ទីក្រុងហាណូយៈ មន្ត្រី​វៀតណាម​បាន​រាយការណ៍​ថា តម្លៃ​ជី​កសិកម្ម​ត្រូវបាន​ព្យាករ​បន្ត​ឡើងថ្លៃ​បន្ថែម​ទៀត បណ្តាល​មកពី​កត្តា​មួយចំនួន រួមមាន​តម្លៃ​ដឹកជញ្ជូន​កើនឡើង និង​សកម្មភាព​រោងចក្រ​ផលិត​ជី​ត្រូវបាន​ផ្អាក​។

ដោយ​លើក​ក្នុង​សន្និសីទ​ប្រចាំខែ​របស់​ក្រសួង លោក Luu Hoang Ngoc អនុប្រធាន​នាយកដ្ឋាន​គីមី​នៃ​ក្រសួង​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​បាន​និយាយថា​៖ «​ភាពប្រែប្រួល​តម្លៃ​ជីគីមី​កសិកម្ម​ក្នុង​ឆ្នាំ​ ២០២១ គឺ​ស្រដៀង​គ្នា​ទៅនឹង​ឆ្នាំ​ ២០០៨ ហើយ​តម្លៃនឹង​បន្ត​ហក់​ឡើង​ទៀត​ចាប់ពី​ពេល​នេះ​ដល់​ចុងឆ្នាំ​»​។

កត្តា​ចំបង​ដែល​រុញ​ឲ្យ​តម្លៃ​ហក់​ឡើង​គឺ​ថ្លៃដើម​ខ្ពស់​សម្រាប់​ការជួល​តួ​កុងតឺន័រ ខណៈពេល​ដែល​ជី​នាំចូល ដូចជា ឌីផូម៉ូញ៉ូមផូស្វាស DAP, mono-ammonium phosphate (MAP) និង អ៊ុយរ៉េ ត្រូវបាន​ដឹកជញ្ជូន​ចំបង​តាម​កុងតឺន័រ​។

បច្ចុប្បន្ននេះ តម្លៃ​ជួល​កុងតឺន័រ​បាន​ឡើង​ខ្ពស់​រហូតដល់​ ៥ ​ដង​ប្រៀបធៀប​ទៅនឹង​តម្លៃ​ជួល​កាលពី​ឆ្នាំមុន​។

ក្រៅពីនេះ ការផ្គត់ផ្គង់​ជី​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​បាន​ធ្លាក់ចុះ ដោយសារ​តែ​រោងចក្រ​ជាច្រើន​បាន​ឈានចូល​ដល់​ពេលវេលា​ផ្អាក​បណ្តោះអាសន្ន​ ដើម្បី​ថែ​ទាំង​។

តម្លៃ​នេះ​វត្ថុធាតុដើម​បាន​កើនឡើង​នៅ​ទីផ្សារ​សាកលលោក ដូចនេះ​តម្លៃ​នៃ​ផលិតផល​ជីគីមី​កសិកម្ម​ដែល​ផលិត​ក្នុងស្រុក​ក៏​ឡើងថ្លៃ​តាម​នោះដែរ​។ នេះ​បើ​យោងតាម​នាយកដ្ឋាន​គីមី​។

នាពេល​បច្ចុប្បន្ននេះ ក្រសួង​កសិកម្ម និង អភិវឌ្ឍន៍ជនបទ (MARD) គ្រប់គ្រង​ផលិតកម្ម ការធ្វើ​ពាណិជ្ជកម្ម និង ការនាំចេញ នាំចូល​នៃ​ប្រភេទ​ជីសរីរាង្គ​ និង​មិនមែន​សរីរាង្គ​។

លោក Ngoc និយាយថា ទោះយ៉ាងណា «​ក្រសួង​ទាំងពីរ​បាន​ធ្វើ​ការងារ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ​ ដើម្បី​គ្រប់គ្រង​សកម្មភាព​នាំចេញ-នាំចូល​ និង​ទីផ្សារ​ក្នុងស្រុក​»​។

តម្លៃ​នៃ​ជី ប្រភេទ​ DAP និង MAP ផលិត​ក្នុងស្រុក​គឺ​នៅ​ចន្លោះ​ ៨ ​ទៅ​ ១០ ​លាន​ដុង​ក្នុង​មួយ​តោន ដែល​ទាប​ជាង​តម្លៃ​ជី​នាំចូល​ដែលមាន​តម្លៃ​ចន្លោះ​ ១៤ ​ទៅ​ ១៥ ​លាន​ដុង​ក្នុង​មួយ​តោន​។ កត្តា​នេះ​ជួយ​ធ្វើឲ្យ​មាន​ស្ថិរភាព​ទីផ្សារ​ក្នុងស្រុក​៕VNS-ANN/RR