ផល​ប៉ះពាល់​ផ្ទាល់​ទៅ​លើ​ជន​រងគ្រោះ​មក​ពី​ជុំវិញ​ពិភពលោក។

ទោះ​​បីជា​រហូត​មកទល់​ពេល​នេះ គ្មាន​ព័ត៌មាន​ណា​មួយ​បង្ហាញ​ពី​សកម្មភាព​អាក្រក់​ណាមួយ​ដែល​ប៉ះពាល់​ផ្ទាល់​ទៅ​លើ​ភ្ញៀវទេសចរ​បរទេស​ក៏ដោយ ជនបរទេស​មួយ​ចំនួន​ដែល​មិន​ធ្លាប់​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​សុវត្ថិភាព​របស់​ពួកគេ​ទៅ​លើ​ការ​ឆបោក​តាម​អនឡាញ និង​ការ​ចាប់​ជំរិត ឬ​ជួញដូរ​មនុស្ស។

«ព័ត៌មាន​អាក្រក់​អំពី​កម្ពុជា ខ្ញុំ​ក៏បាន​ទទួល​ដែរ​ពី​ជន​បរទេស​ដែល​ភាគ​ច្រើនគេ​ខ្លាច​បារម្ភ​អំពី​ការ​ឆបោក​តាម​អនឡាញ​ខ្លាំង​មែន​ទែន»។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ដែល​លោក​បាន​លើក​​ជា​ឧទាហរណ៍​មួយ​នៃ​ការ​បារម្ភ​របស់​ជន​បរទេស​ជាច្រើន។

ស្ថានទូត​ប្រទេស​មួយ​ចំនួន ដូចជា​ស្ថានទូត​ឥណ្ឌា​បាន​ក្រើន​រំឭក​ដល់​ពលរដ្ឋ​របស់​ពួកគេ​ឲ្យ​មាន​ការ​ប្រយុង​ប្រយ័ត្ន​អំពី​ការ​ឆបោក​តាម​អនឡាញ​ដោយសារ​តែ​ពលរដ្ឋ​របស់​ពួកគេ​ធ្លាប់​ត្រូវ​ឆ្លងកាត់។ នៅ​ពេល​គេ​បើក​គេហទំព័រ​របស់​ស្ថានទូត​ភ្លាម គេ​នឹង​ឃើញ​សារ​ក្រើន​រំឭក​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​អំពី​ការ​ឆបោក​តាម​អនឡាញ​តាម​រយៈ​ការ​សន្យា​ផ្ដល់​ការងារ​ក្លែង​ក្លាយ។

ស្រដៀងគ្នា​នេះ ស្ថានទូត​ចិន​ក៏​ធ្លាប់​បាន​ក្រើន​រំឭក​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​អំពី​ការ​ជាប់អន្ទាក់​រឿង​ល្បែង​ស៊ីសង​ ជាពិសេស​សេស​នៅ​ខេត្ត​ព្រះសីហនុ ក្រុង​ប៉ោយ​ប៉ែត និង​ ក្រុង​បាវិត។

នៅ​ឆ្នាំ ២០១៩ ស្ថានទូត​ចិន​បាន​រំឭក​ប្រាប់​ពលរដ្ឋ​របស់​ខ្លួន​ថា ពលរដ្ឋ​ចិន​ជាច្រើន​ត្រូវ​បាន​ក្រុមហ៊ុន​ល្បែង​ស៊ីសង​​បោក​បញ្ឆោត​ឲ្យ​ធ្លាក់​ក្នុង​អន្ទាក់​ល្បែង​ស៊ីសង ដោយ​សន្យា​ផ្ដល់​ប្រាក់​ខែ​ខ្ពស់​ សំបុត្រ​យន្តហោះ​ទៅមក ទិដ្ឋាការ​ ម្ហូបអារហារ កន្លែង​ស្នាក់​នៅ។ ប៉ុន្តែ ការងារ​ល្អបែប​នេះ​ស្ទើរ​តែ​គ្មាន​ទាល់​តែ​សោះ។

កម្ពុជា​មាន​សុខ​សុវត្ថិភាព

លោក ទូច សុខៈ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ថា កម្ពុជា​មាន​សុត្ថិភាព​ល្អ​ប្រសើរ​សម្រាប់​ភ្ញៀវ​ទេសចរ​ទាំង​អស់ ហើយ​រហូត​មក​ទល់​ពេល​នេះ​ពុំ​ធ្លាប់​មាន​ភ្ញៀវ​ទេសចរ​ណា​ម្នាក់​ទទួល​រង​គ្រោះ​ពី​ការ​ឆបោក​តាម​អនឡាញ​ ឬ​បទ​ល្មើស​ព្រហ្មទណ្ឌ ឬ​ការ​ចាប់​ជំរិត​ណា​មួយ​ដូច​ការ​ភ័យ​ខ្លាច​នោះ​ទេ។

