The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​រង់ចាំ​ពិភាក្សា​ជាមួយ​ម្ចាស់បំណុល​របស់​ក្រុមហ៊ុន​ KrisEnergy




រដ្ឋាភិបាល​រង់ចាំ​ពិភាក្សា​ជាមួយ​ម្ចាស់បំណុល​របស់​ក្រុមហ៊ុន​ KrisEnergy

Content image - Phnom Penh Post
ស្ថានីយ​បូមប្រេង​នៅ​ប្លុក A របស់​ក្រុមហ៊ុន​ គ្រីសអេនើជី (​ខេមបូឌា)​។ រូបថត សហការី

រដ្ឋាភិបាល​រង់ចាំ​ពិភាក្សា​ជាមួយ​ម្ចាស់បំណុល​របស់​ក្រុមហ៊ុន​ KrisEnergy

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រ៉ែ និង​ថាមពល (MME) បាន​ឱ្យ​ដឹងថា ប្រតិបត្តិការ​ប្រេងកាត​នៅ​ប្លុក A របស់​កម្ពុជា​នឹង​ជួប​បញ្ហា​ប្រឈម​ខ្លះ ដោយសារ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ គ្រីសអេនើជី (ខេមបូឌា) បាន​បាត់បង់​ការផ្តល់ទុន​ហិរញ្ញវត្ថុ​សម្រាប់​ប្រតិបត្តិការ​របស់ខ្លួន ក្រោយ​ពេលដែល​ក្រុមហ៊ុនមេ KrisEnergy ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ដាក់ពាក្យ​ស្នើសុំ​តុលាការ​រំលាយ​ក្រុមហ៊ុន និង​ចាត់ចែង​ទ្រព្យសម្បត្តិ​ដើម្បី​សងបំណុល​។

កាលពី​ថ្ងៃ​សុក្រ​ទី​ ៤ ខែមិថុនា ក្រុមហ៊ុន KrisEnergy Ltd បាន​ប្រកាស​ថា ខ្លួន​មិនមាន​លទ្ធភាព​ក្នុង​ការសង​បំណុល​ឡើយ​។ ក្រុមហ៊ុន​បាន​បន្តថា បំណុល​របស់ខ្លួន​លើសពី​តម្លៃ​ទ្រព្យសកម្ម​របស់​ក្រុមហ៊ុន ចំណែក​លំហូរ​សាច់ប្រាក់​ពី​ការអភិវឌ្ឍ Apsara Mini Phase 1A នឹង​មាន​ការរៀបចំ​រចនាសម្ព័ន្ធ​ជាថ្មី​។

លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ MME បាន​សរសេរ​ពន្យល់​ទៅកាន់​សាធារណជន​នៅលើ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​លោក​ថា បើ​គ្មាន​ការប្រែប្រួល តុលាការ​នឹង​សម្រេច​តែងតាំង​ភ្នាក់ងារ​វាយតម្លៃ ព្រមទាំង​ចាត់ចែង​ការលក់​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​នេះ សង​ម្ចាស់​បំណុល​នានា​ដែល​ក្រុមហ៊ុន​មាន​កន្លងមក​ ដើម្បី​ជម្រះ​បិទ​បំណុល​ទាំងអស់​។

លោក​ថ្លែងថា​៖ «​ក្រោយ​ការអនុវត្ត​នីតិវិធី​តុលាការ​នេះ​រួចហើយ ក្រុមហ៊ុន KrisEnergy នឹងត្រូវ​រំលាយ ហើយ​ម្ចាស់បំណុល​នឹង​ទទួលបាន​សិទ្ធិ​ចាត់ចែង​លើ​ទ្រព្យ​របស់​ក្រុមហ៊ុន KrisEnergy ដែលមាន​ទាំងអស់​រួមទាំង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ KrisEnergy Cam-bodia និង​សិទ្ធិ​សម្បទាន​ប្រេងកាត​នៅ​ប្លុក A នៅ​កម្ពុជា​។ នៅពេល​នោះ ម្ចាស់បំណុល​អាច​ចាត់ចែង​បន្ត ឬ​រក​ដៃគូ​មក​ចាត់ចែង​បន្ត​លើ​ទ្រព្យ​ទាំងនោះ ផ្អែកលើ​កិច្ចព្រមព្រៀង​ប្រេងកាត និង​ច្បាប់​របស់​កម្ពុជា ចំពោះ​ករណី​ប្លុក​ប្រេងកាត​នៅ​កម្ពុជា​»​។

លោក​បន្ថែមថា​៖ «​ជា​បន្ត ម្ចាស់​បំណុល​ដែល​ទទួលបាន​សិទ្ធិ​ចាត់ចែង​លើ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ KrisEnergy Cambodia នឹងត្រូវ​មក​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​រក​ការ​ឯកភាព​គ្នា​មួយ​ក្នុង​ការបន្ត​អនុវត្ត​គម្រោង​កិច្ចព្រមព្រៀង​ប្រេងកាត​នៅ​ប្លុក A នេះ​យ៉ាងណា​ទៅមុខទៀត​»​។

