ភ្នំពេញៈ ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ឱ្យ​ដឹងថា កម្ពុជា​អាច​នាំចេញ​ផលិតផល​ជលផល ៤ ប្រភេទ​ទៅកាន់​ទីផ្សារ​ចិន​។

ក្រោម​ការជំរុញ​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ក្រុមហ៊ុន​នាំ​ចេញ​ជលផល​ចំនួន ២ ក្នុង​ប្រទេស​កម្ពុជា​ ត្រូវបាន​ចុះបញ្ជី​ដោយ​ជោគជ័យ​ជាមួយ​រដ្ឋបាល​គយ​ប្រទេស​ចិន​។ ប៉ុន្តែ​ឈ្មោះ​ក្រុមហ៊ុន​មិនត្រូវ​បានបង្ហាញ​នោះទេ​។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ចិន​នៅ​កម្ពុជា​។

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ឱ្យដឹង​ទៀតថា កម្ពុជា​អាច​នាំចេញ​ជលផល​ចំនួន​ ៤ ​ប្រភេទ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន រួមមាន បង្កង​ប៉ាក​ (Oratosquilla Squilla) អន្ទង់​ (Monopterus) ត្រីរស់​ (Monopterus) ​និង​ខ្យង​ (Chicoreus)​។

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បន្ត​ថា​៖ «​ជាមួយ​គ្នា​នេះ រដ្ឋបាល​គយ​បាន​សង្កត់ធ្ងន់ថា ស្ថិតក្នុង​ស្ថានភាព​នៃ​ជំងឺ​កូវីដ​ ១៩ សូម​ភាគី​កម្ពុជា​ពង្រឹង​ការត្រួតពិនិត្យ​បន្ថែមទៀត​លើ​ជលផល​ដែល​នាំចេញ​ទៅកាន់​ប្រទេស​ចិន ត្រូវ​ប្រកាន់ខ្ជាប់​កិច្ច​ទប់ស្កាត់​លើ​វីរុស​នេះ​ឱ្យ​បាន​ល្អប្រសើរ បុគ្គលិក​ក្រុមហ៊ុន​ត្រូវ​អនុវត្តតាម​លក្ខខណ្ឌ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ចៀសវាង​ការបំពុល​ដល់​ជលផល​ និង​ការវេចខ្ចប់​ខាងក្រៅ​»​។

ប្រទេស​កម្ពុជា​បាន​នាំចេញ​ផល​នេសាទ​សរុប ៣ ៥៩០ តោន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​តម្លៃ​សរុប​ជាង ៨,៣៣ លាន​ដុល្លារ​កាលពី​ឆ្នាំ ២០២០ ធ្លាក់ ៧៤,៥៣ ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ ២០១៩ ដែល​មាន​ចំនួន ១៤ ១០០ តោន​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ក្នុង​ឆ្នាំ ២០២០ កន្លងមក​កម្ពុជា​ប្រមូលផល​ជលផល​បាន​ចំនួន​សរុប ៩៣៦ ៣០០ តោន​ដោយ​ក្នុងនោះ ផលិតផល​ទឹកសាប​មាន​ចំនួន ៤១៣ ២០០ តោន ផល​នេសាទ​សមុទ្រ ១២២ ៧០០ តោន និង​ផល​វារីវប្បកម្ម​ចំនួន ៤០០ ៤០០ តោន​។

តម្លៃ​សរុប​នៃ​ផលិតផល​ទឹកសាប និង​សមុទ្រ​ក្នុង​ឆ្នាំ ២០២០ មាន​ចំនួន ១,០៧ ពាន់​លាន​ដុល្លារ និង​តម្លៃ​សរុប​នៃ​ផលិតផល​វារីវប្បកម្ម​មាន​ចំនួន ៨០០,៨ លាន​ដុល្លារ​។ នេះ​បើតាម​លោក វេង សាខុន​៕