ភ្នំពេញៈ មន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លើក​ទឹកចិត្ត​ដល់​ម្ចាស់​កសិដ្ឋាន និង​ចម្ការ​បន្លែ-ផ្លែឈើ មក​ធ្វើការ​ចុះបញ្ជី និង​បញ្ជាក់ថា ជា​កសិដ្ឋាន ឬ​ចម្ការ​នៃ​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា CamGAP ដើម្បី​បញ្ជាក់​អំពី​គុណភាព និង​សុវត្ថិភាព​ផលិតផល​របស់ខ្លួន ដែល​អាចជួយ​ជំរុញ​ការលក់​ផងដែរ​។

ការលើកឡើង​បែបនេះ​បន្ទាប់ពី​មាន​កសិដ្ឋាន និង​ចម្ការ​បន្លែ-ផ្លែឈើ​ប្រមាណ ២៥០ ​ត្រូវបាន​ក្រសួង​កសិកម្ម​ផ្តល់​ការចុះបញ្ជី និង​បញ្ជាក់ថា ជា​កសិដ្ឋាន ឬ​ចម្ការ​នៃ​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា​ (CamGAP) ខណៈ​ការទទួល​បាន CamGAP ក៏​អាចជួយ​ឱ្យ​ផលិតផល​របស់​កសិដ្ឋាន ឬ​ចម្ការ​ទាំងអស់​នោះ​មាន​ទីផ្សារ​កាន់តែ​ល្អ​ផងដែរ​។

វិធាន​នៃ​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា​ (CamGAP) ត្រូវបាន​បង្កើត និង​អនុម័ត​ដោយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​ឆ្នាំ​ ២០១៨ ក្នុង​គោលបំណង​ ដើម្បី​លើកកម្ពស់​គុណភាព និង​សុវត្ថិភាព​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​។

លោក កែ មុន្ធីវុធ ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ ក្រសួងកសិកម្ម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២១ ខែមិថុនា​ថា ការទទួល​បាន​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​អំពី​អនុលោមភាព​តាម​វិធាន CamGAP ដែល​ឈានឆ្ពោះ​ទៅប្រើ​ប្រាស់​រូប​សញ្ញា CamGAP រួម​នឹង​ស្លាក​សញ្ញា​ប្រព័ន្ធ​តាមដាន​ប្រភព​កសិផល (QR Code) ​បិទ​លើ​ផលិតផល គឺ​ពិតជា​សំខាន់​ណាស់ ព្រោះ​ផលិតផល​កសិកម្ម​ដែលមាន​រូប​សញ្ញា CamGAP និង​ស្លាក​សញ្ញា QR Code គឺ​បញ្ជាក់ថា ជា​ផលិតផល​កសិកម្ម​ដែល​អនុលោម​តាម​ស្តង់ដា​គុណភាព និង​មាន​សុវត្ថិភាព​ទាំង​អ្នក​ដាំដុះ និង​បរិភោគ ហើយ​ការដាំដុះ​ក៏មិន​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​។ លោក​បន្ថែមថា ក្រៅពីនេះ ផលិតផល​មាន​បិទ QR code ក៏​ទទួលបាន​ឱកាស​ទីផ្សារ​ធំ​ទូលាយ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ផងដែរ​។

លោក​និយាយថា​៖ «​ចម្ការ ឬ​កសិដ្ឋាន​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​អំពី​អនុលោមភាព​តាម​វិធាន CamGAP អាច​ប្រើ​រូប​សញ្ញា CamGAP រួម​ជាមួយ​ស្លាក​សញ្ញា​ប្រព័ន្ធ​តាមដាន​ប្រភព​កសិផល​ (QR Code) បិទ​លើ​ផលិតផល​នោះបាន​»​។

លោក​ប្រាប់ទៀតថា ដើម្បី​ទទួលបាន QR code ម្ចាស់​កសិដ្ឋាន ឬ​ចម្ការ​ចាំបាច់​ត្រូវតែ​បំពេញ​នូវ​លក្ខខណ្ឌ​មួយចំនួន​ដូចជា ការដាក់​ពាក្យ​ស្នើ​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម ការចូលរួម​វគ្គ​បណ្តុះបណ្តាល​ពី​អ្នកជំនាញ ការចុះ​ត្រួតពិនិត្យ​ទីតាំង​ដាំដុះ កន្លែង​សម្អាត​វេចខ្ចប់ និង​ការយក​សំណាក​កសិផល​ទៅ​វិភាគ​នៅ​មន្ទីរពិសោធន៍​បញ្ជាក់​ពី​កម្រិត​សុវត្ថិភាព​។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន លើកឡើង​ថា ថ្មីៗ​នេះ​ថា ក្រសួង​កសិកម្ម​កំពុង​ខិតខំ​ជំរុញ​ការអនុវត្ត​វិធាន CamGAP និង​ប្រើប្រាស់ QR Code តាមរយៈ​ការដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ ៥ ​ឆ្នាំ​ក្នុង​ការជំរុញ និង​លើកកម្ពស់​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា​ ដើម្បី​ជា​គុណប្រយោជន៍​ចម្បងៗ​សម្រាប់​គុណប្រយោជន៍​ផែ្នក​សង្គម​បរិស្ថាន និង​សេដ្ឋកិច្ច ព្រមទាំង​ដើម្បី​ជំរុញ​បរិមាណ​ផលិតកម្ម​ក្នុងស្រុក​ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព​។ លោក​បន្ថែមថា CamGAP ក៏ត្រូវ​បាន ក្រុមការងារ​ជំនាញ​អាស៊ាន​វាយតម្លៃ​ថា បាន​អនុលោម​ពេញលេញ​តាម​វិធាន​នៃ​ការអនុវត្ត​កសិកម្ម​ល្អ​អាស៊ាន​ផងដែរ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​ការជំរុញ​ការអនុវត្ត CamGAP មិន​ត្រឹមតែ​កំពុង​ចូលរួម​លើកកម្ពស់​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការលើក​កម្ពស់​ការនាំចេញ​កសិផល​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​»​។

លោក​អះអាង​ទៀតថា ការចុះ​បញ្ជី​កសិដ្ឋាន​តាម CamGAP បាន​ក្លាយជា​យន្តការ​ដ៏សំខាន់​ ដើម្បី​ធានា​ឱ្យបាន​នូវ​ការគោរព​ប្រតិបត្តិ​ខ្ជាប់ខ្ជួន ត្រឹមត្រូវ និង​ច្បាស់លាស់​តាម​និយាម​សុវត្ថិភាព​ចំណីអាហារ​ចំពោះ​ប្រទេស​នាំចូល​កសិផល​សំខាន់ៗ​របស់​កម្ពុជា​។ ជាក់ស្តែង​ផលិតកម្ម​ស្វាយ និង​ចេកអំបូង​លឿង ដែល​បាន​ចុះបញ្ជី​កសិដ្ឋាន​តាម CamGAP គឺ​មូលហេតុ​ចម្បង​ដែល​ជួយ​ឱ្យ​ការចរចា​រវាង​ក្រសួង​កសិកម្ម​ជាមួយ​ភាគី​ចិន និង​ភាគី​កូរ៉េ ពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំ​ទៅ​ប្រទេស​ទាំង​ ២ ​សម្រេច​ទទួល​បាន​ជោគជ័យ​៕ LA