ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំជំនួយវ៉ាក់សាំងកូវីដ ១៩ ពីប្រទេសឥណ្ឌា ដោយសារប្រទេសនេះបានផលិតវ៉ាក់សាំងបានដោយខ្លួនឯង ដែលគ្រោងនឹងធ្វើការចាក់ជូនពលរដ្ឋឥណ្ឌាប្រមាណជាង ៣០០ លាននាក់ក្នុងឆ្នាំនេះ។ ការស្នើនេះធ្វើឡើងក្នុងជំនួបរវាងលោកជាមួយឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាពីម្សិលមិញ។
លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា Devyani Uttamkhobragade បានសម្ដែងការអបអរសាទរចំពោះលោកនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជាដែលបានអនុវត្តបានយ៉ាងល្អប្រសើរចំពោះការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ នៅកម្ពុជា។
ជាមួយគ្នានេះលោក ហ៊ុន សែន ក៏បានអបអរសាទរផងដែរចំពោះប្រទេសឥណ្ឌាដែលបានផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ បានជោគជ័យ និងបានប្រកាសដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះ។ លោកក៏បានស្នើសុំប្រទេសឥណ្ឌាឧបត្ថម្ភវ៉ាក់សាំងកូវីដ ១៩ ដល់ប្រទេសកម្ពុជាដើម្បីចាក់ជូនពលរដ្ឋខ្មែរ ព្រោះវ៉ាក់សាំងដែលជាជំនួយពីមិត្តចិនអាចនឹងមិនគ្រប់គ្រាន់។
កាលពីចុងសប្តាហ៍មុនលោក ហ៊ុន សែន លើកឡើងថា ចិនបានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ ១ លានដូសដល់កម្ពុជា ហើយលោកក៏បានប្រកាសចាក់វ៉ាក់សាំងនេះមុនគេ ដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។
ក្នុងការចុះបំពេញទស្សនកិច្ចការងារនៅតាមបណ្តាមន្ទីរពេទ្យបង្អែកក្នុងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល កោតសរសើរដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ពួកគាត់បានយ៉ាងល្អ។ ប៉ុន្តែលោកស្រីស្នើឱ្យក្រុមគ្រូពេទ្យនៅតាមព្រំដែនទាំងអស់ត្រូវបង្កើនវិធានសុវត្ថិភាពមុនពេលចេញទៅព្យាបាលអ្នកជំងឺកូវីដ ១៩។
លោកស្រីថ្លែងក្នុងកិច្ចសម្ភាសន៍ពីខេត្តប៉ៃលិនថា៖ «អ្វីដែលយើងសង្កេតឃើញ គឺមន្ទីរសុខាភិបាលនៃខេត្តទាំង ៣ នេះគឺពួកគាត់ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តទាំងយប់ទាំងថ្ងៃ។ ពួកគាត់ត្រូវគ្រប់គ្រងនៅតាមច្រកចូលសម្រាប់ពិនិត្យសុខភាពរបស់ពលករដែលមកពីប្រទេសថៃ ចូលក្នុងប្រទេសកម្ពុជា»។ លោកស្រីបន្តថាក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ខ្ពស់ក្នុងការនាំពលករដែលមានវីរុសកូវីដ ១៩ ទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដែលបានកំណត់ច្បាស់លាស់។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ «មន្ទីរសុខាភិបាលក្នុងខេត្តទាំងនេះគិតពីមន្ត្រីសុខាភិបាលដែលកំពុងបម្រើការងារក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ ១៩ ឱ្យពួកគាត់មានភាពកក់ក្តៅ កុំឱ្យពួកគាត់ភ័យខ្លាច ហើយអ្វីដែលសំខាន់គឺធ្វើយ៉ាងណាកុំឱ្យឆ្លងកូវីដ ១៩ នេះមកក្រុមគ្រូពេទ្យរបស់យើង»។
