ភ្នំពេញៈ វិទ្យាសា្ថនតេជោសែន សាធារណការ និងដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានៃក្រសួងអប់រំយុវជន និងកីឡាបានចុះអនុស្សរណៈនៃការយោគយល់ (MOU) បង្កើតថ្នាលបណ្ដុះបណ្ដាលនិស្សិតខ្មែរលើជំនាញបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។
អនុស្សរណៈនេះចុះហត្ថលេខារវាងលោក អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) និងលោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូននៅទីស្ដីការក្រសួងសាធារណការកាលពីថ្ងៃទី ១២ ខែមករា។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីនោះថា នេះគឺជាប្រវត្តិសាស្ត្រដែលក្រសួងទាំង ២ បានសហការគ្នា តាមរយៈវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និងវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជាបង្កើតថ្នាលបណ្ដុះបណ្ដាលលើជំនាញបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ព្រោះកន្លងមកកម្ពុជាមិនទាន់មានគ្រឹះស្ថានណាមួយបណ្ដុះបណ្ដាលផ្ដោតលើជំនាញបច្ចេកទេសសាងសង់ស្ពាន ថ្នល់ កំពង់ផែ និងផ្លូវដែកបែបនេះទេ។
លោកបានបន្តថា៖ «ខ្ញុំចង់ឃើញកូនខ្មែរយើងជំនាន់នេះ និងជំនាន់បន្តបន្ទាប់ មានសមត្ថភាពដូចបុព្វបុរស យើងសម័យមុនដែលមានសមត្ថភាពកសាងប្រាង្គប្រាសាទដ៏ស្រស់បំព្រង និងមានគុណភាពជាប់បានរាប់រយពាន់ឆ្នាំ ថែមទាំងល្បីល្បាញពាសពេញសកលលោកទៀតផង»។
លោក ស៊ុន ចាន់ថុល ជឿជាក់ថា និស្សិតខ្មែរនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាបានយ៉ាងមានប្រសិទ្ធភាព និងគុណភាពខ្ពស់ បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញនេះ។
បើតាមលោក ចាន់ថុល ក្នុងឆ្នាំសិក្សា ២០២០-២០២១ នេះ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនសហការជាមួយវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជានឹងជ្រើសរើសនិស្សិត ២០០ នាក់ ដើម្បីសិក្សានៅវិទ្យាសា្ថនតេជោសែន សាធារណការ និងដឹកជញ្ជូន។ ប៉ុន្តែក្រសួងទាំង ២ កំពុងពិភាក្សាពីតម្លៃសិក្សា និងការផ្ដល់អាហារូបករណ៍ផងដែរ។
ជាមួយគ្នានេះលោកបានឱ្យដឹងដែរថា ក្រសួងនឹងខិតខំប្រឹងប្រែងស្វែងរកមូលនិធិនានាពីដៃគូអភិវឌ្ឍន៍ដើម្បីផ្ដល់អាហារូបករណ៍ជូននិស្សិតដែលជួបការលំបាក ប៉ុន្តែមានសមត្ថភាព និងមហិច្ឆតាចង់សិក្សាជំនាញនេះនៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា៖ «យើងមានលទ្ធភាពកសាងគ្រឹះស្ថានសិក្សា ដើម្បីផ្តល់ចំណេះដឹងដល់កូនខ្មែរ។ ប៉ុន្តែកូនខ្មែរទាំងអស់ត្រូវមានឆន្ទៈខ្ពស់ និងមុតស្រួចក្នុងការយកចំណេះដឹងទាំងនោះទៅបម្រើជាតិមាតុភូមិនៃយើងឱ្យកាន់តែរីកចម្រើនរុងរឿងប្រកបដោយកេរ្តិ៍ឈ្មោះល្បីរន្ទឺពាសពេញពិភពលោក»។
ដោយឡែករដ្ឋមន្ដ្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានថ្លែងថា តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មកនេះគឺជាលើកទី១ ហើយ ដែលកម្ពុជាមានថ្នាលបណ្ដុះបណ្ដាលនិស្សិតខ្មែរលើជំនាញបច្ចេកទេសសាធារណការ និងដឹកជញ្ជូន កម្រិតបរិញ្ញាបត្រវិស្វករ ខណៈពីមុនកម្ពុជាតែងតែបញ្ជូននិស្សិតទៅសិក្សាជំនាញនេះនៅក្រៅប្រទេស។
លោកថ្លែង៖ «ខ្ញុំសង្ឃឹមថាទៅថ្ងៃមុខយើងច្បាស់ជាអាចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវដែកដោយខ្លួនឯងបាន»។
លោក អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ថ្លែងថា មុខជំនាញនេះជាគ្រឹះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាតិដ៏សំខាន់ ពិសេសគឺការពង្រឹងសមត្ថភាព និងច្បាប់ក្នុងវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជាស្របពេលប្រទេសកំពុងមានសម្ទុះអភិវឌ្ឍន៍យ៉ាងលឿន។
លោកថ្លែងថា៖ «តាមខ្លឹមសារក្នុងអនុស្សរណៈនេះគឺយើងបានព្រមព្រៀងគ្នាក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសាធារណការ និងដឹកជញ្ជូនតាមរបៀបកម្មវិធីសញ្ញាបត្រទ្វេ ដែលនៅក្នុងកម្មវិធីនេះ ភាគីសាលាតិចណូ បានច្របាច់បញ្ចូលគ្នានូវកម្មវិធីកូនកាត់តាមរបៀបបណ្ដុះបណ្ដាលនៅគ្រឹះស្ថានឧត្ដមសិក្សាក្នុងសហគមន៍អឺរ៉ុបជប៉ុន និងអាស៊ាន»៕