ភ្នំពេញៈ ដើម្បីលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានឲ្យសមស្របតាមស្តង់ដាអន្តរជាតិ អង្គការយូណេស្កូបានសម្ពោធសៀវភៅ ២ ក្បាលជាភាសាខ្មែរ គឺសៀវភៅណែនាំស្តីពីសុវត្ថិភាពអ្នកសារព័ត៌មាន និងសៀវភៅកូវីដ ១៩ ស្តីពីតួនាទីរបស់តួអង្គក្នុងប្រព័ន្ធយុត្តិធម៌ក្នុងការការពារ និងលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិដែលពិធីនេះធ្វើនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ពីថ្ងៃទី ២៥ មករា។
លោក Mikel Aguirre Idiaquez អ្នកជំនាញលើការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៃអង្គការយូណេស្កូថ្លែងថា សៀវភៅណែនាំស្តីពីសុវត្ថិភាពអ្នកសារព័ត៌មានមានរូបរាងតូចអាចដាក់ជាប់ខ្លួនបាន។ សៀវភៅនេះនិយាយពីការពិនិត្យមើលសុវត្ថិភាពផ្ទាល់ខ្លួន ការត្រៀមខ្លួនមុនចុះទៅយកព័ត៌មាន និងការសម្របខ្លួននៅពេលជួបបញ្ហាផ្ទាល់។ ជាពិសេស គឺការចុះទៅយកព័ត៌មាននៅតំបន់មានជម្លោះ បញ្ហាសិទ្ធិមនុស្ស បញ្ហារឿងបរិស្ថាន ឬការការពារធនធានធម្មជាតិផ្សេងៗ។
លោកថ្លែងថា៖ «ជាក់ស្តែង វាមាននិយាយពីសុវត្ថិភាពផ្ទាល់ខ្លួន សុវត្ថិភាពរាងកាយ មុនចុះទៅយកព័ត៌មាន តើមានអ្វីខ្លះដែលត្រូវពិនិត្យ ជួនកាលទៅតំបន់មួយដែលមានជម្លោះ ឬបញ្ហាប្រឈមផ្សេងៗ អ៊ីចឹងមុននឹងចុះទៅ តើយើងត្រូវពិចារណាលើអីខ្លះ ហើយបើមានបញ្ហាកើតឡើង យើងមានប្រតិកម្មយ៉ាងម៉េច?»។
បើតាមលោក Mikel ក្នុងសៀវភៅណែនាំនោះមានផ្នែកមួយទាក់ទងជាមួយសុវត្ថិភាពឌីជីថល ដែលបង្ហាញពីរបៀបត្រូវធ្វើយ៉ាងណាឲ្យកំណត់ត្រា និងប្រភពមានសុវត្ថិភាព។ បន្ថែមលើនោះក៏មាន និយាយពីបញ្ហាប្រឈមរបស់ស្ត្រីជាអ្នកសារព័ត៌មានផងដែរ ព្រោះនេះជាបញ្ហាប្រឈមបន្ថែមទាក់ទង សុវត្ថិភាពនៅពេលស្ត្រីអនុវត្តការងារដែលអាចមានបញ្ហាប្រឈម និងការបៀតបៀនផ្លូវភេទ។
ចំណែកសៀវភៅកូវីដ ១៩ ស្តីពីតួនាទីរបស់តួអង្គក្នុងប្រព័ន្ធយុត្តិធម៌ក្នុងការការពារ និងលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិ មានគោលការណ៍ណែនាំដែលមានប្រយោជន៍សម្រាប់ចៅក្រម និងតុលាការទាំងអ្នកនៅថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធានាឲ្យមានការអនុវត្តស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ។ ថ្នាក់តំបន់ផ្តោតលើសេរីភាពបញ្ចេញមតិ និងការរក្សាភាពជាឯកជន នៅពេលធ្វើការកាត់សេចក្តីលើសំណុំរឿងពាក់ព័ន្ធការឆ្លើយតបរបស់រដ្ឋ ចំពោះកូវីដ១៩ដែលបង្កផលប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន សិទ្ធិទទួលបាន ព័ត៌មាន រក្សាភាពជាឯកជន និងសុវត្ថិភាពរបស់អ្នកសារព័ត៌មាន។ នេះបើតាមការបញ្ជាក់របស់លោក Mikel។
