ភ្នំពេញៈ ក្រុមហ៊ុន Yamato Green Co., Ltd បានបង្ហាញ​ពី​ចំណាប់​អារម្មណ៍​ការវិនិយោគ​លើ​ដំណាំ​កញ្ឆា​នៅ​ប្រទេស​កម្ពុជា ដើម្បី​ផលិត​យក​គ្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អាមេរិក និង​ជប៉ុន សម្រាប់​បម្រើ​ដល់​វិស័យ​សុខាភិបាល​។

ចំណាប់​អារម្មណ៍​នេះ​ត្រូវបាន​លើកឡើង​ក្នុងជំនួប​ក្រៅផ្លូវការ​រវាង​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ជាមួយ​នឹង​នាយក​ក្រុមហ៊ុន Yamato Green កាលពី​ថ្ងៃទី​ ១៤ ខែមិថុនា នៅ​ទីស្តីការ​ក្រសួង​។ ជំនួប​ពិភាក្សា​នេះ​ធ្វើឡើង​ក្នុង​បំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ​វិនិយោគ​ ដើម្បី​អភិវឌ្ឍ​វិស័យ​សាកវប្បកម្ម​នៅ​កម្ពុជា​ក្នុង​ទិសដៅ​បង្កើន​ផលិតភាព​ផលិតកម្ម និង​ការនាំចេញ​។

លោក វេង សាខុន បានឱ្យ​ដឹងថា ក្នុង​កិច្ចពិភាក្សា​នេះ ក្រុមហ៊ុន Yamato Green បាន​លើក​ថា រុក្ខជាតិ​កញ្ឆា គឺជា​ប្រភេទ​រុក្ខជាតិ​ឱសថ​សម្រាប់​បម្រើឱ្យ​វិស័យ​សុខាភិបាល​ (​យក​គ្រាប់​ធ្វើ​ឱសថ​)​។ មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ចាប់អារម្មណ៍​ធ្វើការ​វិនិយោគ​លើ​រុក្ខជាតិ​កញ្ឆា​នៅ​កម្ពុជា ដោយ​នាំយក​ពូជ​ពី​អាមេរិក និង​នាំ​ផលិតផល​សម្រេច​ទៅ​ទីផ្សារ​អាមេរិក និង​ជប៉ុន​។

លោក​ថ្លែងថា​៖ «​ចំណុច​នេះ យើង​បាន​ទទួល​យកមក​ពិចារណា​ជាបឋម និង​បាន​ស្នើឱ្យ​ក្រុមហ៊ុន​សហការ​ជាមួយ ក្រសួង​ពាក់ព័ន្ធ​រួមទាំង ក្រសួង​កសិកម្ម​ក្នុង​ការដាំដុះ​សាកល្បង​លើ​ទំហំ​ដី​កំណត់​ត្រឹមត្រូវ​ច្បាស់លាស់​មួយ​ក្នុង​ស្ថានីយ ឬ​មណ្ឌល​ស្រាវជ្រាវ​កសិកម្ម ដើម្បី​ជា​ភ័ស្តុតាង​ខាង​ផ្នែក​វិទ្យាសាស្ត្រ មុននឹង​ដាក់​សំណើ​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច​»​។

អ្នកស្រី តុង ច័ន្ទធាង នាយិកា​អង្គការ​សេដាក​ (CEDAC) ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា តាមច្បាប់​របស់​ប្រទេស​កម្ពុជា គឺ​មិន​អនុញ្ញាត​ឱ្យមាន​ការដាំដុះ​ពពួក​រុក្ខជាតិ​បែបនេះ​ទេ​។ អ្នកស្រី​និយាយថា​៖ «​តាម​ទស្សនៈ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​យល់ថា រដ្ឋាភិបាល​នឹង​ពិចារណា​លើ​គម្រោង​នេះ​ថា តើ​វា​ផ្ទុយ​ពី​ច្បាប់​កម្ពុជា​យ៉ាង​ដូចម្តេច​? ​ខ្ញុំ​គិតថា វា​មិន​ផ្តល់​ផលចំណេញ​ប៉ុន្មាន​នោះទេ​ដល់​ប្រជាជន ឬ​សង្គម ព្រោះ​រុក្ខជាតិ​ប្រភេទ​មួយ​ត្រូវបាន​ហាមឃាត់ ប្រសិន​បើ​ប្រជាជន​យើង​ប្រើ​ខុស​គោលដៅ​ក្រៅពី​បម្រើ​ឱ្យ​វិស័យ​សុខាភិបាល​នឹង​បង្ក​ជា​អសន្តិសុខ​ក្នុងសង្គម​»​។

កាលពី​ថ្ងៃទី​ ៨ ខែមីនា កន្លងមកនេះ ក្រុមហ៊ុន Asia Green Biotechnology Corp. (AGB) និង​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដើម្បី​សហការ​អភិវឌ្ឍន៍​អាជីវកម្ម​ក្នុង​ការអនុវត្ត​បច្ចេកទេស​ផលិត​គ្រាប់ពូជ និង​ការដាំដុះ​ដែល​ជាប់ទាក់ទង​នឹង​ដំណាំ​ក្រចៅ និង​ដំណាំ​ផ្សេងទៀត ដើម្បី​កែច្នៃ​ជា​ឱសថ និង​អាច​ត្រូវ​ប្រើ​សម្រាប់​ជីវៈ​ឥន្ធនៈ ហ្វាយប៊ឺ អាហារមូលដ្ឋាន និង​គោលបំណង​វេជ្ជសាស្ដ្រ​។

បើតាម​ក្រុមហ៊ុន Yamato Green បច្ចុប្បន្ន​ប្រទេស​ថៃ និង​កូរ៉េ​បាន​អនុញ្ញាត​ឱ្យ​ធ្វើការ​ដាំដុះ និង​កែច្នៃ ហើយ​ត្រូវបាន​នាំ​ចេញ​ទៅ​អាមេរិក និង​ជប៉ុន​ក្នុង​លក្ខខណ្ឌ​ចុះកិច្ចសន្យា​តាមបែប​បច្ចេកទេស និង​វិទ្យាសាស្ត្រ​របស់គេ​។

ការដាំដុះ​រុក្ខជាតិ​កញ្ឆា​នៅ​កម្ពុជា​គឺជា​អំពើ​ខុសច្បាប់​ និង​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​។

យោងតាម Bloomberg ប្រទេស​ថៃ គឺជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ីអាគ្នេយ៍​ដែល​បាន​អនុញ្ញាត​ឱ្យដាំ​កញ្ឆា​មាន​លក្ខណៈ​ស្របច្បាប់​កាលពី​ឆ្នាំ​ ២០១៨ សម្រាប់​បម្រើឱ្យ​វិស័យ​សុខាភិបាល គ្រឿងសម្អាង និង​អាហារ ប៉ុន្តែ​ការប្រើ​សម្រាប់​គោលបំណង​កម្សាន្ត​នៅតែ​ត្រូវបាន​ហាមឃាត់​។

ក្រុមហ៊ុន Yamato Green នឹង​ចាប់ផ្តើម​សកម្មភាព​ជា​ជំហានៗ តាម​អ្វីដែល​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រុមហ៊ុន បាន​ឯកភាព​ជាមួយ​គ្នា​ក្នុង​ខ្លឹមសារ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) កាលពី​ខែកក្កដា ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​លោក​រដ្ឋមន្ត្រី​៕ LA

វីដេអូ៖