លោក ទូច សុខៈ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ។ រូបថត សហការី

លោក​ថ្លែង​ថា៖ «ដូច្នេះ សូម​ឲ្យ​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​ជឿង​ជាក់​លើ​កម្ពុជា កុំសូវ​ជឿ​ជាក់​ទៅ​លើ​ការ​ផ្សព្វផ្សាយ​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា។ សូម​ឆែក​មើល​ប្រព័ន្ធ​ព័ត៌មាន​ផ្សេងៗ​ដើម្បី​ផ្ទៀង​ផ្ទាត់​ជាមុន​សិន ហើយ​អាច​មក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ផ្ទាល់​ទើប​ដឹង​ថា កម្ពុជា​មាន​សន្តិសុខ​ល្អ​ប្រសើរ ​មាន​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ ​ទេសចរណ៍​ធម្មជាតិ ​និង​ទេសចរណ៍​ផ្សេង​ទៀត»។

លោក​ ទូច សុខៈ អះអាង​ថា បទ​ល្មើស​ឆបោក​តាម​អនឡាញ បាន​ថយចុះ​គួរ​ឲ្យ​កត់​សម្គាល់​ ទោះបី​ជា​នៅ​មាន​ករណី​បែប​នេះ​កើត​ឡើង​ខ្លះ​ក៏ដោយ។ លោក​ថា​ រដ្ឋាភិបាល​បាន​បង្ក្រាប​បទ​ល្មើស​នេះ​តាំង​ពី​រដ្ឋាភិបាល​អាណត្តិ​មុន​រហូត​មកដល់​សព្វថ្ងៃ​នេះ។

លោក​បន្ត​ថា៖ «ចរិត​នៃ​ការ​ឆបោក​តាម​អនឡាញ​នេះ ភាគច្រើន​ឆបោក​ចំពោះ​តែ​ជន​បរទេស​ដែល​ឧក្រិដ្ឋជន​មាន​ព័ត៌មាន​នៅ​ក្នុង​ដៃ ឬ​ជន​បរទេស​គាត់​មិន​បាន​ស្វែង​យល់​ពី​អ្វីៗ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​ពួក​គេ​លង់​ខ្លួន​ហើយ​ចាញ់​បោក​ក្រុម​ឆបោក​តាម​អនឡាញ។​ ដូច្នេះ សូម​ភ្ញៀវ​ទេសចរ​កុំ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា»។

លោក​ថា រាជរដ្ឋាភិបាល ជា​ពិសេស​ក្រសួង​មហា​ផ្ទៃ​បាន​ពង្រឹង​ការ​បង្ក្រាប​ទៅ​លើ​បទ​ល្មើស​ទាំង​អស់ ធ្វើ​ឲ្យ​ជន​ល្មើស​ខ្លាច​រអា​ មិន​ហ៊ាន​ប្រព្រឹត្ត​បទ​ល្មើស​ជាដើម។ សម្រាប់​បទ​ល្មើស​ក្នុង​ចំណោម​ពលរដ្ឋ​ក្នុង​ស្រុក វា​មិន​ខុស​ពី​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ទេ​ដែល​តែងតែ​មាន​តិច​តួច ហើយ​មិន​មាន​អ្វីពាក់​ព័ន្ធ​នឹង​ភ្ញៀវ​ទេសចរ​នោះ​ទេ។

លើស​ពីនេះ​ទៀត កម្ពុជា​តែងតែ​យក​ចិត្ត​ទុកដាក់​ខ្ពស់​លើ​សុវត្ថិភាព​របស់​ភ្ញៀវ​ទេសចរ ដូចជា​មាន​ការ​បង្កើត​ប៉ូលិស​ទេសចរណ៍​ជា​ដើម។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ ទូច សុខៈ។

អ្នក​វិភាគ​យល់​ស្រប​ជាមួយ​ការ​លើក​ឡើង​អំពី​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ។

កត្តា​​ប៉ះពាល់​មក​លើ​វិស័យ​ទេសចរណ៍

លោក ហុង វណ្ណៈ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅរាជ​បណ្ឌិត្យ​សភា​កម្ពុជា ថ្លែង​ថា​ការ​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​មិន​ល្អ​មាន​ឥទ្ធិពល​ទៅ​លើ​អ្នកស្ដាប់ រួម​ទាំង​អ្នកស្ដាប់​ជា​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​ផងដែរ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ពិចារណា​ទៅ​លើ​គោលដៅ​ទេសចរណ៍។