លោកថ្លែងថា៖ «ឯកសារនេះមានសារៈសំខាន់ណាស់ ពិសេសសម្រាប់សហការីរបស់យើង មិត្តភក្តិរបស់យើងដែលគាត់ជាមេធាវីក៏ដូចជាស្ថាប័នដែលធ្វើការជាមួយអ្នកកាសែត ជាអ្នកធ្វើការតស៊ូមតិ ហើយវាក៏ជាឯកសារសំខាន់ សម្រាប់ក្រសួងព័ត៌មានដែលកំពុងស្វែងរកការបង្កើតយុទ្ធសាស្ត្រ ឆ្លើយតបបញ្ហាព័ត៌មានក្លែងក្លាយ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្លែងថា ដំណើរការក្នុងប្រព័ន្ធតុលាការនៅមិនទាន់មានប្រសិទ្ធភាពត្រឹមត្រូវដែលអាចទទួលបាននៅឡើយទេ ទោះបីបច្ចុប្បន្នកម្ពុជាមានតុលាការ ៣ ថ្នាក់ ចាប់ពីសាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល។ មានទាំងស្ថាប័នត្រួតពិនិត្យតុលាការដែលមានឧត្តមក្រុមប្រឹក្សាអង្គចៅក្រម និងស្ថាប័នត្រួតពិនិត្យផ្សេងៗទៀត ដែលធ្វើការអនុវត្តក្នុងដំណើរការក្នុងប្រព័ន្ធតុលាការ។
លោកថ្លែងថា៖ «វាពាក់ព័ន្ធបុគ្គលក្នុងការធ្វើការងារគ្មានភាពឯករាជ្យ គ្មានសុច្ឆន្ទៈហ៊ានអារកាត់ ប្រើអំណាចរបស់ខ្លួនឲ្យបានត្រឹមត្រូវនេះគឺជាបញ្ហាដែលយើងមើលឃើញទាំងអស់គ្នា។ ស្ថាប័នក៏អ៊ីចឹងដែរ ការអនុវត្តច្បាប់ដោយមាននីតិរដ្ឋ មិនមែននិយាយឲ្យតែបានទេ គឺពាក់ព័ន្ធនឹងអ្នកប្រតិបត្តិទាំងអស់ហ្នឹង តើគាត់មានភាពឯករាជ្យឬអត់?»។
លោក គង់ ពិសី មេធាវីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថ្លែងថា ការអនុវត្តការងារនៅក្នុងប្រព័ន្ធយុត្តិធម៌នៅតែមិនទាន់មានភាពត្រឹមត្រូវច្បាស់លាស់ ព្រោះមានការចោទប្រកាន់មួយចំនួនហាក់មិនសូវត្រឹមត្រូវ ដោយសារគ្មានភ័ស្តុតាងជាក់លាក់។
លោកថ្លែងថា៖ «ការចោទប្រកាន់ ដូចជាការចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើស យើងឃើញថា ការញុះញង់គឺត្រូវមានអ្នកញុះញង់ និងអ្នកធ្វើ។ ប្រសិនបើគ្រាន់តែនិយាយប្រាប់នរណាម្នាក់ តែមិនទាន់មានការប្រព្រឹត្តបទល្មើសណាមួយផង ក៏ចោទប្រកាន់នោះមិនត្រឹមត្រូវទេ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ឲ្យដឹងថា យន្តការនៃការអនុវត្តច្បាប់មិនថាសកម្មជននយោបាយ ឬនរណាម្នាក់នោះទេឲ្យតែប្រព្រឹត្តល្មើសក្នុងផ្លូវច្បាប់ ហើយមានមូលដ្ឋានរឹងមាំនោះ សមត្ថកិច្ចពាក់ព័ន្ធនឹងធ្វើការចោទប្រកាន់ និងដំណើរការតាមនីតិវិធី។
លោកថ្លែងថា៖ «ការលើកឡើងក្នុងន័យថាមិនអាចទទួលយកបាន ចំពោះការអនុវត្តការងារក្នុងប្រព័ន្ធយុត្តិធម៌ជាចេតនានយោបាយរបស់ពួកគាត់ ក្នុងការការពារដល់សកម្មជននយោបាយដែលប្រព្រឹត្តល្មើស ហើយត្រូវទទួលខុសត្រូវប្រឈមនឹងផ្លូវច្បាប់នៅកម្ពុជា ដែលពួកគាត់ធ្វើការការពារអ្នកទាំងនោះ ប៉ុន្តែគ្មានមូលដ្ឋានផ្លូវច្បាប់រឹងមាំក្នុងការការពារបាន»៕