ភ្នំពេញៈ ក្រុមហ៊ុន​ពហុផលិតផល រ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី​ (Royal Group Co., Ltd) ត្រូវបាន​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បូម​ភក់​ល្បាយខ្សាច់​ពី​ព្រែក​ស្រែ​អំបិល​ (​ខេត្តកោះកុង​) មកចាក់​បំពេញ​ផ្នែក​ខ្លះ​នៃ​គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​បទុមសាគរ និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ ដើរ​ដោយ​ធ្យូងថ្ម អានុភាព ៧០០ ​មេហ្គាវ៉ាត់​ដែលជា​ការវិនិយោគ​របស់ខ្លួន​។

លោក យស់ មុនីរ៉ាត់ អគ្គនាយក​នៃ​នាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា រដ្ឋាភិបាល​បាន​អនុញ្ញាត្ត​ឱ្យ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប បូម​ភក់​ល្បាយខ្សាច់​ ដើម្បី​យកទៅ​ចាក់​បំពេញ​ផ្នែក​ខ្លះ​នៃ​គម្រោង​អភិវឌ្ឍន៍​ទាំង ២ ដែល​នេះ​មិនមែន​ជា​ការធ្វើ​អាជីវកម្ម​ខ្សាច់​នៅក្នុង​ខេត្តកោះកុង​ទេ​។

លោក​ប្រាប់ថា​៖ «​គាត់​មិនមែន​ធ្វើ​អាជីវកម្ម​ខ្សាច់​សំណង់ ឬក៏​ខ្សាច់​ស​ទេ គឺ​គាត់​បាន​ស្នើសុំ​បូម​ស្តារ​ភក់​ល្បាយខ្សាច់​ពី​ព្រែក​ស្រែអំបិល​យក​ទៅ​ចាក់​បំពេញ​នៅ​ទីតាំង​អភិវឌ្ឍន៍​ដែល​ទទួល​បាន​គោលការណ៍​ពី​រដ្ឋាភិបាល​ដែលមាន​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ពី​ធ្យូងថ្ម និង​តំបន់​សេដ្ឋកិច្ច​ពិសេស ព្រោះ​​ទីតាំង​ខ្លះ​ដី​ទាប​ត្រូវការ​ចាក់​បំពេញ​បន្ថែម​ ដើម្បី​អភិវឌ្ឍ​»​។

ក្រុមហ៊ុន​បទុមសាគរ អេនើជី ឯ.ក ដែលជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ៨ ខែធ្នូ ឆ្នាំ​ ២០២០ អនុម័ត​លើ​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ដំណើរការ​ដោយ​ធ្យូងថ្ម​អានុភាព ៧០០ ​មេហ្គាវ៉ាត់​នៅ​ស្រុក​បទុមសាគរ ខេត្ត​កោះកុង ក្នុងតម្លៃ​វិនិយោគ​ ១ ​ពាន់​លាន​ដុល្លារ​។

បើ​យោងតាម​អនុក្រឹត្យ​ចេញ​ថ្ងៃទី​ ៦ ខែ សីហា ឆ្នាំ​ ២០២០ រាជរដ្ឋាភិបាល​បានផ្តល់​ដី​ទំហំ ១៦៨ ​ហិកតា ​ក្នុង​ឧទ្យាន​ជាតិ​បទុមសាគរ ខេត្តកោះកុង​ទៅឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បី​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​នេះ​។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏បាន​ទទួល​គម្រោង​វិនិយោគ​ពីលើ​ការសាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZ) ​លើ​ផ្ទៃដី​ ១ ​ម៉ឺន​ហិកតា ​ក្នុង​ឧទ្យាន​ជាតិ​បទុមសាគរ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​តានូន និង​ឃុំ​ថ្មស ស្រុក​បទុមសាគរ ខេត្តកោះកុង​។

លោក អ៊ុក ភ័ក្ត្រា អភិបាលរង​ខេត្តកោះកុង និង​លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​នា​ថ្ងៃទី​ ១១ ខែមិថុនា​ឆ្នាំនេះ​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​របស់​ក្រុមហ៊ុន Royal Group ដែល​ស្នើសុំ​បូម​ខ្សាច់​សម្រាប់​គម្រោង​ទាំង ២ ​នេះ​នៅក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​។

លោក ភ័ក្ត្រា បានឱ្យដឹងថា​៖ «​ការចុះពិនិត្យ​ទីតាំង​ជាក់ស្តែង​នេះ ដើម្បី​រៀបចំ​កំណត់ហេតុ​រួម​សម្រាប់​ជូន​ថ្នាក់ដឹកនាំ​ដើម្បី​ពិនិត្យ និង​សម្រេច​»​។

ជាមួយ​គ្នា​នេះ​តំណាង​រដ្ឋបាល​ខេត្តកោះកុង​ក៏​បាន​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​សិក្សា​ផលប៉ះពាល់​ឱ្យបាន​ច្បាស់​លើ​បរិស្ថាន និង​សង្គម និង​ដោះស្រាយ​ផលប៉ះពាល់​ព្រមទាំង​សំណង​នានា​ប្រសិនបើ​ការអនុវត្ត​គម្រោង​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ ឬ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាជន ពិសេស​ជួយ​លើក​កម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​តាមរយៈ​ការជ្រើសរើស​កម្មករ ឬ​បុគ្គលិក​ពី​ទីតាំង​ដែល​បាន​អនុវត្ត​។

លោក​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​ក៏ត្រូវ​ចូលរួម​ថែរក្សា​បរិស្ថាន ធនធានធម្មជាតិ និង​ជីវចម្រុះ​នៅក្នុង និង​ក្បែរ​ទីតាំង​គម្រោង​វិនិយោគ ហើយ​ត្រូវគោរព​តាម​គោលការណ៍​ណែនាំ​របស់​​រាជរដ្ឋាភិបាល ក្រសួង​បរិស្ថាន និង​លិខិតបទដ្ឋាន​នានា​ដែល​បាន​អនុញ្ញាត និង​រួមសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បើ​មាន​តម្រូវការ​ចាំបាច់​»​។

បើ​ទោះ​ពេលនេះ​រដ្ឋាភិបាល​បាន​បិទ​មិនឱ្យ​មានការ​នាំចេញ​ខ្សាច់​ទៅ​ក្រៅប្រទេស ប៉ុន្តែ​កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចេញ​ខ្សាច់​តម្លៃ ២,៩ ​លាន​ដុល្លារ ធ្លាក់ចុះ ៧៣,៩ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០១៨ ដែលមាន​តម្លៃ ១១,២ ​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​បង្ហាញ​របស់​ក្រសួង​ការបរទេស និង​សហប្រតិបតិ្តការ​អន្តរជាតិ​៕LA