កំពង់ឆ្នាំងៈ មន្ត្រីបានអះអាងថាអាជ្ញាធរខេត្ដកំពង់ឆ្នាំងបានចុះបង្ក្រាបសកម្មភាពឈូសឆាយដី ១ កន្លែងស្ថិតនៅតំបន់ដីគម្របព្រៃឈើរបស់រដ្ឋនៅចំណុចភ្នំពាមលោក និងភ្នំសុរិយា ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង ដោយឃាត់បានគ្រឿងចក្រឈូសឆាយដីចំនួន ៣ គ្រឿង ខណៈដែលជនល្មើសបានរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងបន្ដស្រាវជ្រាវ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ជនល្មើសបានលួចចូលទៅឈូសឆាយដីនៅក្នុងតំបន់គម្របព្រៃឈើនោះនៅមិនទាន់អាចកំណត់អត្ដសញ្ញាណបានទេ ព្រោះពេលនេះកំពុងធ្វើការស្រាវជ្រាវបន្ដដើម្បីតាមរកមុខជនសង្ស័យ។
លោកបន្ដថា៖ «យើងមានក្រុមការងារគណៈបញ្ជាការឯកភាពស្រុក និងខេត្ដ ដោយក្រុមការងារនីមួយៗបានតាមដានមើលគ្រប់មុខសញ្ញាទាំងអស់។ ដោយឡែកពាក់ព័ន្ធនឹង ២ ករណីដែលយើងទើបចាប់បាននៅកន្លែងភ្នំសុរិយានេះគឺជាករណីលួចឈូសឆាយ អ៊ីចឹងយើងកំពុងកំណត់មុខសញ្ញាថា ធ្វើយ៉ាងណាត្រូវរកមុខសញ្ញាជនល្មើសឲ្យឃើញ យើងនឹងដាក់ទៅតុលាការ»។
លោក ហ៊ុន បន្ថែមថា៖ «យើងឃាត់បានគ្រឿងចក្រចំនួន ៣ គ្រឿងមានត្រាក់ទ័រ និងរូឡូ ចំណែកជនល្មើសបានរត់គេចខ្លួន។ ឥឡូវសកម្មភាពឈូសឆាយនេះមិនមានកើតឡើងទៀតទេ ចំណែកទីតាំងចំនួនដីគម្របព្រៃដែលគេឈូសឆាយយើងកំពុងឲ្យសមត្ថកិច្ចជំនាញចុះវាស់វែង»។
លោក សំ ចាន់គា មន្ដ្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្ដកំពង់ឆ្នាំងឲ្យដឹងថា មួយរយៈចុងក្រោយនេះសកម្មភាពឈូសឆាយដីគម្របព្រៃ និងដីព្រៃលិចទឹកមានសម្ទុះកើនឡើងច្រើន។
លោកថា៖ «សកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ធិនេះ មិនមែនកើតមានឡើងតែនៅតំបន់ភ្នំពាមលោក និងភ្នំសុរិយានៃស្រុកទឹកផុសនេះទេ ប៉ុន្ដែយើងឃើញមានសកម្មភាពកើតឡើងនៅតាមកន្លែងផ្សេងៗជាច្រើនទៀតមិនដឹងថា គេឃុបឃិតគ្នាយ៉ាងម៉េចទើបមានសិទ្ធិឈូសឆាយដីកម្មសិទិ្ធរបស់រដ្ឋដូច្នេះ»។
លោក ចាន់គា លើកឡើងថាស្របពេលបទល្មើសឈូសឆាយដីព្រៃរបស់រដ្ឋយកមានការកើនឡើង ប៉ុន្ដែសកម្មភាពបង្ក្រាបរបស់សមត្ថកិច្ចនៅមានតិចតួចនៅឡើយ។
លោកបញ្ជាក់ថា៖ «រូបភាពក្នុងការទប់ស្កាត់នោះហាក់ដូចជានៅមានតិចតួចណាស់ ហើយជាការមើលឃើញរបស់ខ្ញុំ បទល្មើសនៅតែមានការកើនឡើងបែបនេះគឺជនល្មើសមិនត្រូវបានផ្ដន្ទាទោស ហើយចំណាត់ការរបស់រដ្ឋាភិបាលគឺធ្វើតាមរបៀបវែកចក ដោយមានជម្លោះនៅទីតាំងណា គាត់ទៅវែកទីតាំងនោះ ហើយបទល្មើសនោះស្ងប់តែមួយភ្លែតក៏កើតឡើងវិញ»។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ដកំពង់ឆ្នាំង មិនធ្វើអត្ថាធិប្បាយទេ ពីម្សិលមិញ ប៉ុន្តែថ្មីៗនេះលោកធ្លាប់បានព្រមានខ្លាំងៗចំពោះមុខអភិបាលស្រុក ប្រធានមន្ទីរ និងកម្លាំងពាក់ព័ន្ធនឹងករណីរំលោភយកដីរដ្ឋនេះដោយឲ្យចុះត្រួតពិនិត្យឲ្យបានច្បាស់លាស់។
លោកបានបញ្ជាក់ថា៖ «បើអ្នកសារព័តមានគេចុះផ្សាយ កុំទាន់ចោទប្រកាន់គេថា ចុះមិនពិតអាជ្ញាធរត្រូវសហការជាមួយប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានក្នុងការផ្ដល់ព័ត៌មាន ជាពិសេសករណីរំលោភយកដីរដ្ឋ និងការនេសាទខុសច្បាប់»៕