ភ្នំពេញៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គ្រោងនឹងដាក់ឱ្យដំណើរការគេហទំព័រ KhmerSME នៅចុងឆ្នាំ ២០២១ នេះ។ នេះជាគេហទំព័រថ្មីសម្រាប់ផ្តល់ព័ត៌មានអាជីវកម្មយ៉ាងទូលំទូលាយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
គេហទំព័រ KhmerSME នឹងតភ្ជាប់ទៅគេហទំព័រ ASEAN Access ដែលជាគេហទំព័រមួយសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងតំបន់អាស៊ានត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២១។
លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យមនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា គេហទំព័រ KhmerSME គឺជាគេហទំព័រព័ត៌មានជាតិសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
លោកប្រាប់ថា៖ «ការបង្កើតគេហទំព័រ KhmerSME គឺក្នុងគោលបំណងដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ យើងបានរកឃើញថា ពួកគាត់នៅមានបញ្ហាកង្វះការទទួលបានព័ត៌មានអំពីអាជីវកម្មនានា»។
លោកបន្ថែមថា គេហទំព័រនេះនឹងប្រើប្រាស់ធ្វើជាកន្លែងស្នូលមួយសម្រាប់ផ្តល់ព័ត៌មានដល់ម្ចាស់អាជីវកម្ម។
លោកបញ្ជាក់ថា៖ «ក្នុងជំហានដំបូងយើងមិនទាន់អាចដាក់លក់ផលិតផលនៅលើគេហទំព័របានទេ គឺសម្រាប់ផ្តល់់ព័ត៌មានដល់ម្ចាស់អាជីវកម្ម។ គាត់ចង់ស្រាវស្រាវព័ត៌មានទាក់ទងនឹងទីផ្សារ ហិរញ្ញប្បទាន ការផ្ទេរបច្ចេកវិទ្យាទាក់ទងនឹងការនាំចេញ នាំចូល ការបើកអាជីវកម្មថ្មី (StartUp) គឺគាត់អាចរកប្រភពព័ត៌មានក្នុងគេហទំព័រនេះបាន»។
កញ្ញា ថូង ធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន ថូង ត្រេឌីង ឯ.ក ជាក្រុមហ៊ុនកែច្នៃអំបិលកំពត-កែប ឱ្យដឹងថា ជាការប្រសើរណាស់ក្នុងការជួយដល់សហគ្រិនទាំងអស់ ពិសេសសហគ្រិនស្ត្រីដែលត្រូវការកសាង និងលើកកម្ពស់សមត្ថភាពរបស់ពួកគេសម្រាប់ទីផ្សារដែលកំពុងរីកចម្រើននេះ។
កញ្ញានិយាយថា៖ «យើងឃើញបញ្ហាប្រឈមមួយចំនួនរបស់សហគ្រិនក្នុងការចូលរួមទៅក្នុងការផ្គត់ផ្គង់ និងខ្សែចង្វាក់តម្លៃរបស់យើង ពិសេសដើម្បីឆ្ពោះទៅរកទីផ្សារប្រកួតប្រជែង ដូច្នេះវានឹងក្លាយជាឱកាសដ៏ល្អសម្រាប់អ្នករាល់គ្នា ដើម្បីរៀនសូត្របន្ថែម»។
លោក ឡាយហ៊ី បានឱ្យដឹងទៀតថា ដោយសារគេហទំព័រ KhmerSME នឹងភ្ជាប់ទៅ ASEAN Access ដូច្នេះវានឹងផ្តល់ព័ត៌មានទូលំទូលាយស្តីពីការធ្វើពាណិជ្ជកម្ម និងការចូលទៅទីផ្សារក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀតក្នុងពិភពលោក។
តាមរយៈ ASEAN Access សហគ្រាសធុនតូច និងមធ្យមអាចរកមើលផលិតផលថ្មីៗ ឱកាសប្រកបអាជីវកម្មទទួលបានព័ត៌មានពីព្រឹត្តិការណ៍នានាទាក់ទងនឹងពាណិជ្ជកម្ម និងការផ្គូផ្គង អាជីវកម្ម ព្រមទាំងទទួលបានព័ត៌មានចុងក្រោយអំពីការធ្វើអាជីវកម្ម និងពាណិជ្ជកម្មក្នុងតំបន់អាស៊ាន។
បច្ចុប្បន្នសហគ្រាសធុនតូច និងមធ្យមមានចំនួន ៥២ ១៥៤ មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕ LA