កាលពីថ្ងៃអង្គារ ទី ១៣ មេបក្សប្រឆាំងម៉ាឡេស៊ីលោក Anwar Ibrahim បានចូលគាល់ព្រះមហាក្សត្រ ដើម្បីបង្ហាញភ័ស្តុតាងថា លោកពិតជាមានការគាំទ្រគ្រប់គ្រាន់ពីសមាជិកសភាសម្រាប់ការដកនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក Muhyiddin Yassin ចេញពីតំណែងហើយបង្កើតរដ្ឋាភិបាលថ្មី។
មុននឹងលោកឈានចូលរាជវាំង Isatana Negara លោក Anwar បាននិយាយថា លោកនឹងបង្ហាញព្រះមហាក្សត្រនូវភ័ស្តុតាងជាឯកសារបញ្ជាក់ការគាំទ្រពីសមាជិកសភា ដោយលោកបាននិយាយថា ភ័ស្តុតាងទាំងនេះ គឺរឹងមាំ និងគួរឱ្យជឿជាក់។
ដំបូងឡើយលោក Anwar ត្រូវចូលគាល់ព្រះមហាក្សត្រ Al-Sultan Abdullah Ri''ayatuddin Al-Mustafa Billah Shah តាំងពី ៣ សប្តាហ៍មុនមកម្ល៉េះ ប៉ុន្តែការណាត់ចូលគាល់ត្រូវបានលុបចោលដោយសារព្រះអង្គទ្រង់យាងទៅមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាលការពុលអាហារ និងរបួសសន្លាក់បណ្តាលមកពីការហាត់កីឡា រហូតមកដល់ថ្ងៃទី ២ ខែតុលា ទើបព្រះអង្គទ្រង់យាងចេញពីមន្ទីរពេទ្យ។
ក្រោយពីបានចូលគាល់ព្រះមហាក្សត្រ លោក Anwar បានរៀបចំសន្និសីទកាសែត ដោយបានប្រាប់អ្នកសារព័ត៌មានថា ព្រះមហាក្សត្រនឹងសិក្សាឯកសារ ដែលលោកបានថ្វាយហើយព្រះអង្គនឹងពិគ្រោះយោបល់ជាមួយមេដឹកនាំគណបក្សនយោបាយផ្សេងៗទៀត ដើម្បីធ្វើការសម្រេចចិត្ត។
គួរបញ្ជាក់ថា មហាក្សត្រម៉ាឡេស៊ីមានតួនាទីតែងតាំងបេក្ខជនដែលទ្រង់យល់ឃើញថា មានការគាំទ្រភាគច្រើននៃសមាជិកសភាជានាយករដ្ឋមន្ត្រី។
យ៉ាងណាមិញលោក Anwar បានអំពាវនាវឱ្យប្រជាជនម៉ាឡេស៊ីអនុវត្ត «ការអត់ធ្មត់» ដើម្បីអនុញ្ញាតឱ្យព្រះមហាក្សត្រធ្វើការពិចារណា និងធ្វើការសម្រេចចិត្តឈរលើ «ស្មារតីនៃរដ្ឋធម្មនុញ្ញ និងឆន្ទៈរបស់ព្រះអង្គ»។
លោក Anwar ក៏បានសង្កត់ធ្ងន់ផងដែរថា លោក Muhyiddin បានបាត់បង់សំឡេងភាគច្រើនក្នុងសភាហើយលោកត្រូវតែលាលែងពីតំណែងនាយករដ្ឋមន្ត្រី។
លោក Anwar បានអះអាងថា លោកមានការគាំទ្រពីសមាជិកសភាប្រមាណ ១២០ រូប លើចំនួនសរុប ២២២ តែលោកមិនបានបញ្ចេញអត្តសញ្ញាណរបស់សមាជិកសភាទាំងនេះទេ។
ប៉ុន្តែមានជនមិនស្គាល់មុខចែកចាយបញ្ជីឈ្មោះសមាជិកសភាចំនួន ១២១ រូប ដែលគេអះអាងថា ជាសមាជិកសភាដែលគាំទ្រលោក Anwar។ ប៉ូលិសបានបើកការស៊ើបអង្កេតរកប្រភពបញ្ជីឈ្មោះនេះ ក្រោយពីបានទទួលពាក្យបណ្ដឹងចំនួន ៦ ដោយក្នុងចំណោមនោះមានពាក្យបណ្ដឹងមកពីសមាជិកសភាមិនស្គាល់អត្តសញ្ញាណ ១ រូប។ ពាក់ព័ន្ធនឹងរឿងនេះផងដែរ លោក Anwar ត្រូវបានប៉ូលិសកោះហៅឱ្យទៅធ្វើការបំភ្លឺមួយចំនួនកាលពីថ្ងៃចន្ទ ទី ១២។
ងាកមកលោក Muhyiddin ដែលដឹកនាំសំឡេងភាគច្រើន ១១៣ អាសនៈក្នុងសភា មានការមិនទុកចិត្តចំពោះការអះអាងរបស់លោក Anwar ហើយបានទាមទារឱ្យលោកបង្ហាញភ័ស្តុតាងជាសាធារណៈ។
លោក Anwar ត្រូវបានគេរំពឹងថានឹងស្នងតំណែងនាយករដ្ឋមន្ត្រីពីលោក Mahathir Mohammad ប៉ុន្តែកាលពីដើមឆ្នាំ ២០២០ លោក Muhyiddin បានបំបែកខ្លួនចេញពីសម្ព័ន្ធភាពនយោបាយ Pakatan Harapan (PH) ដឹកនាំដោយលោក Mohammad និងលោក Anwar។ លោក Muhyiddin បានបង្កើតសម្ព័ន្ធភាពនយោបាយ Perikatan Nasional (PN) ដែលធ្វើឱ្យ PH បាត់បង់សំឡេងភាគច្រើនក្នុងសភា និងធ្វើឱ្យលោក Mahathir លាលែងពីតំណែងនាយករដ្ឋមន្ត្រី។
លោក Anwar ដំបូងឡើយជាតារាដែលកំពុងរះឡើងក្នុងវិស័យនយោបាយម៉ាឡេស៊ី និងក្នុងបក្ស UMNO តែលោកត្រូវបានជាប់ពន្ធនាគារពីបទរួមភេទជាមួយបុរស និងអំពើពុករលួយបន្ទាប់ពីត្រូវបានបណ្ដេញចេញពីតំណែងជាឧបនាយករដ្ឋមន្ត្រីដោយលោក Mahathir ក្នុងឆ្នាំ ១៩៩៨។
លោកត្រូវបានជាប់ពន្ធនាគារម្ដងទៀតពីបទរួមភេទជាមួយបុរសដដែលក្នុងឆ្នាំ ២០១៥ នៅពេលដែលលោក Najib Razakធ្វើជានាយករដ្ឋមន្ត្រី។
បន្ទាប់មកលោកត្រូវបានទទួលការលើកលែងទោសពីព្រះមហាក្សត្រក្នុងឆ្នាំ ២០១៨ ដែលជាផ្នែក ១ នៃកិច្ចព្រមព្រៀងជាមួយលោក Mahathir ដើម្បីឱ្យ Mahthirទទួលបានជ័យជម្នះជានាយករដ្ឋមន្ត្រីបន្ទាប់ពីអ្នកទាំង ២ បានបង្កើតសម្ព័ន្ធមិត្ត ដើម្បីទម្លាក់លោក Najib នៅក្នុងការបោះឆ្នោត៕