ភ្នំពេញ៖ «ស្លឹករឹត» ជាកម្មវិធីទូរស័ព្ទមានមុខងារអភិរក្សអក្សរសាស្ដ្រ និងប្រវត្ដិសាស្ដ្រដូនតា ខណៈដែលកម្មវិធីទូរស័ព្ទ «និទាន» ត្រូវបានបង្កើតឡើងដើម្បីផ្ដល់ការនិទានរឿងបែបឌីជីថល ដែលជាកម្មវិធីទូរស័ព្ទកើតចេញពីស្នាដៃកុមារីកម្ពុជា បានក្លាយជាម្ចាស់ពានជយលាភីក្នុងការប្រកួតថ្នាក់ជាតិ Technovation Cambodia។
ពួកគេបានរៀនសរសេរកូដ និងគំនិតអាជីវកម្ម ក៏ដូចជា ខិតខំតស៊ូរិះរកគំនិតច្នៃប្រឌិតប្លែកៗ ដើម្បីដោះស្រាយបញ្ហាដែលកើតមាននៅក្នុងសង្គមនាពេលបច្ចុប្បន្ន។
រយៈពេល ១២ សប្ដាហ៍ ក្រោយការប្រកួតដ៏ស្វិតស្វាញកាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២០ កម្មវិធីប្រកួតថ្នាក់ជាតិ Technovation Cambodia ឆ្នាំ ២០២០ បានរកឃើញក្រុមឈ្នះជយលាភីថ្នាក់ជាតិ លេខ ១ លេខ ២ និងពានរង្វាន់ប្រជាប្រិយភាព ដល់ក្រុមកុមារីចំនួន ៤ ក្រុម ដែលបានឆ្លងកាត់ការប្រកួតប្រជែងបង្កើត App ដោះស្រាយបញ្ហាតាមបច្ចេកវិទ្យាជូនប្រជាពលរដ្ឋខ្មែរចាប់តាំងពីខែមករា មក។
កញ្ញា ប៉ែន វរនាត ជាសហគ្រិនផ្នែកបច្ចេកវិទ្យានៅ ៦០៦ ឌីជីថល និងជាអគ្គរាជទូតប្រចាំតំបន់របស់ Technovation Cambodia នៅកម្ពុជាក្នុងឆ្នាំ ២០២០ នេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ចាប់ពីឆ្នាំ ២០១៤ រហូតមកដល់ពេលបច្ចុប្បន្នមានក្រុមកុមារី សរុបចំនួន ៣៣៩ ក្រុមបានចូលរួមហ្វឹកហាត់ជាមួយកម្មវិធីរបស់យើង»។
កញ្ញាបានបន្ដថា៖ «ដោយឡែកក្នុងឆ្នាំនេះ យើងទទួលបានចំនួនក្រុមកុមារីចូលរួមក្នុងការប្រកួតប្រជែងរហូតដល់ទៅ ១៤៨ ក្រុម ជាចំនួនដ៏ច្រើនជាងឆ្នាំមុនៗ ដែលយើងធ្លាប់បានធ្វើការកន្លងមក»។
ក្នុងចំណោមក្រុមទាំង ១៤៨ ក្រុម មាន ២០ ក្រុមត្រូវបានជ្រើសរើសសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ។ កម្មវិធីប្រកួតស្វែងរកម្ចាស់ពានត្រូវបានធ្វើតាមរយៈអនឡាញជាលើកដំបូង ដោយគណៈកម្មការ Technovation Cambodia បានជ្រើសរើសក្រុមជយលាភីចំនួន ៤ ក្រុម។
កញ្ញា វរនាត ប្រាប់ឲ្យដឹងថា Technovation Challenge ជាកម្មវិធីប្រកួតប្រជែងស្វែងរកសហគ្រិនវ័យក្មេងផ្នែកបច្ចេកវិទ្យាធំជាងគេនៅលើពិភពលោក ដោយផ្តោតទៅលើក្មេងស្រីចាប់ពីវ័យ ១០ ទៅ ១៨ ឆ្នាំ។ កម្មវិធីនេះក៏ជាកម្មវិធីដោះស្រាយវិសមភាពយេនឌ័រនៅក្នុងវិស័យបច្ចេកវិទ្យានេះផងដែរ។
