ភ្នំពេញៈ វិបត្តិ​សុខភាព​ជា​សកល​បាន​នាំឱ្យ​តម្លៃ​នាំចូល​ផលិតផល​ស្រាបៀរ និង​ស្រា​ចម្រុះ​កាលពី​ឆ្នាំ​ ២០២០ មាន​ប្រមាណ​ ១៨ ​លាន​ដុល្លារ​ធ្លាក់ចុះ​ជិត​ពាក់កណ្តាល បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩​។ នេះ​បើតាម​ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​។

ទិន្នន័យ​បានបង្ហាញ​ថា នៅក្នុង​ឆ្នាំ​ ២០២០ ប្រទេស​កម្ពុជា​បាន​នាំចូល​ស្រាបៀរ និង​ស្រា​ចម្រុះ​មក​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុងស្រុក​ក្នុងតម្លៃ​ជា​ប្រាក់​ ១៧, ៨៩ ​លាន​ដុល្លារ ធ្លាក់ចុះ ៤៩,៧៨ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ៣៥,៦១ លាន​ដុល្លារ​។

អ្នកស្រី ច័ន្ទ ដាវី ស្ថាបនិក​ក្រុមហ៊ុន Far East Import Export Co, Ltd ដែលជា​ក្រុមហ៊ុន​នាំចូល​ស្រាក្រហម Peng Wine បាន​កត់សម្គាល់ថា វិបត្តិ​ជំងឺ​កូវីដ​ ១៩ ជា​សកល​បាន​ជះ​ឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ឧស្សាហកម្ម​នាំចូល​ស្រា​ដែល​បាននិង​កំពុង​រង​ផលប៉ះពាល់​ដល់​ទីផ្សារ​យ៉ាង​ខ្លាំង​រហូតមក​ដល់ពេលនេះ​។

អ្នកស្រី ដាវី បាន​ឱ្យ​ដឹងថា​៖ «​យើង​បាន​នាំចូល​ស្រាក្រហម​មកពី​ប្រទេស​ស៊ីលី (Chile) តាំង​ពីមុន​ផ្ទុះ​ជំងឺ​​កូវីដ ​១៩ រហូតមកដល់​ពេលនេះ យើង​លក់​មិនទាន់​ចេញ​នោះទេ​»​។

លោក ហេង នឿន បុគ្គលិក​ផ្នែក​គណនេយ្យ​នៃ​ក្រុមហ៊ុន​ភ្នំពេញ​បៀរ បានឱ្យ​ដឹងថា សូម្បី​ទីផ្សារ​ស្រាបៀរ​ក្នុងស្រុក​ក៏​រង​ផលប៉ះពាល់​ ដោយសារ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ដែរ​។ ក្តីបារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ បាន​ធ្វើឱ្យ​វិស័យ​ទេសចរណ៍ និង​សេវា​កម្សាន្ត​ផ្សេងៗ​ថមថយ ហេតុនេះ​តម្រូវការ​ស្រាបៀរ​ក៏​ធ្លាក់ចុះ​ទៅតាម​នោះដែរ​។

លោក​អះអាងថា​៖ «​ជំងឺ​កូវីដ​ ១៩ ធ្វើឱ្យមាន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ដែលនាំ​ឱ្យ​គេ​មាន​និន្នាការ​កាត់បន្ថយ​ការចំណាយ​លើ​ទំនិញ​មិនចាំបាច់​»​។

របាយការណ៍​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បង្ហាញថា នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​ផលិតស្រាបៀរ និង​ភេសជ្ជៈ​ចុះបញ្ជី​នៅ​ក្រសួង​ចំនួន ១៣ រួមមាន ក្រុមហ៊ុន Inter-Mattrid Beverage (Cambodia) Co Ltd, ក្រុមហ៊ុន Hanuman Beverages Co Ltd, ក្រុមហ៊ុន Vattanac Brewery Co Ltd, Ana Water and ក្រុមហ៊ុន Smiler Beverage Co Ltd, ក្រុមហ៊ុន Asian Sunrise Co Ltd, ក្រុមហ៊ុន HEINEKEN (Cambodia) Co Ltd, ក្រុមហ៊ុន Cambrew Ltd, Daun Penh Food and Be-verage Co Ltd, ក្រុមហ៊ុន Khmer Beverage Co Ltd, ក្រុមហ៊ុន Far East Import Export Co Ltd, ក្រុមហ៊ុន Kingdom Breweries (Cam-bodia) Ltd, ក្រុមហ៊ុន Media GB Enterprise Co Ltd, and ក្រុមហ៊ុន Phnom Penh Beer Co Ltd​។

របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បង្ហាញ​ថា ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​ ២០២១ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ប្រមូល​ចំណូល​បាន ៦១៤,៨ ​លាន​ដុល្លារ ​ថយចុះ​ ១៥,២ ​ភាគរយ​ ធៀប​ត្រីមាស​ទី​១ ឆ្នាំ​ ២០២០​។

ចំណូល​ប្រចាំត្រីមាស​ទី​១ ឆ្នាំនេះ​បើ​គិត​តាម​ក្រុម​ប្រភេទ​ទំនិញ គឺ​ចំណូល​ពី​យានយន្ត និង​គ្រឿងចក្រ​មាន ចំនួន ៤៣,៥ ​ភាគរយ​នៃ​ចំណូល​សរុប ទំនិញ​ចម្រុះ ២៧,៤ ភាគរយ ផលិតផល​តេលសិលា​ (​ប្រេងសាំង ប្រេងម៉ាស៊ូត និង​ប្រេងរំអិល​) មាន ២២,៨ ភាគរយ និង​សម្ភារ​សំណង់ និង​កម្រៃ​ផ្សេងៗ​មាន ៦,៣ ភាគរយ​៕ LA