ខេត្តរតនគិរីៈ មនុស្ស ៦ នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត រតនគិរី ដើម្បីសាកសួរក្នុងសំណុំរឿងចាប់ខ្លួនពាក់ព័ន្ធនឹងការរក្សាទុកគ្រឿងញៀន និងឈើធ្នង់ដោយខុសច្បាប់។
លោក លាង អ៊ូ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត បានឲ្យដឹងថា កម្លាំងនគរបាលខេត្តរតនគិរី បានឃាត់ខ្លួនបុរស ១ នាក់ នៅថ្ងៃទី ២៩ ខែវិច្ឆិកា នៅសង្កាត់ ឡាបានសៀក ក្រុងបានលុង ក្រោយពីជនសង្ស័យបានសារភាព ទើបសមត្ថកិច្ចបន្តការស៊ើបអង្កេតចាប់ខ្លួនមនុស្ស ៥ នាក់ផ្សេងទៀតជាបន្តបន្ទាប់។
លោក ព្រះរាជអាជ្ញាថ្លែងថា៖ «រហូតមកដល់ពេលនេះ ជនសង្ស័យទាំងអស់កំពុងស្ថិតនៅក្នុងដំណាក់ការស៊ើបសួរ មិនទាន់មានការចោទប្រកាន់យ៉ាងណានោះទេ»។
លោក អ៊ូ បញ្ជាក់ថា អង្គហេតុក្នុងសំណុំរឿងនៃការចាប់ខ្លួននេះមានភាពប្រទាក់ក្រឡាគ្នា តាមបណ្ដាញចែកចាយគ្រឿងញៀនរបស់ជនសង្ស័យ តាមបណ្ដាញនេះសមត្ថកិច្ច រឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីនអាយចំនួន ៦៦,៧២ ក្រាម និង ឈើប្រណិតប្រភេទធ្នង់ចំនួនជាង ២គូប។ វត្ថុតាងក្រៅពីគ្រឿងញៀន ម៉ូតូម៉ាក ZOOMER មួយគ្រឿងនិង ទូរស័ព្ទដៃមួយគ្រឿង។
លោក នាង បូណា នាយការិយាល័យ ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តរតនគិរី បានឲ្យដឹងថា តាមការចង្អុលបង្ហាញពីព្រះរាជអាជ្ញា កម្លាំងអាវុត្ធហត្ថក៏បានតាមដានមុខសញ្ញារហូតឃាត់ខ្លួនជនសង្ស័យបាន នៅក្នុងផ្ទះសំណាក់មួយនៅក្រុងបានលុង៕