ភ្នំពេញៈ ខណៈឧស្សាហកម្ម ៤.០ ឬបដិវត្តន៍ឧស្សាហកម្មទី ៤ កំពុងបើកឱកាសសម្រាប់ប្រទេសជាច្រើន វាក៏ផ្តល់បញ្ហាប្រឈមផងដែរ ដូចជាប្រទេស កម្ពុជា ស្របពេលប្រជាជននៅពឹងផ្អែកខ្លាំងនៅឡើយលើវិស័យកសិកម្ម។
ឧស្សាហកម្ម ៤.០ សំដៅដល់ការអភិវឌ្ឍបច្ចេកវិទ្យាជឿនលឿនមួយចំនួន ដូចជាបច្ចេកវិទ្យាមនុស្សយន្ត បច្ចេកវិទ្យាជីវសាស្ត្រទំនើបកម្មលើបណ្ដាញទូរគមនាគមន៍ និងចំណេះធ្វើថ្មីៗពីការគ្រប់គ្រងផលិតកម្មជាដើម។
លោក ផេង សុខាំ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងក្នុងសិក្ខាសាលាស្តីពី «ឧស្សាហកម្ម ៤.០ ផលិតភាពក្នុងយុគសម័យបច្ចេកវិទ្យា» កាលពីម្សិលមិញថា ការរីកចម្រើនដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា បានតម្រូវឲ្យគ្រប់ស្ថាប័ន និងក្រុមហ៊ុនទាំងអស់ត្រូវតែប្រឹងប្រែងរត់ឲ្យកាន់តែលឿន និងមានភាពបត់បែនគ្រប់កាលៈទេសៈ។
លោកបន្តថា៖ «ឧស្សាហកម្ម ៤.០ បានតម្រូវឲ្យកម្ពុជារៀបចំគោលនយោបាយយុទ្ធសាស្រ្តថ្មីៗជាច្រើនដើម្បីទប់ទល់នឹងបញ្ហាប្រឈម ព្រមទាំងអាចទាញយកផលប្រយោជន៍ពីការរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន»។
លោកថ្លែងថា៖ «ដោយសារកម្ពុជាមានប្រជាជនវ័យក្មេងច្រើន យើងជឿថា កម្ពុជាអាចឈានទៅសម្រេចបាននូវការលើកកម្ពស់ផលិតភាពរបស់ខ្លួន»។
នាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា លោក Nick Beresford បានឲ្យដឹងថា បដិវត្តន៍ឧស្សាហកម្មកំពុងធ្វើឲ្យមានការផ្លាស់ប្តូរនូវទម្លាប់ធ្វើការងារ ដែលធ្លាប់បានអនុវត្តនាពេលកន្លងមក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ លោកបន្តថា បច្ចេកវិទ្យាបានក្លាយជាចំណុចដ៏សំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងការងារ។
លោកថ្លែងថា៖ «កម្ពុជាត្រូវតែក្តោបក្តាប់ឲ្យបាននូវឱកាសនៃការរីកចម្រើនទាំងអស់នេះ ដើម្បីធានាថា កម្ពុជាអាចទទួលបានអត្ថប្រយោជន៍ពីដំណើរការនៃការវិវឌ្ឍបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលកំពុងចាប់ផ្តើមនាពេលនេះ»។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានប្រាប់ថា កម្ពុជានៅមិនទាន់មានមូលដ្ឋានគ្រឹះរឹងមាំគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ដល់ឧស្សាហកម្ម ៤.០ នេះទេ។ លោកបន្តថា កម្ពុជានៅមានភាពទន់ខ្សោយទាំងផ្នែកធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន និងផ្នែកប្រព័ន្ធបច្ចេកវិទ្យា។
លោកថ្លែងថា៖ «បើនិយាយពីឧស្សាហកម្ម ៤.០ យើងឃើញថា កម្ពុជាអាចនឹងពិបាកក្នុងការប្រកួតប្រជែងឈ្នះគេដោយយើងអាចបានត្រឹមតោងពីក្រោយប្រទេសដែលមានបច្ចេកវិទ្យារីកចម្រើនប៉ុណ្ណោះ។ ប៉ុន្តែទន្ទឹមនឹងនេះកម្ពុជាក៏នឹងទទួលបានឱកាសការងារមួយចំនួនផងដែរពីប្រទេសជឿនលឿននៅពេលគេបោះបង់ការងារទាំងនោះ»។
បើតាមលោក ច័ន្ទ សុផល ការងារដែលកម្ពុជានឹងទទួលបាននោះ គឺការងារដែលទាក់ទងនឹងការប្រើប្រាស់កម្លាំងពលកម្មច្រើន។ លោកបានបន្តថា បញ្ហាសមត្ថភាពធនធានមនុស្សនៅមានកម្រិត គឺជាកត្តាសំខាន់នៅកម្ពុជា។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Emerging Markets Consulting បានយល់ឃើញស្រដៀងគ្នានេះដែរ ដោយលោកបន្ថែមថា កម្ពុជាត្រូវតែធ្វើការសិក្សាបន្ថែមពីស្ថានភាពរបស់ខ្លួនដើម្បីរៀបចំគោលនយោបាយឲ្យកាន់តែប្រសើរ។
លោកបន្តថា ធនធានមនុស្ស បញ្ហាតម្លៃអគ្គិសនី ការដឹកជញ្ជូន ប្រព័ន្ធច្បាប់ ត្រូវការកែលម្អបន្ថែម ហើយករណីនេះវាត្រូវការពេលវេលា។ លោកថ្លែងថា៖ «ឧស្សាហកម្ម ៤.០ គេនិយាយដល់ការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ រហូតដល់គ្រឿងយន្ត សួរថាតើកម្ពុជាអាចមានសមត្ថភាពផលិតប្រើប្រាស់ ឬថែរក្សាហើយឬនៅ?»៕LA