ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើ​ឯកអគ្គរាជទូត​ប្រទេស​ស៊ុយអែត​ប្រចាំ​កម្ពុជា​ឱ្យជួយ​ជំរុញ​វិនិយោគិន​ស៊ុយអែត​នៃ​ក្រុមហ៊ុន​ផលិត​គ្រឿងសង្ហារិម IKEA និង​ក្រុមហ៊ុន​ផលិត​រថយន្ត Volvo មក​ស្វែងរក​ឱកាស​ធុរកិច្ច​នៅ​កម្ពុជា​។

សំណើ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ជំនួប​ទ្វេភាគី​ជាមួយ​លោក Bjorn Haggmark ឯកអគ្គ​រាជទូត​ប្រទេស​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា ដែល​ជិត​ផុត​អាណតិ្ត​កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំនេះ ដោយបាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា​អំពី​ការលើកកម្ពស់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​។

លោក ប៉ាន សូរស័ក្តិ បានស្នើ​ឯកអគ្គរាជទូត​ស៊ុយអែត​ជួយ​ជំរុញ​ធុរកិច្ច​ស៊ុយអែត​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ពិសេស​ក្រុមហ៊ុន​រថយន្ត Volvo និង​ក្រុមហ៊ុន IKEA ដែលជា​ក្រុមហ៊ុន​ផលិត​គ្រឿងសង្ហារិម​។ ជាមួយ​គ្នា​នេះ​វិនិយោគិន​ស៊ុយអែត​ក៏​អាច​ស្វែងរក​ឱកាស​វិនិយោគ​លើ​ការកែច្នៃ​ចំណីអាហារ និង​ផ្លែឈើ​ត្រូពិក​ផងដែរ​។

លោក​បន្ថែមថា ឧស្សាហកម្ម​កែច្នៃ​គ្រឿងសង្ហារិម គ្រឿង​ផ្គុំ និង​គ្រឿងបន្លាស់​យានយន្ត​ក៏​កំពុងមាន​កំណើន​ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ដែលមាន​និវេសនដ្ឋាន​នៅ​ក្រុង​បាងកក​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ក្នុង​គោលបំណង​លើកកម្ពស់​កិច្ចសន្ទនា និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា-ស៊ុយអែត​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​កត់សម្គាល់ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២ នៅមាន​កម្រិត​ទាប​ដែល​ទាមទារ​ឱ្យមាន​ការជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​។ លោក​បន្ថែមទៀតថា កម្ពុជា​នឹង​ក្លាយទៅជា​ទិសដៅ​វិនិយោគ​កាន់តែ​ទាក់ទាញ​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ចិន និង​កម្ពុជា-កូរ៉េ ជាដើម​។

លោក​ប្រាប់ថា​៖ «​នេះ​គឺជា​ឱកាស​សម្រាប់​របស់គាត់ ព្រោះ​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​មួយចំនួន​ដែល​នេះ​ជា​កាលានុវត្តភាព​សម្រាប់​វិនិយោគិន​»​។

លោក​បន្តថា បើ​ទោះ​សកម្មភាព​នៃ​ការទាក់ទាញ​វិនិយោគិន​ពី​បរទេស​របស់​កម្ពុជា​មាន​ភាពរអាក់រអួល​បន្តិច ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ ប៉ុន្តែ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅតែ​បន្ត​អនុម័ត​គម្រោង​វិនិយោគិន​ជា​បន្តបន្ទាប់​។

យោងតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ស៊ុយអែត កាលពី​ឆ្នាំ​ ២០២០ មានតម្លៃ​ត្រឹមតែ ៦៤ ​លាន​ដុល្លារ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​នៅក្នុង​រយៈពេល​ ៥ ​ខែ​ ដើមឆ្នាំ​ ២០២១ មានតម្លៃ ២៣ លាន​ដុល្លារ​៕ LA