ភ្នំពេញៈ ​ក្នុង​រយៈពេល​ខួប​ ១ ​ឆ្នាំ​នៃ​ការដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ក្រុមហ៊ុន​ជាង ៦ ​ពាន់​ត្រូវ​បានអនុម័ត​ដែលមាន​ទំហំ​ទឹកប្រាក់​ជាង​ ២,៦ ពាន់​លាន​ដុល្លារ​។ ​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

រដ្ឋាភិបាល​បាន​ដាក់​ឱ្យប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​កាលពី​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ គិត​មកដល់​ពេលនេះ​គឺមាន​រយៈពេល​ ១ ​ឆ្នាំ​គត់​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែមិថុនា ចំនួន​ពាក្យស្នើសុំ ចំនួន ៦ ១៦៤ សំណើ​ត្រូវ​បាន​អនុម័ត​ជាមួយនឹង​ទំហំ​ដើមទុន​សរុប ២ ៦៣១ លាន​ដុល្លារ​។ ក្នុងនោះ​ពាក្យស្នើសុំ​ចំនួន ៨១០ កំពុង​ត្រួតពិនិត្យ​។

អាជីវកម្ម​ចុះបញ្ជី​ត្រូវ​បាន​អនុម័ត​រួមមាន អាហរ័ណ​នីហរ័ណ ទិញ​លក់ ជួសជុល​យានយន្ត និង​ទោចក្រយានយន្ត​គ្រប់​ប្រភេទ​ (៣៨,១១%) សកម្មភាព​អចលនវត្ថុ​ (១០,២៩%) កម្មន្តសាស​ (៨,៥៨%) សកម្មភាព​សេវាកម្ម​ស្នាក់នៅ​ និង​អាហារ​ (៨,៤៧%) សកម្មភាព​អាជីវកម្ម​វិជ្ជាជីវៈ វិទ្យាសាស្ត្រ និង​បច្ចេកទេស (៧,៦ %) និង​វិស័យ​ផ្សេងទៀត (២៧,៥៥%)​។

ជាមួយ​គ្នា​នេះ ការស្នើសុំ​ចុះបញ្ជី​បម្រុង​នាមករណ៍​ចំនួន ៥ ៦៣៧ សំណើ​ត្រូវ​បានអនុម័ត​ក្នុង​នោះ ២៧០ កំពុង​ត្រួតពិនិត្យ និង ១ ករណី​ត្រូវបាន​បដិសេធ​សំណើ​។

ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​មាន​លក្ខណពិសេស ៣ ដូចជា កាត់បន្ថយ​នីតិវិធី​តាមរយៈ​តភ្ជាប់​គ្នា​រវាង​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បង្កើត​ការចុះបញ្ជី​ជា​កញ្ចប់​ក្នុង​ពេល​តែមួយ​នៅលើ​ថ្នាល​តែមួយ កាត់បន្ថយ​ពេលវេលា​មក​ត្រឹម ៨ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ និង​កាត់បន្ថយ​ការចំណាយ​ថវិកា​ប្រមាណ ៤០ ភាគរយ បើ​ធៀប​នឹង​នីតិវិធី​ចាស់​៕