ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំដល់ស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើការដោះស្រាយការកកស្ទះសំណុំរឿងដែលមានជនសង្ស័យកំពុងជាប់ឃុំក្នុងពន្ធនាគារ ជាជាងដោះស្រាយបញ្ចប់សំណុំរឿងដែលមានជនសង្ស័យនៅក្រៅឃុំស្រាប់ ដោយលោកបារម្ភថា មិនអាចដោះស្រាយនូវភាពចង្អៀតណែននៅពន្ធនាគារដែលជាកង្វល់របស់រដ្ឋាភិបាលនោះទេ។
លោក ស ខេង បានលើកឡើងយ៉ាងដូច្នេះនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារថ្មីនាទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី ១០ ម្សិលមិញថា ការដោះស្រាយសំណុំរឿងកកស្ទះ តែមនុស្សនៅក្រៅឃុំ ដូចជាមិនទាន់ប្រញាប់ប្រញាល់នោះទេ។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងទៀតថា ការកកស្ទះអ្នកជាប់ឃុំនៅពន្ធនាគារគឺពិបាកក្នុងការដោះស្រាយដែលមានភាពស្មុគស្មាញខ្លាំង ជាពិសេសគឺបញ្ហាគ្រឿងញៀន ដូច្នេះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គួរតែពិចារណាក្នុងការដោះសំណុំរឿងកកស្ទះ ដែលមានមនុស្សជាប់ឃុំយ៉ាងណែនតាន់តាប់ក្នុងពន្ធនាគារ ហើយទុកបញ្ហានេះជាអាទិភាព និងត្រូវដោះស្រាយជាបន្ទាន់។
លោក ស ខេង បានលើកឡើងយ៉ាងដូច្នេះថា៖ «ការដោះស្រាយសំណុំរឿងកកស្ទះនេះអាចជួយសម្រាលដល់អ្នកជាប់ឃុំនៅក្នុងពន្ធនាគារដែរឬទេ? អាហ្នឹងមិនច្បាស់ប៉ុន្មានទេ ព្រោះអីសំណុំរឿងកកស្ទះមែន ជួនអីមនុស្សវានៅក្រៅឃុំ។ ដល់ពេលអ៊ីចឹងទៅ វាមិនជួយអ្វីបានប៉ុន្មានទេ។ ដូច្នេះខ្ញុំក៏បានរំឭក ឯកឧត្តម កើត រិទ្ធ ដែរ ក្នុងថ្ងៃមុនដែលបានជួបគ្នាថា ឲ្យយកចិត្តទុកដាក់ និងជំរុញរឿងកកស្ទះ តែមនុស្សនៅក្រៅឃុំ ជារឿងម្យ៉ាង។ ខ្ញុំថា អាហ្នឹងក៏កុំអាលសិនក៏បានដែរ។ មកគិតសំណុំរឿងកកស្ទះដែលមនុស្សនៅជាប់ឃុំសិន គឺមានប្រយោជន៍»។
ក្រៅពីបង្ហាញក្តីបារម្ភចំពោះបញ្ហាប្រឈមធំបំផុតទៅនឹងការបន្តកើនឡើងនៃជនជាប់ឃុំក្នុងពន្ធនាគារលោក ស ខេង បានបង្ហាញពីជំនឿជឿជាក់ទៅលើលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថាអាចដោះស្រាយបញ្ហាការកកស្ទះសំណុំរឿងក្នុងអំឡុងពេលអនុវត្តយុទ្ធនាការ ដោះស្រាយសំណុំរឿងកកស្ទះនេះបានជោគជ័យ។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងទៀតថា៖ «ឧបមាថា ពន្ធនាគារវាពេញប៊ឹបមក អាហ្នឹងវាមិនដឹងដោះស្រាយយ៉ាងម៉េចទេ ប្រសេចប្រសាចពេញទឹកពេញដី មិនដឹងដោះយ៉ាងម៉េចទេ? មកចោរលួចចោរប្លន់មកបញ្ហាហើយ។ ចៀសមិនផុតទេ ការកសាងមន្ទីរឃុំឃាំងបន្ថែមនោះ។ យើងមិនចង់ទេ ឥឡូវយើងមើល ៤ ម៉ឺននាក់នៅក្នុងប្រជាជនយើង ១៦ លាននាក់ នេះបើបន្ថែមទៀតបានន័យថា ៥ ឬដល់ ៦ ម៉ឺននាក់។ បានន័យថា កម្ពុជាមានមនុស្សប្រព្រឹត្តបទល្មើសវាច្រើន តែបើយើងមិនចាប់ គេថា ប៉ូលិសអន់»។
គួររំឭកផងដែរថា កាលពីខែឧសភា ឆ្នាំ ២០២០ ក្រសួងយុត្តិធម៌បានប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្តនានានៅទូទាំងផ្ទៃប្រទេសក្នុងគោលបំណងដោះស្រាយការកកស្ទះសំណុំរឿង ដើម្បីចូលរួមចំណែកដោះស្រាយភាពចង្អៀតណែននៃអ្នកជាប់ឃុំនៅតាមពន្ធនាគារ ព្រមទាំងលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការក្នុងការផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋកាន់តែប្រសើរ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា យុទ្ធនាការនេះគឺដោះស្រាយការកកស្ទះទាំងសំណុំរឿងព្រហ្មទណ្ឌមានខ្លួន ឬគ្មានខ្លួន ដែលបានន័យថា ដោះស្រាយសំណុំរឿងទាំងអស់ដែលបានកកស្ទះយូរ ទោះជាកំពុងមានជនជាប់ឃុំក្នុងពន្ធនាគារ ឬគ្មានក៏ដោយ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះបានថ្លែងឲ្យដឹងទៀតថា៖ «គោលដៅនៃយុទ្ធនាការគឺយើងដោះស្រាយទាំងអស់ ដែលជាសំណុំរឿងព្រហ្មទណ្ឌទាំងសំណុំរឿងមានខ្លួន ឬគ្មានខ្លួន»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យដដែលនេះបានថ្លែងឲ្យដឹងផងដែរថា៖ «ទី១ គឺការដោះស្រាយសំណុំរឿងដែលមាន កកស្ទះហ្នឹង មានការថយចុះ ហើយតែកាលណាសំណុំរឿងកកស្ទះមានថយចុះ ជាពិសេសពាក់ព័ន្ធនឹងសំណុំរឿងដែលមានខ្លួនហ្នឹង គឺអាចជួយដោះស្រាយនូវភាពចង្អៀតណែនហ្នឹងដែលវា ជួយ ១ ផ្នែកដែរ។ បានន័យថា អ្វីដែលគាត់លើកឡើងគឺវាស្របទៅយុទ្ធនាការ ដែលយើងកំពុងតែធ្វើ ហើយយើងនឹងខិតខំបន្ថែមទៀត»៕