បាត់ដំបងៈ តម្លៃពោតក្រហមនៅខេត្តបាត់ដំបងនាដើមរដូវប្រមូលផលឆ្នាំនេះ បានធ្លាក់ចុះប្រមាណជិត ១០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការប្រមូលផលពោតលើកទី ១ សម្រេចបានប្រមាណ ៣០ ភាគរយហើយ។ នេះបើយោងតាមប្រធានមន្ទីរពាណិជ្ជកម្មខេត្ត។
ជារៀងរាល់ឆ្នាំការប្រមូលផលពោតក្រហមត្រូវបានធ្វើឡើងចំនួន ២ លើក ដោយលើកទី ១ ចាប់ពីចុងខែមិថុនា ដល់ខែសីហា និងលើកទី ២ ចាប់ពីចុងខែតុលា ដល់ខែកុម្ភៈ។
លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃចន្ទថា តម្លៃពោតក្រហមក្នុងខេត្តបាត់ដំបងនៅពេលប្រមូលផលដំបូងឆ្នាំនេះធ្លាក់ចុះជិត ១០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ លោកបន្តថា ដោយសារទិន្នផលពោតក្រហមភាគច្រើនត្រូវបានគេនាំចេញទៅកាន់ប្រទេសថៃ ហេតុនេះតម្លៃរបស់វាក៏អាស្រ័យលើទីផ្សារប្រទេសថៃដែរ។
លោកថ្លែងថា៖ «ការប្រមូលផលពោតក្រហមក្នុងខេត្តបាត់ដំបងមកដល់ពេលនេះសម្រេចបានប្រមាណ ៣០ ភាគរយហើយ ដោយតម្លៃរបស់វាបានធ្លាក់ចុះបន្តិចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»។
យោងតាម លោក គឹម ហួត នៅថ្ងៃនេះ (ថ្ងៃចន្ទ) ពោតក្រហមស្រស់មានតម្លៃជាមធ្យម ៣ ៨០០ បាតក្នុង ១ តោន (ប្រហែល ៤៩៣ ៧០០ រៀល) ខណៈឆ្នាំមុនមានតម្លៃ ៤,១ បាត (ប្រហែល ៥៣២ ៥០០ រៀល)។
ទោះជាយ៉ាងណាលោកអះអាងថា នេះគ្រាន់តែជាតម្លៃនៃការប្រមូលផលដំបូងប៉ុណ្ណោះ។
ជាទូទៅទិន្នផលពោតក្រហមក្នុងខេត្តបាត់ដំបងប្រហែល ៨០ ភាគរយ ត្រូវបានឈ្មួញនាំយកទៅកាន់ប្រទេសថៃ ក្រៅពីនោះត្រូវបានទិញដោយក្រុមហ៊ុនផលិតចំណីសត្វក្នុងស្រុក CP។
លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង និយាយថា ផ្ទៃដីដាំដុះពោតក្រហមក្នុងខេត្តបាត់ដំបងក្នុងឆ្នាំ ២០២០ នេះបានធ្លាក់ចុះច្រើនធៀបនឹងឆ្នាំមុន ព្រោះប្រជាកសិករបាននាំគ្នាទៅដាំដំឡូងវិញ។ ទោះបីយ៉ាងណា សម្រាប់វិស័យបង្កបង្កើនផលលើផ្ទៃដីកសិកម្មនៅបាត់ដំបងក្នុងឆ្នាំនេះមិនបានធ្លាក់ចុះទេ។
លោកបានថ្លែងថា៖ «ពេលនេះមន្ទីរកសិកម្មខេត្តកំពុងខិតខំធ្វើពិពិធកម្មដើម្បីបង្កើនសក្តានុពលសម្រាប់ការផ្គត់ផ្គង់ស្បៀងអាហារ និងផលិតផលកសិកម្មមួយចំនួនទៀត ដោយរាប់ទាំងការដាំដុះដំណាំកសិឧស្សាហកម្ម បន្លែ និងការធ្វើវារីវប្បកម្ម»។
លោកអះអាងថា ជារួមចលនានៃការពង្រីកការបង្កើនផលកសិកម្មនៅខេត្តបាត់ដំបងក្នុងឆ្នាំ ២០២០ នេះបានកើនឡើងច្រើនបើធៀបនឹងឆ្នាំ ២០១៩ កន្លងមក។
ម្ចាស់សៃឡូ (កន្លែងប្រមូលទិញ) ១ កន្លែងក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង អ្នកស្រី ចាន់ មួយ បានប្រាប់អំពីការធ្លាក់ថ្លៃនេះផងដែរ ថា ការធ្លាក់ថ្លៃនេះអាចបណ្តាលមកពីក្តីព្រួយបារម្ភពីជំងឺកូវីដ១៩។ អ្នកស្រីបន្តថា សម្រាប់ទិន្នផលឆ្នាំនេះ បើតាមការព្យាករក៏នឹងធ្លាក់ចុះជាងឆ្នាំមុនផងដែរ ព្រោះមានប្រជាកសិករមួយចំនួន បាននាំគ្នាងាកទៅដាំដំឡូងច្រើនក្នុងឆ្នាំនេះ។
អ្នកស្រីប្រាប់ទៀតថា នៅថ្ងៃនេះ (ថ្ងៃចន្ទ) ពោតក្រហមសើមមានតម្លៃជាមធ្យម ៣ ៩០០ បាតក្នុង ១ តោន (ប្រហែល ៥០៦ ០០០ រៀល) និងគ្រាប់ពោតស្ងួតដែលពន្លះស្នូលចេញមានតម្លៃ ៨ ០០០ បាត (១,០៤ លានរៀល)។
លោក ផែន នឿត កសិករដាំពោត និងដំឡូងក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបងបានប្រាប់ថា ក្តីបារម្ភទីផ្សារ និងអាកាសធាតុបានធ្វើឲ្យលោកសម្រេចកាត់បន្ថយការដាំដុះពោតក្រហមយ៉ាងច្រើនក្នុងឆ្នាំនេះ។ លោកបន្តថា ផ្ទៃដីចំនួន ៦ ហិកតាដែលបានដាំពោតកាលពីឆ្នាំមុននៅឆ្នាំនេះលោកដាំពោតតែ ១ ហិកតាប៉ុណ្ណោះ ព្រោះពីនោះគឺដាំដំឡូងទាំងអស់។
លោកនិយាយថា៖ «ឆ្នាំនេះ ខ្ញុំដាំពោតក្រហមតែ ១ ហិកតាតែប៉ុណ្ណោះ ព្រោះខ្ញុំគិតថា ការដាំដំឡូងអាចផ្តល់ផលច្រើនជាងពោតក្រហម»។
ទិន្នន័យពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០២០ នេះផ្ទៃដីដាំពោតសរុបមានជាង ៤,៣ ម៉ឺនហិកតា ថយចុះជិតពាក់កណ្តាលបើធៀបនឹងឆ្នាំមុន ដែលមានចំនួនជាង ៧,៣ ម៉ឺនហិកតា។ តាមការព្យាករនៅក្នុងឆ្នាំ ២០២០ នេះពោតក្រហម ក្នុងខេត្តបាត់ដំបង ផ្តល់ផលជាមធ្យម ២,៨៣ តោនក្នុង ១ ហិកតា៕LA