លោក ហុង វណ្ណៈ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅរាជ​បណ្ឌិត្យ​សភា​កម្ពុជា។ រូបថត សហការី

លោក​និយាយ​ថា​ ញ្ហា​ចាប់​ជំរិត ឬ​ឆបោក​តាម​អនឡាញ​ពិត​ជា​កើតមាន​ខ្លះ​នៅ​កម្ពុជា​ ប៉ុន្តែ​ វា​មិនខុស​ពី​នៅ​ប្រទេស​ផ្សេង​ទៀត​លើ​ពិភពលោក​នោះ​ទេ ហើយ​ស្ថានភាព​ឆបោក​តាម​អនឡាញ​នៅ​ប្រទេស​ខ្លះ​មាន​សភា​ខ្លាំង​ជាង​កម្ពុជា​ទៀត​ផង។

លោក​ថា លោក​សង្កេត​ឃើញ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រឹង​ប្រែង​ទប់ស្កាត់​ និង​បង្ក្រាប​ករណី​បែប​នេះ ពីព្រោះ​វា​ក៏ប៉ះ​ពាល់​ដល់​អារម្មណ៍​អ្នក​វិនិយោគ​ផងដែរ។

លោក​និយាយ​ថា៖ «បញ្ហា​តិចតូច​ប៉ុណ្ណឹង​មិន​មែន​ជា​កត្តា​សម្រេច​ចិត្ត​លើ​គោលដៅ​ទេសចរណ៍​របស់​ពួក​គាត់​ទេ។ ភ្ញៀវ​ទេសចរ​បាន​សម្រេច​យក​កម្ពុជា​ជា​គោលដៅ​នៃ​ដំណើរ​កម្សាន្ត​របស់​គាត់ ដោយសារ​គាត់​បាន​ទទួល​ព័ត៌មាន​ពិត​ពី​ដៃគូ​របស់​គាត់​នៅ​កម្ពុជា។ ដូច្នេះ​បើ​គាត់​មក គឺ​គាត់​បាន​ទទួល​ព័ត៌មាន​ជាក់​លាក់​អំពី​ស្ថានភាព​ជាក់ស្ដែង​ក្នុង​ប្រទេស​របស់​យើង»។

បើតាម​ការ​យល់​ឃើញ​របស់​លោក ហុង​ វណ្ណៈ ការ​ធ្វើ​ដំណើរ​កម្សាន្ត​ ឬការ​សម្រេច​លើ​គោលដៅ​ទេសចរណ៍ របស់​ភ្ញៀវ​ទេសចរ​បរទេស​គឺ​អាស្រ័យ​ទៅ​លើ​កត្តា​សេដ្ឋកិច្ច​របស់​ពួក​គេ ខណៈ​ដែល​ព័ត៌មាន​ដែល​ពួក​គេ​ទទួល​បាន​​គ្រាន់តែ​ជា​កត្តា​សម្រាប់​ពិចារណា និង​ប្រុង​ប្រយ័ត្ន​ប៉ុណ្ណោះ។

លោក​យល់​ថា ចំនួន​ភ្ញៀវ​ទេសចរ​នៅ​ទាប​សម្រាប់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន គឺ​ដោយសារ​តែ​ផល​ប៉ះពាល់​បន្សល់​ទុក​ពី​ជំងឺ​កូវីដ១៩ និង​បញ្ហា​សង្គ្រាម​នៅ​អឺរ៉ុប និង​មជ្ឈិមបូព៌ា។

លោក​និយាយ​ថា៖ «ដូច្នេះ រឿង​ពត៌មាន​មិន​ល្អ មិន​មែន​ជា​បញ្ហា​ចម្បង​ទេ​នា​ពេល​បច្ចុប្បន្ន រឿង​ដែល​សំខាន់​គឺ​បញ្ហា​លុយ បញ្ហា​សេដ្ឋកិច្ច ប្រាក់​ចំណូល​ដោយ​សារ​អតិផរណា។ ជាទូទៅ​ទេសចរ​គាត់​មក​តាម​ភ្នាក់ងារ ឬ​មក​ជា​កញ្ចប់​ មិន​មែន​មក​ដោយ​អង្គឯង​នោះ​ដែរ។ ទោះបី​គាត់​មក​តែ​ម្នាក់​ឯង​ក៏​មាន​ការ​ការពារ​ល្អ ប្រទេស​មាន​សុវត្ថិភាព សន្តិសភាព​ល្អ។