ជាក់ស្តែងក្រុមកុមារីជយលាភីលេខ ១ ក្រុមអាយុចាប់ពី ១៤ ដល់ ១៨ ឆ្នាំបានបង្កើតកម្មវិធី App ឈ្មោះ (Slek Rit) ស្លឹករឹត ដើម្បីដោះស្រាយក្តីកង្វល់ទៅលើកូនខ្មែរជំនាន់ក្រោយដែលមានទំនោរទៅលើការប្រើប្រាស់ភាសាបរទេស និងមិនសូវស្វែងយល់ពីអក្សរសាស្ត្រ ប្រវត្តិសាស្រ្ត និងរឿងព្រេងរបស់ខ្មែរ។
ហេតុនេះក្រុមកុមារី The Geek ដែលមានសមាជិក ៥ រូប មកពីរាជធានីភ្នំពេញ បង្កើត App ស្លឹករឹត នឹងយកសៀវភៅរឿងព្រេង រឿងប្រលោមលោកខ្មែរ ដើម្បីតាក់តែងជាសៀវភៅអានបែបឌីជីថល អមដោយរូបភាពដែលអាចទាក់ទាញចិត្ដក្មេងៗជំនាន់ក្រោយចូលអាន និងស្វែងយល់ពីអក្សរសាស្ត្រខ្មែរបាន។
ទន្ទឹមនឹងនេះ ក្រុមជយលាភីលេខ ១ មួយក្រុមទៀតស្ថិតក្នុងក្រុមអាយុចាប់ពី ១០ ដល់ ១៤ ឆ្នាំ គឺជាក្រុម Girls 4 Good ជាម្ចាស់ App និទាន (Nitean) ដែលផ្តោតលើខ្សែសំឡេងនិទានរឿងសម្រាប់កុមារ។
កញ្ញា ថេង បញ្ញា ជាអ្នកណែនាំ ក្រុម Girls 4 Good បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «តាមធម្មតាមុននឹងចេះនិយាយក្មេងៗរៀនស្តាប់សិន។ ប៉ុន្តែ រាល់ថ្ងៃ ឪពុកម្តាយរបស់កុមារតូចៗដែលរវល់ការងារច្រើន បានបណ្ដែតបណ្តោយឲ្យកូននៅម្នាក់ឯង មើលទូរស័ព្ទ ឬទុកឲ្យនៅជាមួយអ្នកមើលថែ ដែលខ្លះមិនសូវនិយាយជាមួយក្មេង បណ្តាលឲ្យក្មេងតូចអាយុ ៦ ឆ្នាំហើយនៅតែមិនចេះនិយាយ»។
កញ្ញា ថេង បញ្ញា បានរៀបរាប់បន្ដថា៖ «ហេតុនេះក្មេងស្រីទាំង ៣ រូបបង្កើត App នេះឡើង ដើម្បីជួយឲ្យក្មេងៗរៀនស្តាប់ឲ្យបានច្រើនជាងការមើល និងជួយលើការលូតលាស់ផ្នែកនិយាយរបស់ពួកគេ។ App នេះមិនមានរូបភាពទេ វាគ្រាន់តែជាសំឡេងមនុស្សនិទានរឿងតែប៉ុណ្ណោះ»។
ចំពោះជយលាភីថ្នាក់ជាតិលេខ ២ បានទៅលើក្រុមបង្កើត App ឈ្មោះ PUT PEN ដែលផ្តោតទៅលើ វប្បធម៌ អរិយធម៌ខ្មែរ និងបេតិកភណ្ឌជាតិរបស់ខ្មែរ។
ចំណែកឯ ពានរង្វាន់ផ្នែកប្រជាប្រិយបានទៅលើក្រុម Bublicious បង្កើត App ឈ្មោះ Tourisme សម្រាប់ផ្តល់ព័ត៌មានអំពីទេសចរណ៍។
គួរបញ្ជាក់ថា ម្ចាស់ជយលាភី លេខ ១ ស្ថិតក្នុងប្រភេទអាយុ ១៤ ដល់ ១៨ ឆ្នាំ ទទួលបានរង្វាន់ជាថវិកាចំនួន ២ លានរៀល ជយលាភីលេខ ១ អាយុចន្លោះ ១០ ដល់ ១៤ ឆ្នាំ ទទួលបានរង្វាន់ជាថវិកាចំនួន ១,២ លានរៀល ខណៈពេលដែលជយលាភីលេខ ២ ទទួលបាន ១ លានរៀល និងពានរង្វាន់ប្រជាប្រិយទទួលបាន ៦០ ម៉ឺនរៀល។
សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ទំព័រហ្វេសប៊ុក @Technovation Cambodia៕