សៀមរាបៈ អាជ្ញាធរជាតិអប្សរាបានបដិសេធ ចំពោះការចោទប្រកាន់ដែលថា ខ្លួនបានរំលោភបំពានយកដីប្រជាពលរដ្ឋនៅភូមិតានី ឃុំរុនតាឯកក្នុងស្រុកបន្ទាយស្រីទៅធ្វើជាភូមិធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ ខណៈពលរដ្ឋ ២៤ គ្រួសារក្នុងចំណោម ៣៨ គ្រួសារក្នុងតំបន់នោះនៅមិនទាន់ទទួលយកតាមការដោះស្រាយរបស់អាជ្ញាធរអប្សរានៅឡើយ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ការធ្វើភូមិធម្មជាតិនៅភូមិតានីឃុំរុនតាឯកស្រុកបន្ទាយស្រី គឺជារឿងដែលបានដោះស្រាយរួចរាល់ជាច្រើនឆ្នាំមកហើយ។ អាជ្ញាធរមិនបានរំលោភបំពានដីប្រជាពលរដ្ឋទេ ព្រោះបញ្ហាត្រូវបានសម្របសម្រួល និងដោះស្រាយរួចហើយ។
លោកបញ្ជាក់ថា៖ «អត់ដែលមានស្ថាប័នរដ្ឋណាទៅទន្ទ្រានដីប្រជាពលរដ្ឋទេ អាជ្ញាធរអប្សរាក៏គ្មានរឿងអីដែលត្រូវទៅទន្ទ្រានដីហ្នឹងយកមកគ្រប់គ្រងអីដែរ។ ប៉ុន្តែជាដំណោះស្រាយយើងបានធ្វើការដោះដូរ យើងបានធ្វើការទិញពីប្រជាពលរដ្ឋហើយកន្លងមក ប្រជាពលរដ្ឋទទួលបានការដោះស្រាយរួចរាល់អស់ហើយពីគណៈកម្មការជំនាញដែលចុះទៅធ្វើកិច្ចការងារហ្នឹង»។
ចំពោះការធ្វើភូមិធម្មជាតិដើម្បីទាក់ទាញទេសចរនេះ មន្ត្រីជំនាញមានគោលការណ៍ ដោះស្រាយបញ្ហាត្រឹមត្រូវច្បាស់លាស់ នៅឡើយតែប្រជាពលរដ្ឋមួយចំនួនដែលមិនព្រមចូលរួមជាមួយអាជ្ញាធរក្នុងការធ្វើកិច្ចការនេះរួមគ្នាប៉ុណ្ណោះ។ លោកថ្លែងទៀតថា៖ «មានប្រជាពលរដ្ឋមួយចំនួនមិនចូលរួមសហការ មិនអនុវត្តទៅតាមច្បាប់ និងអ្វីដែលបានព្រមព្រៀងគ្នាក្នុងពេលកន្លងទៅ ហើយគាត់ចេះតែតវ៉ា គាត់ថា អ៊ីចេះ ថាអ៊ីចុះទៅតាមការញុះញង់របស់ជនខិលខូចមួយចំនួនដែលមានបំណងផ្សេង»។
លោក ហួន រ៉ាវុធ ហៅ ហ៊ុម អាយុជាង ៣០ ឆ្នាំ ជាតំណាងពលរដ្ឋ ២៤ គ្រួសារនៅភូមិតានី ឃុំរុនតាឯក បានថ្លែងថា បញ្ហាដីធ្លីនៅទីនោះដើមឡើយគឺប៉ះពាល់ប្រជាពលរដ្ឋចំនួន ៣៨ គ្រួសារ ប៉ុន្តែដោយមានការសម្របសម្រួលដោះស្រាយពលរដ្ឋមួយចំនួនបានទទួលយកនៅសល់ ២៤ គ្រួសារទៀតដែលមិនទាន់ទទួលយកតាមការដោះស្រាយរបស់អាជ្ញាធរ។
លោកបញ្ជាក់ថា៖ «បញ្ហាត្រង់ថា អាជ្ញាធរអប្សរាបានទៅទិញដីប្រជាពលរដ្ឋ ដើម្បីដោះដូរឱ្យអ្នកនៅភូមិផ្សេង។ ដោយឡែកពលរដ្ឋទាំង ៣៨ គ្រួសារដែលមិនព្រមលក់ដីហ្នឹងគឺសុំធ្វើការដោះដូរជាដី ប៉ុន្តែការដោះដូរជាដីហ្នឹងគឺមិនបានគ្រប់គ្នាទេ គឺបានតែ ១៤ គ្រួសារ ដែលព្រមទទួលសំណងដោយក្នុង ១ គ្រួសារបានដីទំហំ ២០ គុណ ៣០ ម៉ែត្រ អ៊ីចឹងសល់ ២៤ គ្រួសារដែលមិនព្រមទទួលយកតាមការដោះស្រាយ»។
លោក ពុធ ប៉ុន អាយុ ៤០ ឆ្នាំ តំណាងប្រជាពលរដ្ឋម្នាក់ទៀតថ្លែងថា ប្រជាពលរដ្ឋទាំង ២៤ គ្រួសារចង់បានដីចំនួន ៩៦ ហិកតាសម្រាប់ពួកគាត់ធ្វើការបែងចែកគ្នាទៅតាមសភាពជាក់ស្តែង ព្រោះពួកគាត់ធ្លាប់អាស្រ័យផល និងកាន់កាប់ដីនេះជាច្រើនឆ្នាំមកហើយ។
លោកថា ការបែងចែករបស់អាជ្ញាធរមិនស្មើភាពគ្នា ដោយអ្នកខ្លះបានលុយ អ្នកខ្លះបានដី ហើយដីនោះទៀតសោតមានទំហំមិនស្មើគ្នា។ លោកបញ្ជាក់ថា៖ «អាជ្ញាធរគេសម្រេចឱ្យទំហំ ២០ គុណ ៣០ ម៉ែត្រ អ៊ីចឹងយើងទទួលយកអត់បានទេ វាអត់សមរម្យ ដីតូចពេកគិតទៅបើយកទៅជាកន្លែងដាក់ម៉ុងមិនគ្រាន់ផង។ ពលរដ្ឋសុទ្ធតែធ្លាប់កាន់កាប់ដីរាប់ហិកតាដល់ឱ្យគ្នាប៉ុណ្ណឹងចែកគ្នាម៉េចកើត គ្រួសារខ្លះមានសមាជិកច្រើនរាប់សិបនាក់ឯណោះ»។
លោក សួស ណារិន មន្ត្រីសមាគមអាដហុកប្រចាំខេត្តសៀមរាបថ្លែងថា អាជ្ញាធរជាតិអប្សរាគួរតែកាត់ឆ្វៀលដីតំបន់នោះជូនពលរដ្ឋ ឬផ្តល់សំណងសមរម្យដល់ពួកគាត់។ លោកបញ្ជាក់ថា៖ «ការឈូសឆាយយកដីពលរដ្ឋ ដោយពុំមានផ្តល់សំណង គឺជាការរំលោភលើសិទ្ធិកាន់កាប់ដីធ្លី ទោះបីពួកគាត់ពុំមានបណ្ណកម្មសិទ្ធិក៏ដោយ ហើយយើងក៏ទទួលស្គាល់ថា អាជ្ញាធរភូមិ ឃុំ បានដឹងឮ ទទួលស្គាល់ថា ពិតជាដីរបស់ពលរដ្ឋនៅតំបន់នោះមែន»៕