ទីក្រុងវ៉ាស៊ីនតោនៈ ក្រុមហ៊ុន​អាកាសចរណ៍ Southwest បាន​ស្តីបន្ទោស​ទៅលើ​ការកាត់ផ្តាច់​ទិន្នន័យ​អាកាសធាតុ​ បន្ទាប់ពី​ការពន្យាការ​ហោះ​ហៅ​ជាង​ ១៤០០ ​ជើង​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ​។

សេវា​ហោះហើរ​បាន​ចាប់ផ្តើម​ឡើង​វិញ​ត្រឹម​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ៍​។

ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Dallas ក្នុង​រដ្ឋ​តិចសាស បាន​លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា​៖ «​ក្រុមហ៊ុន​ភាគី​ទី​បី​របស់​យើង ដែល​ផ្តល់​ទិន្នន័យ​អាកាសធាតុ បាន​ពើបប្រទះ​សភាព​ប្រែប្រួល​កើត​មាន​ឡើង​នៅ​រសៀល​នោះ ដែល​រារាំង​ដល់​ការឆ្លងកាត់​នៃ​ព័ត៌មាន​អាកាសធាតុ ដែល​តម្រូវ​ឲ្យ​ប្រតិបត្តិការ​យន្តហោះ​របស់​យើង ដោយ​សុវត្ថិភាព​»​។

ក្រុមហ៊ុន​នេះ​បាន​អះអាង​ថា​៖ «​យើង​ឲ្យ​បញ្ឈប់​ការហោះហើរ​ ដើម្បី​ការពារ​សុវត្ថិភាព​ដល់​អតិថិជន​ និង​ក្រុម​អាកាសយានិក​របស់​យើង​»​។

វា​មិន​ច្បាស់​ទេ​ថា​រយៈពេល​ប៉ុន្មាន​ដែល​បញ្ហា​នេះ​បាន​កើតឡើង ប៉ុន្តែ​អ្នកដំណើរ​ទូទាំង​ប្រទេស​ត្រូវបាន​គេ​រាយការណ៍​ពន្យា​ជាច្រើន​ម៉ោង​។

យោងតាម Flightaware.com ដែល​តាមដាន​ការពន្យា​ពេល​ហោះហើ​មាន​យន្តហោះ​ក្រុមហ៊ុន អាកាសចរណ៍​ Southwest ​ចំនួន​ ១ ៤១២ ​ជើង​ព្រមទាំង​ ៤១ ​ជើង​បាន​លុបចោល​ការហោះហើរ​។

ព្រលាន​យន្តហោះ Hollywood Burbank នៅក្នុង​រដ្ឋ​កាលីហ្វ័រញ្ញ៉ា​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា «​ក្រុមហ៊ុន​អាកាសចរណ៍ Southwest បាន​ផ្អាក់​ការចេញ​ដំណើរ​ទាំងអស់​ពី​ព្រលានយន្តហោះ Hollywood Burbank ដោយសារ​បញ្ហា​បណ្តាញ​ទិន្នន័យ​ទូទាំងប្រទេស​»​។

Jonica Booth ជា​តារាសម្តែង​ដែលមាន​អ្នកគាំទ្រ​តាម​បណ្តាញ​សង្គម Twitter ជាង ១១ ម៉ឺន​នាក់​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Tweeter ដែលមាន​ខ្លឹមសារ​ថា Southwest «​គួរតែ​ធ្វើ​អ្វីដែល​ល្អ​សម្រាប់​អ្នក​រាល់គ្នា​ដែល ជើងហោះហើរ​នៅថ្ងៃនេះ​»​។

អ្នកនាង​បាន​និយាយថា​៖ «​សូម​មក​មើល​ព្រលាន​យន្ត​ឥឡូវនេះ សម្រែក​យំ និង អ្វីៗ​ក៏​មាន​ដែរ​។ ពួកគេ​ទាំងនេះ​ចង់ទៅ​ផ្ទះ​»៕ RR