ភ្នំពេញៈ ស្ថានទូតឥណ្ឌានៅកម្ពុជាបានស្នើឱ្យកម្ពុជាលុបចោលការហាមឃាត់បណ្ដោះអាសន្នលើផលិតផលសាច់ក្របី និងផលិតផលសាច់ដែលនាំចូលពីប្រទេសរបស់ខ្លួន។

ការអំពាវនាវនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមអនឡាញរវាងលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាជាមួយរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី ៣ ខែមិថុនា។ នេះបើតាមស្ថានទូតឥណ្ឌា ថ្ងៃទី ៨ ខែមិថុនា។

ប្រទេសកម្ពុជា កាលពីថ្ងៃទី ១ ខែឧសភា បានដាក់ការហាមឃាត់មិនកំណត់ពេលលើការនាំចូលសាច់កក និងទំនិញកកផ្សេងទៀតដែលបានចាត់ទុកថា «ហានិភ័យខ្ពស់» មានប្រភពពីប្រទេសឥណ្ឌា ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ ១៩។

លោកស្រី Devyani Khobragade លើកឡើងថា កម្ពុជាគួរដកចេញការហាមឃាត់លើផលិតផលសាច់ក្របី និងផលិតផលសាច់នាំចូលមកពីប្រទេសឥណ្ឌា ខណៈវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានប្រមូល និងបានធ្វើតេស្ដគំរូ បានបញ្ជាក់រួចហើយថា គំរូទាំងអស់អវិជ្ជមានកូវីដ ១៩។

លោកស្រីបញ្ជាក់ថា៖ «ការហាមឃាត់នេះបានប៉ះពាល់ដល់ទំនុកចិត្តអាជីវកម្ម ពិសេសពេលភាគីទាំង ២ កំពុងព្យាយាមក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី»។

ការហាមឃាត់នេះ គឺស្របនឹងមាត្រាទី ២០ នៃកិច្ចព្រមព្រៀងទូទៅស្ដីពីពន្ធនាំចូល និងពាណិជ្ជកម្ម និងមាត្រាទី ១២ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញប្រើប្រាស់រវាងអាស៊ាន និងប្រទេសឥណ្ឌា ដោយឈរលើមូលដ្ឋាននៃការការពារសុខភាពសាធារណៈបន្ទាន់។ នេះបើតាមលិខិតរបស់លោក ប៉ាន សូរស័កិ្ត រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ១ ខែឧសភា។

ប្រទេសកម្ពុជាក៏នឹងធ្វើតេស្ដ និងស្រាវជ្រាវរកភ្នាក់ងារជំងឺផ្សេងទៀត ជាពិសេសវីរុសវ៉ារ្យ៉ង់នៃវីរុសកូរ៉ូណាលើផលិតផលកកដែលមានហានិភ័យខ្ពស់ និងស្វែងរកកិច្ចសហប្រតិបត្តិការពីរដ្ឋាភិបាលឥណ្ឌា ដើម្បីស្វែងរក និងបញ្ជាក់ប្រភពការឆ្លងតាមការផលិត ការធ្វើឱ្យកក ការវេចខ្ចប់ និងការដឹកជញ្ជូនទំនិញ។ នេះបើតាមលិខិត។

កម្ពុជាបាននាំចូលសាច់ក្របីតម្លៃ ១៧,៧ លានដុល្លារពីឥណ្ឌាកាលពីឆ្នាំ ២០២០ កើនឡើង ១៧០ ភាគរយធៀបនឹងឆ្នាំ ២០១៩ ហើយវាស្មើនឹង ១២,២៨ ភាគរយនៃពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុន។ នេះបើយោងតាមស្ថានទូត។

កាលពីខែមុន ក្រសួងសេដ្ឋកិច្ចបានអនុញ្ញាតឱ្យបញ្ចេញកុងតឺន័រ ៣៥ ដែលផ្ទុកសាច់កក និងទំនិញកកផ្សេងទៀតដែលដឹកពីប្រទេសឥណ្ឌា បន្ទាប់ពីការវិភាគមិនបានរកឃើញវត្តមានវីរុសកូរ៉ូណា៕ LA