កំពង់ឆ្នាំងៈ សាលាដំបូងខេត្តកំពង់ឆ្នាំងសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ នន់ សារ៉េត ពីបទឃាតកម្មគិតទុកជាមុន ដោយដាក់ពន្ធនាគារអស់មួយជីវិត ដែលបានសម្លាប់ប្រពន្ធកូនខ្លួនឯង និងកូនចុងសរុបទាំងអស់ចំនួន ៥ នាក់ក្នុងហេតុការណ៍ភ្លើងឆេះផ្ទះ ដែលបង្កឡើងដោយបុរសជាប្តី កាលពីយប់ថ្ងៃទី ៩ ឧសភា។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងលោក អ៊ិត សុធា ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចៅក្រុមជំនុំជម្រះសាលា ដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១៣ ឧសភា នេះបានសម្រេចផ្តន្ទាទោស ឈ្មោះ នន់ សារ៉េត អាយុ ៣៨ ឆ្នាំ និងត្រូវជាប្តីជនរងគ្រោះពីបទឃាតកម្មគិតទុកជាមុន និងបានបញ្ជូនជនជាប់ចោទទៅឃុំខ្លួននៅពន្ធនាគារ។
លោកបញ្ជាក់ថា៖ «ជនជាប់ចោទត្រូវបានបញ្ជូនទៅឃុំខ្លួនហើយ ព្រោះចៅក្រមគាត់សម្រេចចោទប្រកាន់ ២ បទល្មើស គឺ ឃាតកម្មគិតទុកជាមុនក្នុងមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ និងបទល្មើស លុបបំបាត់វត្ថុតាង»។
លោកបន្ថែមថា ការចោទប្រកាន់នេះផ្អែកលើភ័ស្តុតាងគ្រប់គ្រាន់ និងការទទួលសារភាពកំហុសពីសំណាក់ជនសង្ស័យផងដែរ។
មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌចែងថា៖ «ឃាតកម្មគិតទុកជាមុន គឺអំពើសម្លាប់មនុស្សដោយគិតទុកជាមុន ឬដោយការពួនស្ទាក់....ឃាតកម្មគិតទុកជាមុន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត»។
ក្នុងសំណុំរឿងឃាតកម្មនេះ បណ្តាលឱ្យប្រពន្ធ និងកូនតូចៗចំនួន ៤ នាក់ ដែលមានអាយុចន្លោះពី ៣ ឆ្នាំ ដល់ ៩ ឆ្នាំ ត្រូវបានបាត់បង់ជីវិតក្នុងហេតុការណ៍ភ្លើងឆេះផ្ទះដែលបង្កឡើងដោយបុរសជាស្វាមី។
លោក ឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៣ ឧសភានេះថា បុរសដែលជាជនល្មើសនោះមានកូនជាមួយស្ត្រីរងគ្រោះតែម្នាក់ទេគឺកូនប្រុសអាយុ ២ ឆ្នាំ សល់ប៉ុន្មានកូនប្តីមុន។
អង្គភាពការពារកុមារ (Child Protection Unit) ដែលធ្វើការលើរឿងនេះ បានធ្វើកំណត់ហេតុថា នៅវេលាម៉ោង ៨ យប់ ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២១ ជនល្មើសបានមានជម្លោះយ៉ាងខ្លាំងជាមួយប្រពន្ធរបស់ខ្លួននៅផ្ទះរបស់ពួកគេ ដែលស្ថិតនៅឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
កំណត់ហេតុបង្ហាញថា៖ «នៅពេលនោះក៏ជនល្មើសបានយកកន្ត្រៃទៅចាក់ប្រពន្ធរបស់ខ្លួនជាច្រើនលើកនៅលើផ្នែកទ្រូង បង្កឲ្យគាត់រងរបួសធ្ងន់ធ្ងរ បន្ទាប់មកជនល្មើសបានបន្តហិង្សាទៅលើកូនរបស់ខ្លួនដែលមានអាយុ ៣ ឆ្នាំ បង្កឲ្យបាត់បង់ជីវិត»។
កំណត់ហេតុបញ្ជាក់ថា៖ «ភ័ស្តុតាងបានបង្ហាញយើងថា ជនល្មើសបានបន្តប្រហារទៅលើកូនចុងរបស់ខ្លួន អាយុ ៩ ឆ្នាំ ដោយច្របាច់ក។ ចំណែកកូនភ្លោះ ២ នាក់ទៀតដែលមានអាយុ ៧ ឆ្នាំបានប្រទះឃើញអំពើទាំងនេះ ក៏រត់ចូលទៅក្នុងបន្ទប់គេង ហើយឱបគ្នាដោយមានការភ័យខ្លាច ហើយជនល្មើសបានខ្ទាស់សោ បន្ទប់គេងពីខាងក្រៅ»។
បន្ទាប់មកជនល្មើសបានដុតពូក និងខោអាវ ដើម្បីផ្តើមអគ្គិភ័យ ដោយជនល្មើសបានរង់ចាំនៅក្នុងផ្ទះរហូតដល់ពេលអគ្គិភ័យចាប់ផ្តើមរីករាលដាលទាំងដឹងថា កូនភ្លោះ ២ នាក់នៅមានជីវិតនៅឡើយ ហើយជាប់សោនៅក្នុងបន្ទប់គេង។ ពេលអគ្គិភ័យបានឆាបឆេះផ្ទះទាំងស្រុង ជនល្មើសបានចេញក្រៅផ្ទះ និងរង់ចាំរហូតដល់អ្នកជិតខាងប្រទះឃើញ។
ផ្អែកតាមកំណត់ហេតុដដែល ជនរងគ្រោះខ្លះបានស្លាប់ដោយរងរបួសមុនពេលអគ្គិភ័យ និងមួយចំនួនទៀតបានស្លាប់នៅក្នុងអគ្គិភ័យ ខណៈសាកសពកូនភ្លោះត្រូវបានរកឃើញក្នុងស្ថានភាពឱបគ្នា។
ចំណែក ជនល្មើសត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅយប់កើតហេតុ ហើយបានផ្តល់សេចក្តីបំភ្លឺមួយចំនួនទៅកម្លាំងសមត្ថកិច្ចរៀបរាប់អំពីការផ្តើមនូវអគ្គិភ័យនេះ។
ក្នុងកំណត់ហេតុថា៖ «ក្នុងពេលនោះ ក្រុមការងារជំនាញក៏បានចាប់ផ្តើមធ្វើកោសល្យវិច័យទៅលើសាកសព និងកន្លែងកើតហេតុទាំងស្រុង។ ពេលដែលក្រុមការងារបានរៀបរាប់ និងសួរអំពីភ័ស្តុតាងវិទ្យាសាស្ត្រមួយចំនួនទៅកាន់ជនល្មើស ជនល្មើសក៏ចាប់ផ្តើមសារភាពពីអំពើឃាតកម្ម និងអគ្គិភ័យ»។
គួររំឭកផងដែរថា នៅពេលក្រុមបច្ចេកទេសចុះពិនិត្យ និងស្រាវជ្រាវករណីភ្លើងឆេះផ្ទះនេះ បានប្រទះឃើញវត្ថុបុរាណប្រភេទកងជើង មានតម្លៃប្រវត្តិសាស្ត្រផងដែរ ហើយបានប្រគល់វត្ថុបុរាណនេះ ជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងរក្សាទុកក្នុងសារមន្ទីរ៕
វីដេអូ៖