«​ក្នុងដំណាក់កាល​រង់ចាំ​ការចាត់ចែង​របស់​តុលាការ និង​ការចរចា​រវាង​ភាគី​ម្ចាស់បំណុល​ដែល​ទទួលបាន​សិទ្ធិ​បន្ត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ប្រតិបត្តិការ​ប្រេងកាត​នៅ​ប្លុក A នៅ​កម្ពុជា​នឹង​ត្រូវ​ជួប​បញ្ហា​ប្រឈម​ដោយសារ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ KrisEnergy Cambodia បាន​បាត់បង់​ការផ្តល់​ទុន​ហិរញ្ញវត្ថុ​សម្រាប់​ប្រតិបត្តិការ​របស់ខ្លួន​។ ប្រតិបត្តិការ​ប្រេងកាត​ធំៗ និង​គម្រោង​អភិវឌ្ឍន៍​ជា​ជំហាន​បន្ត​ដែល​បាន​គ្រោងទុក​នឹង​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន រង់ចាំ​ដំណោះស្រាយ​ឯកភាពគ្នា​ណាមួយ​រវាង​រដ្ឋាភិបាល និង​ម្ចាស់បំណុល​ដែល​ទទួលបាន​សិទ្ធិ​បន្ត​ពី​តុលាការ​»​។ នេះ​បើ​យោងតាម​ការថ្លែង​បញ្ជាក់​របស់​មន្ត្រី​រូបនេះ​។

លោកស្រី Tanya Pang អនុប្រធាន​ទំនាក់ទំនង​វិនិយោគិន និង​ទំនាក់ទំនង​សាជីវកម្ម KrisEnergy Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៨ ខែមិថុនា​ថា សេចក្តីប្រកាស​រំលាយ​ក្រុមហ៊ុន​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ៤ ខែមិថុនា នេះ​គឺ​សំដៅ​ដល់​ការរំលាយ​ក្រុមហ៊ុនមេ​តែប៉ុណ្ណោះ​។

លោកស្រី​អះអាងថា​៖ «​ដាក់ពាក្យ​បញ្ចប់​ប្រតិបត្តិការ​អាជីវកម្ម ដូច​ដែល​បានប្រកាស​នៅ​ថ្ងៃទី​ ៤ ខែមិថុនា ឆ្នាំ ២០២១ ទាក់ទង​តែ​ក្រុមហ៊ុន Kris-Energy ដែល​ជា​ក្រុមហ៊ុនមេ​បាន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​សិង្ហបុរី​តែប៉ុណ្ណោះ គឺ​មិន​សំដៅ​ដល់​ដំណើរការ​អាជីវកម្ម​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ទេ​។ ដូច្នេះ​រាល់​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ KrisEnergy គឺ​នៅតែ​បន្ត​ដំណើរការ​ជាធម្មតា​»​។

កម្ពុជា​បាន​ទាញយក​តំណក់​ប្រេងឆៅ​លើកដំបូង​កាលពី​ថ្ងៃទី​ ២៨ ខែធ្នូ ឆ្នាំ​ ២០២០ ​ពី​អណ្ដូងប្រេង A-01D ជា​ផ្នែក​មួយ​នៃ​ការកសាង​ផ្លាតហ្វម​ក្បាលអណ្ដូង​ផលិតកម្ម​ចំនួន​ ៥ នៅក្នុង​ការអភិវឌ្ឍ Mini-Phase 1A របស់​ក្រុមហ៊ុន KrisEnergy​។

យោងតាម​លោក សក្តិធារ៉ា ក្រុមហ៊ុន KrisEnergy មាន​ធុរកិច្ច​ខាង​អាជីវកម្ម​ប្រេងកាត​នៅ​ប្រទេសមួយ​ចំនួន​ដូចជា បង់ក្លាដែស ឥណ្ឌូនេស៊ី ថៃ វៀតណាម និង​កម្ពុជា តាមរយៈ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ខ្លួន គ្រីសអេនើជី (​ខេមបូឌា)​។ លោក​បន្ថែមថា ក្រុមហ៊ុន​បានចាប់ផ្តើម​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ចាប់តាំងពី​ឆ្នាំ​ ២០១៨ មក​ម្ល៉េះ​។

បច្ចុប្បន្ន​ក្រុមហ៊ុន​ គ្រីសអេនើជី (​ខេមបូឌា) កំពុង​ផលិត​ប្រេង​ចេញ​ពី​អណ្តូង​សាកល្បង​ចំនួន ៥​ អណ្តូង នៅ​តំបន់​ផលិតកម្ម​តូច​មួយ​នៃ​ប្លុក A មិនមែន​ប្លុក A ទាំងមូល​ទេ​។ តំបន់​នេះ​មាន​ផ្ទៃក្រឡា​ប្រហែល ១១០ ​គីឡូម៉ែត្រ​ការ៉េ ចំណែក​ប្លុក A ទាំងមូល​មាន​ផ្ទៃក្រឡា​ប្រមាណ​ ៣ ០០០​ គីឡូម៉ែត្រ​ការ៉េ​៕ LA

អត្ថបទគួរចាប់អារម្មណ៍