ភ្នំពេញៈ សហព័ន្ធ​ស្រូវ​អង្ករកម្ពុជា​ (CRF) ​មាន​សុទិដ្ឋិនិយម​ថា ការអនុវត្ត​ «​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ក្នុង​រយៈពេល ៣ ឆ្នាំ​របស់​រដ្ឋាភិបាល​កម្ពុជា​នឹង​ជំរុញ​ការនាំចេញ និង​ពង្រីក​ទីផ្សារ​អន្តរជាតិ​កាន់តែ​ប្រសើរឡើង​សម្រាប់​អង្ករ​កម្ពុជា​។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ដើម​ឆ្នាំនេះ​បាន​ដាក់ឱ្យអនុវត្ត​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ក្នុង​រយៈពេល ៣ ​ឆ្នាំ​ក្នុង​បំណង​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ ការទាក់ទាញ​ការវិនិយោគទុន​ផ្ទាល់​ពី​បរទេស ការលើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ការជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌​។

គិត​ចាប់ពី​ដាក់ឱ្យ​អនុវត្ត​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច ក្រសួង​នេះ​ទើប​បើក​កិច្ចប្រជុំ​ជា​លើកដំបូង​ជាមួយ​នឹង​វិស័យ​ឯកជន​ស្តីពី​ «​ការអនុវត្ត​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​ ២០២១-២០២៣» ​កាល​សប្តាហ៍​មុន​។

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករកម្ពុជា​ (CRF) លោក សុង សារ៉ន ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​បាន​បង្ហាញ​ភាពជឿជាក់​ថា ការអនុវត្ត​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ចកម្ពុជា​នឹង​លើកកម្ពស់​ពាណិជ្ជកម្ម​អន្តរជាតិ​តាមរយៈ​ការធ្វើ​ពិពិធកម្ម​ទាំង​ផលិតផល​នាំចេញ និង​ទីផ្សារ​នាំចេញ​របស់​កម្ពុជា​។

លោក​អះអាង​ថា​៖ «​តាមរយៈ​យុទ្ធសាស្ត្រ​ការទូត​កម្ពុជា​នឹង​អាច​ទាញយក​កាលានុវត្តភាព​ថ្មីៗ​សម្រាប់​ផលិតផល និង​សេវាកម្ម ព្រមទាំង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​អន្តរជាតិ​ដែល​ផ្តោតលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​»​។

លោក​បន្ថែមថា យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច គឺ​ពិតជា​សមស្រប​នឹង​យុទ្ធសាស្ត្រ​របស់ CRF ក្នុង​ការផ្សព្វផ្សាយ​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា​ប្រកប​ដោយ​គុណភាព​លើ​ទីផ្សារ​អន្តរជាតិ ដើម្បី​ពង្រីក​ទីផ្សារ​នាំចេញ​កម្ពុជា​ឱ្យសម្រេច​បាន​តាម​ទិសដៅ​នាំចេញ​អង្ករ ១ ​លាន​តោន​របស់​រដ្ឋាភិបាល​កម្ពុជា​។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​អនុវត្ត ​«​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​ ២០២១-២០១៣» កាលពី​ថ្ងៃទី​ ១៨ ខែមករា ឆ្នាំ​ ២០២១ ​ថា នេះ​គឺជា​ត្រីវិស័យ​ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​ការងារ​ផ្នែក​ការទូត​សេដ្ឋកិច្ច និង​ដើម្បី​ចូលរួម​ជា​វិភាគទាន​ពង្រឹង​ចន្ទល់​កំណើន​សេដ្ឋកិច្ច កាត់បន្ថយ​ការពឹង​ផ្អែកលើ​ជំនួយ​ពី​ខាងក្រៅ និង​លើកកម្ពស់​ផលប្រយោជន៍​កម្ពុជា​នៅក្នុង​តំបន់ និង​អន្តរជាតិ​។

លោក សុខុន បាន​បន្ថែមថា តាមរយៈ​យុទ្ធសាស្ត្រ​នេះ​ក្រសួង​នឹង​ដើរតួនាទី​ជា​អ្នក​សម្របសម្រួល និង​ជំរុញ​យន្តការ​ដែល​មាន​ស្រាប់ ដើម្បី​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​ជំរុញ​ឱ្យ​មាន​កំណើន​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពហុភាគី និង​ទាក់ទាញ​ភ្ញៀវទេសចរ​តាមរយៈ​ការពង្រឹង​តម្លៃ​វប្បធម៌​ខ្មែរ​នៅក្រៅ​ប្រទេស​ជាដើម​។

លោក​បញ្ជាក់ថា​៖ «​ដើម្បី​ធានា​អនុវត្ត​សម្រេច​ដោយ​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​នេះ ទាមទារ​ឱ្យមាន​ការចូលរួម​គ្រប់​ភាគី​ពាក់ព័ន្ធ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា ក្រសួង​ស្ថាប័ន​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​នឹង​បង្កើន​ការគាំទ្រ​ការអនុវត្ត​ឯកសារ​យុទ្ធសាស្ត្រ​នេះ​ដើម្បី​ជំរុញ និង​ពង្រីក​ផលប្រយោជន៍​សេដ្ឋកិច្ចជាតិ​»​។

លោក ហុង វណ្ណៈ អ្នកសិក្សា​ស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​រាជបណ្ឌិត្យ​សភា​កម្ពុជា​) ​យល់ឃើញ​ថា យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​នេះ គឺជា​គំនិត​ផ្តួចផ្តើម​ដ៏ល្អ​ដែល​នឹង​ដើរតួនាទី​រួមចំណែក​ក្នុង​ការលើកស្ទួយ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​។

លោក​និយាយថា ដោយសារ​វិបត្តិ​កូវីដ​ ១៩ បាន​នាំឱ្យ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​មាន​ការថមថយ ដូចនេះ​ក្រសួង​នេះ​ក៏​ផ្តួចផ្តើម​នូវ​យុទ្ធសាស្ត្រ​នេះ​ឡើង ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​តាមរយៈ​មន្ត្រី​ការទូត​សំដៅ​ជំរុញ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅពី​វិស័យ​នយោបាយ​។

លោក​ប្រាប់ថា​៖ «​កម្ពុជា​មាន​វិស័យ​ទេសចរណ៍ និង​កសិកម្ម ដែលមាន​សក្តានុពល​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស ស្របពេល​រដ្ឋាភិបាល​ធ្វើកំណែទម្រង់​ជាច្រើន​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ ដើម្បី​គាំទ្រ​វិស័យ​ទាំងនេះ​»៕ LA