លោកស្រីបន្ថែមថា៖ «ឯចំណុចសំខាន់មួយទៀត គឺមន្ទីរសុខាភិបាលបានខិតខំក្នុងការគ្រប់គ្រងសំណាករបស់អ្នកដំណើរ ដោយសារសំណាកទាំងនោះយើងមិនដឹងថា អ្នកណាមាន ឬអត់មានវីរុសកូវីដ ១៩ ទេ។ ដូចនេះបើការគ្រប់គ្រងមិនបានល្អទេនោះ លទ្ធភាពនៃការចម្លងវីរុសកូវីដ ១៩ អាចនឹងកើតមានឡើង»។
បើតាមមន្ត្រីនាំពាក្យរូបនេះ ក្រុមគ្រូពេទ្យជំនាញដែលមកពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានចំណេះជំនាញ និងបទពិសោធខ្លាំងក្នុងការពិនិត្យ និងព្យាបាលជំងឺកូវីដ ១៩ នេះគឺពួកគាត់បាននិងកំពុងជួយគាំទ្រ ពង្រឹងសមត្ថភាពគ្រូពេទ្យនៅតាមមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។
ក្នុងឱកាសនោះដែរ លោកស្រី ឱ វណ្ណឌីន សង្កេតឃើញអាជ្ញាធរមានការចាត់ចែងគ្រប់គ្រងម៉ឺងម៉ាត់ និងតឹងតែង ដើម្បីធានាថា មិនឱ្យមានអ្នកមានផ្ទុកវីរុសកូវីដ ១៩ របូតចេញទៅទេ។ លោកស្រីបង្ហាញភាពកក់ក្តៅ ដែលអាជ្ញាធររង់ចាំជួយពលករខ្មែរវិលមកពីប្រទេសថៃទៅធ្វើចត្តាឡីស័ក ពិនិត្យសុខភាព និងធ្វើតេស្តរកវីរុសកូវីដ ១៩។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ១៨ មករា ឆ្នាំ ២០២១ កម្ពុជាមានអ្នកជំងឺកូវីដ ១៩ ចំនួន ៤៣៩ នាក់ អ្នកជាសះស្បើយចំនួន ៣៨៦ នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ៥៣ នាក់។
ពីម្សិលមិញ បុរសជាពលករខ្មែរអាយុ ៣៨ ឆ្នាំ ដែលទើបតែវិលត្រឡប់មកពីប្រទេសថៃនៅយប់ថ្ងៃទី ១៧ មករា តាមច្រកចំបក់ស្ថិតក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបានទទួលមរណភាព បន្ទាប់ពីគាត់បានដួលបោកក្បាលទៅលើថ្ម ពេលបុរសរូបនេះដើរទៅបត់ជើងតូច មុនពេលដែលគាត់ឡើងរថយន្តកងទ័ពដើម្បីទៅកាន់មណ្ឌលធ្វើចត្តាឡីស័ក។
រដ្ឋបាលខេត្តបន្ទាយមានជ័យចេញសេចក្តីប្រកាសព័ត៌មានពីម្សិលមិញ បញ្ជាក់ថា នៅពេលដែលគាត់ដួលភ្លាមមានពលករម្នាក់ទៀត ដែលរួមដំណើរជាមួយបានទៅជួយលើកបុរសនោះ។ ពលករដែលរងគ្រោះនោះនិយាយថាគាត់អស់កម្លាំងហើយបានហូប ស្រាបៀរលីអូថៃអស់ ២ កំប៉ុង។
នៅពេលនោះ កម្លាំងនគរបាលឈរជើងនៅនោះបានជួយសង្គ្រោះ និងបានបញ្ជូនភ្លាមៗទៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ។ ពេទ្យបានដេររបួសក្បាល និងបានដាក់ឱ្យសម្រាក តាមដានសុខភាពជាធម្មតា។ ប៉ុន្តែពលកររូបនេះមានអាការប្រែប្រួល វិលមុខ ក្អួតរហូតដល់សន្លប់បាត់ស្មារតីតែម្តង រួចគ្រូពេទ្យបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ប៉ុន្តែអ្នកជំងឺបានបាត់បង់ជីវិតមុនពេលមកដល់មន្ទីរពេទ្យ។
រដ្ឋបាលខេត្តបញ្ជាក់ទៀតថា ពលកររូបនេះមិនបានស្លាប់ដោយសារជំងឺកូវីដ១៩ទេ គឺស្លាប់ដោយសារឧបទ្ទវហេតុដួលបោកក្បាល៕