ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​បាន​ចាប់ផ្តើម​ដាក់ឱ្យ​ដំណើរការ CambodiaTrade ដែលជា​ផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (e-commerce marketplace) ​ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​អាចដាក់​លក់​ផលិតផល​របស់ខ្លួន​លើ​ផ្សារ​នេះ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

បច្ចុប្បន្ន​ផ្សារ​ត្រូវបាន​បើក​សម្រាប់​ការចុះឈ្មោះ​ជាមុន​ទៅដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដែលមាន​បំណង​ចង់​លក់​ផលិតផល​នៅលើ​ទីផ្សារ​នេះ​។ ផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ត្រូវបាន​ប្រតិបត្តិការ​តាមរយៈ​គេហទំព័រ CambodiaTrade.com ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ពាណិជ្ជកម្ម​។

CambodiaTrade ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ក្នុង​ការលក់​ផលិតផល​តាម​ប្រព័ន្ធ​អនឡាញ​ដល់​អតិថិជន​សក្តានុពល​ទាំង​ក្នុងស្រុក​ និង​ទីផ្សារ​ក្រៅ​ស្រុក​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

ដើម្បី​មាន​សិទ្ធិ​ប្រើប្រាស់​ផ្សារ​នេះ​សហគ្រាស​ធុន​តូច និង​មធ្យម​ត្រូវតែ​បំពេញ​តាម​លក្ខន្តិកៈ​តម្រូវ គឺជា​ក្រុមហ៊ុន ឬ​សហគ្រាស​ដែល​បាន​ចុះឈ្មោះ​ជា​ផ្លូវការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម ឬ​មាន​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម មាន​វិញ្ញាបនបត្រ​ពន្ធ​ប៉ាតង់ (Patent Certificate) និង​លេខ​អត្តសញ្ញាណ​សារពើពន្ធ​ (VAT Certificate) ​ដែលមាន​សុពលភាព និង​លក់​ផលិតផល​ដែល​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា​។

ការចុះឈ្មោះ​ជាមុន​នឹង​អនុញ្ញាត​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​អាច​ចុះឈ្មោះ​ជាមួយ CambodiaTrade.com ហើយ​បញ្ចូល​រាល់​ព័ត៌មាន​ដែល​ចាំបាច់ និង​ឯកសារ​ផ្សេងៗ​ដើម្បី​បាន​ទទួល​ការពិនិត្យ និង​អនុម័ត​ទៅលើ​ការចុះឈ្មោះ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យដឹង​ទៀត​ថា​៖ «​នៅពេល​ការចុះឈ្មោះ​របស់​លោក​អ្នក​ត្រូវបាន​អនុម័ត សហគ្រាស​ធុន​តូច និង​មធ្យម​អាចបំពេញ​ស្តុក​របស់ខ្លួន​ដោយ​បង្ហោះ​ផលិតផល​ពួកគេ​នៅលើ​ទំព័រ​ហាង​របស់ខ្លួន​។ ផលិតផល​ទាំងនោះ​នឹងត្រូវ​បានដាក់​បង្ហាញ​នៅលើ​ផ្សារ​នៅពេល​ដែល​ផ្សារ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​»​។

វិស័យ​ឯកជន​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​ក្រសួង​ដែល​ដាក់ឱ្យ​ប្រើប្រាស់​ផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅពេលនេះ​។

កញ្ញា ថូង ធីតា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន ថូង ត្រេឌីង ឯ.ក ដែលជា​ក្រុមហ៊ុន​កែច្នៃ​អំបិល​កំពត-កែប​បាន​ឱ្យដឹងថា នេះ​ជាការ​ប្រសើរ​សម្រាប់​ទស្សនវិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​ដែល​វា​នឹង​ក្លាយជា​វេទិកា​ដ៏ល្អ ដើម្បី​ធ្វើ​អន្តរាគមន៍​ដល់​ពាណិជ្ជកម្ម​អេឡិចត្រូនិក ពិសេស​សម្រាប់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​។

កញ្ញា ធីតា ប្រាប់ថា​៖ «​ប្រការនេះ​អាចជួយ​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​ស្វែងរក​ទីផ្សារ​ថ្មី​ដោយ​ស្វែងរក​ជំនាញ ការគាំទ្រ​ចូល​ទីផ្សារ​ថ្មី​ និង​ឱកាស​បើកចំហ​សេវាកម្ម ឬ​ផលិតផល​របស់​ពួកគេ​ ដើម្បី​បង្កើន​សកម្មភាព​អាជីវកម្ម​ជា​អន្តរជាតិ​»​។

លោកស្រី កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​បាន​ឱ្យដឹងថា នេះ​ជាការ​គិតគូរ​ដ៏ល្អ​របស់​ក្រសួង​ក្នុង​ការលើកទឹកចិត្ត​ដល់​អ្នក​ផលិត​ក្នុង​ស្រុក​ឱ្យ​លក់​ផលិតផល​លើ​ប្រព័ន្ធ​អនឡាញ​ដែលជា​ផ្នែក​មួយ​ក្នុង​ការលើកកម្ពស់​ផលិតផល​ក្នុង​ស្រុក​។ លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា​នឹង​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម និង​ជំរុញ​ការចែកចាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែ​ទូលាយ​នៅលើ​ទីផ្សារ ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​»​។

លោកស្រី​បាន​បន្ថែមថា ការបញ្ជាទិញ​ទំនិញ​តាម​ប្រព័ន្ធ​ឌីជីថល​នៅលើ​ពិភពលោក​កំពុង​ពេញនិយម​ខ្លាំង​ដែល​នេះ​ជា​ឱកាស​ក្នុង​ការផ្សព្វផ្សាយ​ផលិតផល​ក្នុង​ស្រុក​ទៅ​ទីផ្សារ​អន្តរជាតិ​។

លោកស្រី​លើកឡើងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្រសួង​បង្កើន​ការផ្សព្វផ្សាយ​ផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឱ្យ​ទូលំទូលាយ​បន្ថែមទៀត ដើម្បីឱ្យ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន​ផុសផុល​ក្នុង​ការជំរុញ​ផលិតផល​ខ្មែរ​ដាក់លក់​នៅលើ​អនឡាញ​»​។

ផ្សារ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​មាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​កម្មវិធី​ពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម នៅក្រោម​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កម្ពុជា ដោយ​មាន​គោលបំណង​ក្នុង​ការជំរុញ​ឱ្យទទួល​បាន​អត្ថប្រយោជន៍​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​។

បច្ចុប្បន្ន​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​ចំនួន ៥២ ១៥៤ ​មូលដ្ឋាន​នៅ​កម្ពុជា​។ នេះ​បើតាម​របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​៕ LA