ភ្នំពេញៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានជ្រើសរើស​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​ ៣ ជា​សហគ្រាស​គំរូ​នៃ​ការអនុវត្ត​គម្រោង​ប្រព័ន្ធ​ផលិតកម្ម «LEAN» ដែល​ជួយ​លើកកម្ពស់​ផលិតភាព​ក្នុង​ចង្វាក់​ផលិតកម្ម​របស់ខ្លួន​។

ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ថ្នាក់ជាតិ​ស្តីពី​ «​វដ្ដ​នៃ​គុណភាព នវានុវត្តន៍ និង​ប្រព័ន្ធ​ផលិតកម្ម LEAN ដើម្បី​លើកកម្ពស់​ផលិតភាព​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME) កាលពី​ថ្ងៃទី​ ១៤ ខែមិថុនា​នេះ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​អះអាងថា ក្រសួង​បាន​សាកល្បង​អនុវត្ត​គម្រោង​ផ្តោតលើ​ប្រព័ន្ធ​ផលិតកម្ម LEAN (LEAN Manufacturing) ​លើ​ក្រុមហ៊ុន​គំរូ​ចំនួន​ ៣ ​ក្នុង​រយៈពេល​ជាង​ ១ ​ឆ្នាំ​មកនេះ​។

ក្រុមហ៊ុន​ទាំង​ ៣ ​ដែល​អនុវត្ត​ជោគជ័យ​តាម​ប្រព័ន្ធ​ផលិតកម្ម LEAN រួមមាន ក្រុមហ៊ុន Cambodia Chemical Supply Co., Ltd (​ថ្នាំ​ពណ៌​ជាតិ​) ក្រុមហ៊ុន LyLy Food Industry Co., Ltd (​ផលិត​នំ ស្រួយ​) និង​ក្រុមហ៊ុន Eurotech Import & Export Co., Ltd (​ផលិត​ទឹក​ពិសា​)​។

លោក​រដ្ឋមន្ត្រី​ពន្យល់ថា ប្រព័ន្ធ​ផលិតកម្ម LEAN គឺ​ផ្តោតលើ​ការបង្កើន​សកម្មភាព​ផលិត និង​បង្កើន​តម្លៃបន្ថែម​សម្រាប់​អតិថិជន​របស់ខ្លួន ហើយ​កាត់បន្ថយ​សកម្មភាព​ពុំបាន​ផ្តល់​តម្លៃបន្ថែម​ឱ្យនៅ​ទាប​បំផុត​។ កន្លងមក សកម្មភាព​ផ្តល់​តម្លៃបន្ថែម​( Value-Added Activities) ​តាម​ក្រុមហ៊ុន​នានា​មាន​មិន​ដល់ ៣ ភាគរយ​នោះទេ ផ្ទុយទៅវិញ​គេ​បាន​ចំណាយ​ដល់​ ៩៧ ​ភាគរយ​លើ​សកម្មភាព​ដែល​ពុំបាន​ផ្តល់​តម្លៃបន្ថែម​ជូន​អតិថិជន​ដែល​នេះ​ជា​ការខាតបង់​យ៉ាងច្រើន​។

លោក​និយាយថា​៖ «​ប្រសិនបើ សហគ្រាស​យើង​អាច​បង្កើន​សកម្មភាព​ផ្តល់​តម្លៃបន្ថែម​ដល់ ៥ ​ភាគរយ ឬ​ ១០ ​ភាគរយ​នោះ សហគ្រាស​យើង​នឹង​ក្លាយជា​សហគ្រាស​ឆ្នើម​មិន​ខាន​»​។

លោកស្រី កែវ មុំ អគ្គនាយិកា ក្រុមហ៊ុន LY LY Food Industry ដែលជា​ក្រុមហ៊ុន​មួយ​ត្រូវបាន​ជ្រើសរើស​សហគ្រាស​គំរូ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១៦ ​មិថុនា​នេះ​ថា ប្រព័ន្ធ​ផលិតកម្ម LEAN មាន​ប្រយោជន៍​ជួយ​កាត់បន្ថយ​ថ្លៃដើម​ផលិត​។

លោកស្រី​ថ្លែងថា​៖ «​ប្រសិន​សហគ្រាស​នីមួយៗ​មិនបាន​អនុវត្ត​ប្រព័ន្ធ​ផលិតកម្ម LEAN នោះទេ អាជីវកម្ម​គាត់​នឹង​ពិបាក​ទទួលបាន​ជោគជ័យ ដោយសារ​កង្វះ​ការយល់ដឹង​នៃ​ការកាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម​»​។

ការអនុវត្ត​ប្រព័ន្ធ​ផលិតកម្ម LEAN ទទួលបាន​ការគាំទ្រ​ពី​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​នៃ​ក្រសួង​ឧស្សាហកម្ម និង​សហការ​ជាមួយ​អង្គការ​ផលិតភាព​អាស៊ី (APO) ​ក្នុង​ការផ្តល់​ការប្រឹក្សា​យោបល់​លើ​កិច្ចការ​នេះ​។

លោក​ថ្លែង​ទៀតថា​៖ «​ទោះបី​មាន​វិបត្តិ​សុខភាព​សកល ក៏​ក្រសួង​នៅតែ​បន្ត​ស្វះ​ស្វែងរក​វិធីសាស្ត្រ​ ដើម្បី​ជួយ​ស្តារ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន និង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​»៕ LA