លោក​បន្ត​ថា៖ «រឿង​ចាប់​ជំរិត បោក​បញ្ឆោត ល្បែង​ស៊ីសង​តាម​អនឡាញ កើត​មាន​មែន​តែ​ត្រូវ​បាន​បង្ក្រាប។ រឿង​សំខាន់​គឺ​កត្តា​សេដ្ឋកិច្ច។ បន្តិច​ទៀត​នៅ​ពេល​ដែល​គាត់​អាច​គ្រប់គ្រង​ប្រាក់​ចំណូល​របស់​គាត់ ហើយ​​បញ្ហា​សកលលោក​មាន​ភាព​ធូស្រាល ភ្ញៀវ​ទេសចរ​នៅ​លើ​ពិភពលោក រួម​ទាំង​នៅ​កម្ពុជា​ផង នឹង​កើនឡើង»។

កម្ពុជា​គួរ​ធ្វើ​អ្វី​ដើម្បី​ស្ដារ​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​នៅ​ចំពោះ​មុខ​ព័ត៌មាន​រឿង​ឆបោក?

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា យល់​ថា​ដើម្បី​ស្ដារ​មុខ​មាត់​កម្ពុជា​ និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ ក្រសួង​ព័ត៌មាន​ត្រូវ​ធ្វើការងារ​ឲ្យ​បាន​ស៊ី​ជម្រៅ និង​មាន​ប្រសិទ្ធភាព​ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ទទួល​បាន​ព័ត៌មាន​ពិត​អំពី​កម្ពុជា។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា។ រូបថត សហការី

ដោយឡែក ក្រសួង​ទេសចរណ៍​​មាន​ភារកិច្ច​ផ្សព្វផ្សាយ​អំពី​មុខមាត់​របស់​កម្ពុជា តាម​រយៈ​ការ​បង្ហាញ​រមណីយដ្ឋាន​នានា និង​ភាព​សុសាន្ត​របស់​កម្ពុជា។

លោក​បន្ត​ថា ក្រៅ​តែ​ពី​ប្រម៉ូត​ខ្លួន​ឯង រដ្ឋាភិបាល​ក៏​ត្រូវ​តែ​ចាត់​វិធានការ​ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ល្បែង​អនឡាញ និង​បទ​ល្មើស​បច្ចេក​វិទ្យា​ផងដែរ។ កិច្ចការ​នេះ​គឺជា​ភារកិច្ច​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគម៍ ​និង​ក្រសួង​មហា​ផ្ទៃ​ដែល​សុទ្ធ​តែ​មាន​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា។

លោក​ថ្លែង​ថា៖ «ក្រសួង​ទាំង​ពីរ​នេះ​ត្រូវ​តែ​ចាប់​ដៃគ្នា ដើម្បី​យក​ជ័យ​ជម្នះ​ឲ្យ​បាន​ទៅ​លើ​បញ្ហា​ទាំង​អស់​ហ្នឹង»។

លោក គិន ភា ថ្លែង​ថា ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ក៏​រួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​ឆបោក​ផងដែរ តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ជន​បរទេស​ដែល​បំពេញ​ការងារ​នៅ​កម្ពុជា ថាតើ​ពួក​គេ​កំពុង​ធ្វើការ​ដោយ​ស្របច្បាប់ ឬ​ខុស​ច្បាប់ ឬ​ស្ថិត​ក្នុង​ការ​បង្ខិត​បង្ខំ​ណា​មួយ។ កិច្ចការ​នេះ លោក​ស្នើ​ឲ្យ​ក្រសួងការងារ​ធ្វើការ​ជាមួយ​ក្រសួង​ការបរទេស និង​ក្រសួង​មហា​ផ្ទៃ។

សម្រាប់​កិច្ច​ការ​នៅ​ក្រៅប្រទេស លោក គិន ភា ចង់​ឃើញ​រដ្ឋាភិបាល​វិនិយោគ​បន្ថែម​ទៀត​ទៅ​លើ​ការ​លើក​មុខ​មាត់​កម្ពុជា ដូចជា​តាម​រយៈ​ការ​ផ្សព្វផ្សាយ​តាម​មធ្យោបាយ​នានា​ ដូចជា​​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ឥទ្ធិពល​ ឬ​អ្នក​មាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម។ លើស​ពី​នេះ​ទៀត ស្ថានទៅ​កម្ពុជា​ក៏​ត្រូវ​ពង្រីក​សកម្មភាព​ផ្សព្វផ្សាយ​អំពី​កម្ពុជា​ឲ្យ​បាន​ច្រើន។

