ភ្នំពេញៈ កម្ពុជាគ្រោងនឹងសាងសង់ខ្សែបណ្តាញរងបញ្ជូនអគ្គិសនីដែលមានប្រវែងជិត ៣ ០០០ គីឡូម៉ែត្រដើម្បីឲ្យគ្របដណ្តប់គ្រប់ភូមិទាំងអស់នៅទីជនបទ ដោយគម្រោងនេះមានតម្លៃប្រមាណ ៨២ លានដុល្លារជាកម្ចីពីរដ្ឋាភិបាលចិន។
ការបង្ហើបពីគម្រោងនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាលើការងារក្នុងក្របខ័ណ្ឌការអនុវត្តផែនការសកម្មភាពក្នុងការបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន រវាងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនជាមួយភាគីចិនដឹកនាំដោយលោក វ៉ាង យី តាមរយៈវីដេអូ ខន ហ្វឺរិនកាលពីសប្តាហ៍មុន។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលដែលបានចូលកិច្ចប្រជុំនេះបានឲ្យដឹងថា ពាក់ព័ន្ធនឹងវិស័យថាមពលរបស់កម្ពុជាគឺមានគម្រោងចាំបាច់ និងអាទិភាព ១ គឺគម្រោងពង្រីកបណ្តាញអគ្គិសនីភាវរូបនីយកម្មជនបទជំហានទី ៧។
លោកបានឲ្យដឹងថា គម្រោងនេះនឹងសាងសង់ខ្សែបណ្តាញបញ្ជូនរងអគ្គិសនីតង់ស្យុង ២២ គីឡូវ៉ុល និង ៣៥ គីឡូវ៉ុលដែលមានប្រវែងសរុប ២ ៩៧០ គីឡូម៉ែត្រនឹងគ្របដណ្តប់លើភូមិចំនួន ១៣៣ ក្នុងខេត្តចំនួន ១៤ រួមមាន ឧត្តរមានជ័យ សៀមរាប ក្រចេះ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ព្រៃវែង ត្បូងឃ្មុំ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ ស្ទឹងត្រែង តាកែវ និងខេត្តកំពត។
លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល ប្រាប់ភ្នំពេញប៉ុស្តិ៍កាលថ្ងៃអាទិត្យថា បច្ចុប្បន្នការសាងសង់បណ្តាញតង់ស្យុងខ្ពស់របស់កម្ពុជាបានគ្របដណ្តប់គ្រប់ ២៥ ខេត្តក្រុងហើយ ប៉ុន្តែនៅមិនទាន់មានបណ្តាញរងភ្ជាប់ទៅដល់ទីជនបទ ដូច្នេះគម្រោងនេះនឹងជួយបំពេញកង្វះថាមពលអគ្គិសនីចំនួន ២ ភាគរយនៃការផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជានាពេលបច្ចុប្បន្ន។
លោកបន្តថា តាមផែនការគម្រោងនេះនឹងមានទឹកប្រាក់ប្រមាណ ៨២ លានដុល្លារ ដែលជាសម្បទានហិរញ្ញប្បទានពីរដ្ឋាភិបាលចិនសម្រាប់វិស័យថាមពលរបស់កម្ពុជា ដោយនឹងចុះហត្ថលេខានៅខែក្រោយនេះដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសធ្វើជាសាក្សីក្នុងពិធីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
លោកថ្លែងថា៖ «ខ្ញុំគិតថា ទៅតាមផែនការសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញទៅទីក្រុងប៉េកាំងក្នុងរង្វង់ខែសីហា ដែលនឹងមានការចុះហត្ថលេខាលើកម្ចីនេះ។ គម្រោងនេះនឹងជួយពង្រីកបណ្តាញអគ្គិសនីដល់ទីជនបទគ្រប់ភូមិទាំងអស់»។
លោក ហោ ណាំហុង បានប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំនេះកាលសប្តាហ៍មុនថា គម្រោងសម្បទានហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិននឹងជួយដល់គម្រោងបន្ទាន់ចំនួន ៨ នៅកម្ពុជា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ គម្រោងទាំងនោះរួមមាន ការតភ្ជាប់បណ្តាញអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អណ្តូងទឹក និងស្រះទឹក ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួត ព្រមទាំងកសាងមន្ទីរពេទ្យនៅតាមទីជនបទផងដែរ។
លោកថ្លែងថា៖ «ក្រោយពីប្រជុំនេះ ភាគីចិនបានឆ្លើយយល់ព្រមតាមសំណើយើងទាំងអស់ ហើយភាគីចិនបានធ្វើជាបញ្ជីការងារភ្លាមៗសម្រាប់ធ្វើការងាររួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាយើង»។
លោកបន្តថា៖ «សម្បទានហិរញ្ញប្បទានជាប្រាក់យន់របស់ចិន និងដុល្លារ សរុបទាំងអស់មាន ៨ គម្រោងសម្រាប់ឆ្នាំ ២០២០-២០២៥។ ក្នុងនោះភាគីចិននឹងជួយលើគម្រោងតភ្ជាប់បណ្តាញអគ្គិសនីទៅជនបទ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជនយើង»៕ LA