លោក​លើក​ទឹក​ចិត្ត​ឲ្យប៉ូលិស​អន្តោរប្រវេសន៍​ដែល​នៅ​ជួរ​មុខ​​​ជួយ​ផ្សព្វ​ផ្សាយ និង​បង្ហាញ​កាយវិការ​ល្អ​ រួសរាយ​រាក់ទាក់ រីឯ​ប្រជាពលរដ្ឋ​ទូទៅ​ក៏​ត្រូវ​បង្ហាញពី​ស្នាម​ញញឹម និង​អំពី​ភាព​សុខសាន្ត​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក។

លោក ឈត ប៊ុនថង មន្ដ្រី​ស្រាវ​ជ្រាវ​ផ្នែក​ទំនាក់​ទំនង វប្បធម៌ អប់រំ និង​ទេសចរណ៍​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា យល់​ថា​ព័ត៌មាន​អំពី​រឿង​ចាប់​ជំរិត​ តិច​ឬ​ច្រើន ពិត​ជាមាន​ឥទ្ធិពល​លើ​វិស័យ​ទេសចរណ៍ ដូចជា​តាម​រយៈ​ភាពយន្ត​ចិន No More Bets ជាដើម បន្ថែម​ទៅ​លើ​ផល​ប៉ះពាល់​របស់​ភ្ញៀវ​ទេសចរ​ពី​បញ្ហា​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ឬ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

លោក ឈត ប៊ុនថង មន្ដ្រី​ស្រាវ​ជ្រាវ​ផ្នែក​ទំនាក់​ទំនង វប្បធម៌ អប់រំ និង​ទេសចរណ៍​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា។ រូបថត សហការី

ចំពោះ​ការ​ផ្សព្វផ្សាយ​លើក​កម្ពស់​​សក្ដានុពល​ទេសចរណ៍​របស់​កម្ពុជា​នៅ​ក្រៅ​លើ​ឆាក​អន្តរជាតិ លោក​សន្និដ្ឋាន​​ថា ប្រហែល​មិន​ទាន់​ដល់​កម្រិត​មួយ​ដែល​ធ្វើ​ឲ្យ​ទេសចរ​សម្រេច​ចិត្ត​មក​កម្ពុជា ឬ​ការ​ផ្សព្វផ្សាយ​នោះ​មិន​ទាន់​មាន​ភាព​ទាក់​ទាញ។

លោក​ថា៖ «ប្រសិន​បើ​ស្ថានទូត​យើង​នៅ​ក្រៅ​ប្រទេស​ ឬ​ក្រសួង​ទេសចរណ៍​បាន​ផ្សព្វផ្សាយ​ហើយ តែ​ទេសចរ​នៅ​តែ​មិន​ចាប់​អារម្មណ៍ យើង​មិន​ត្រូវ​បន្ថយ​ដៃ​ទេ ត្រូវ​តែ​បន្ត​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​ជាង​មុន និង​ទាក់​ទាញ​ជាង​មុន»។

លោក​បន្ត​ថា៖ «ខ្ញុំ​មិន​ចោទប្រកាន់​ថា ក្រសួង​ទេសចរណ៍​ឬ​ស្ថាប័ន​ពាក់​ព័ន្ធ​មិន​បាន​ផ្សព្វផ្សាយ​ទេ ប៉ុន្តែ​ដោយសារតែ​ចំនួន​ទេសចរ​នៅ​កម្ពុជា​ថយចុះ​ច្រើន មិន​ទាន់​ឡើង។ អីចឹង សូម​ស្ថានទូត​ខ្មែរ​បន្ត​ផ្សាយ​ទាក់​ទាញ​ឲ្យ​បាន​ខ្លាំង និង​ទូលំទូលាយ និង​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ ដូចដែល​យើង​ធ្លាប់​ធ្វើ​ពី​មុន»។

ក្រៅ​ពី​ការ​ផ្សព្វផ្សាយ​ទាក់​ទាញ​ហើយ​ លោក ប៊ុនថង លើក​ទឹក​ចិត្ត​ឱ្យ​គ្រប់ភាគី​ទាំង​រដ្ឋ​ ទាំង​​ឯកជន និង​សាធារណជន​ទាំង​អស់​ចូលរួម​បម្រើ​សេវា​ល្អ​ដល់​ភ្ញៀវ​ទេសចរ​ដើម្បី​ឲ្យ​ពួកគេ​ចង់​ស្នាក់​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​យូរ ហើយ​ចង់​ត្រឡប់​មក​ម្ដង​ទៀត​នា​ពេល​អានគត៕