ទីក្រុងញូយ៉កៈ ប្រធាន​​ធនាគារ​កណ្តាល​អាមេរិកបាន​អះអាង​ថា​​ សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​នៅ​តែ​ស្ថិត​ក្នុង​ដំណើរ​វិជ្ជមាន​ ទោះបី​ជា​វា​ទាក់​ទង​នឹង​អតិ​ផរណា​ខ្ពស់​ក៏ដោយ។​យោង​​តាម​សក្ខី​កម្ម​រដ្ឋ​សភា​ដែល​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ចន្ទ។​

ប្រធាន​ធនាគារ​កណ្តាល​លោក Jerome Powell នៅ​ក្នុង​សុន្ទរកថា​ដែល​បាន​រៀប​ចំ​​​នៅ​មុន​ពេល​បើក​សវនាការ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​បញ្ជាក់​ជាថ្មី​ថា ​ធនាគារ​កណ្តាល​នឹង​បន្ត​នូវ​ជំហរ​គាំទ្រ​របស់​ខ្លួន​ដើម្បី​ធានា​ថា៖ «ការធ្វើឱ្យប្រសើរឡើងប្រកបដោយចីរភាព» ចាប់​តាំង​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការរី​ករាលដាល​​កូវីដ១៩ត្រូវបានពង្រីក។

លោក Powell ក្នុង​ការអត្ថាធិប្បាយ​​​ស្រប​គ្នា​ជាមួយ​​ការ​ឆ្លើយ​តប​របស់​គាត់​ទៅ​នឹង​សំណួរ​​នៅ​ឯសន្និសីទ​សារព័ត៌មាន​​កាល​ពី​សប្តាហ៍​មុន​ថា ​ទីផ្សារ​ការងារ​មាន​ភាព​ប្រសើរ​ឡើង ប៉ុន្តែ​វឌ្ឍនភាព​មិន​ស្មើគ្នា​នោះទេ។

លោ​ក Powell ​បាន​ថ្លែង​នៅ​ក្នុងការ​ផ្តល់​​សក្ខីកម្មថា៖«យើង​នៅ​ធនាគារ​កណ្តាល​នឹង​ធ្វើអ្វី​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន​ ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច ​ដរាប​ណា​សេដ្ឋកិច្ច​ងើប​ឡើង​វិញ​ពេញ​លេញ»។

លោក Powell បាន​ទទួល​ស្គាល់ថា​ អតិផរណា​​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ដោយសារតែ​ផ្នែក​ខ្លះ​នៃ​តម្លៃ​ប្រេង​ឡើង​ខ្ពស់​និង​ផល​ប៉ះពាល់​ពី​ការ​រំខាន​ដល់​ចង្វាក់​​ផ្គត់ផ្គង់។

ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​តម្លៃ​ខ្ពស់​ជាង​នេះ ​គឺ​ដោយសារ​កត្តា​បណ្តោះ​អាសន្ន ដោយ​បន្ថែម​ថា ​​អតិផរណា​​ត្រូវ​បាន​រំពឹង​ថា​ ធ្លាក់​មក​វិញ​ ក្នុង​រយៈពេល​វែង​។

ការ​បង្ហាញ​ខ្លួន​របស់​ Powell នៅ​ចំពោះ​មុខ​អនុ​គណៈកម្មា​ធិការ​ជ្រើស​រើស​ ​អនុគណៈ​កម្មាធិការ​ទទួល​បន្ទុក​វិបត្តិ​​វីរុស​កូរ៉ូណា ​រយៈពេល​​មិន​ដល់​ ១ ​សប្តាហ៍ ​បន្ទាប់​ពី​ធនាគារ​កណ្តាល​អាមេរិក បាន​ពង្រីក​រយៈពេល​សម្រាប់​ការ​ដំឡើង អត្រា​ការ ប្រាក់​ដល់​ឆ្នាំ​ ២០២៣។

គណៈ​កម្មាធិការ​គោល​នយោបាយ​រូបិយ​វត្ថុ​របស់ ធនាគារ​កណ្តាល​បាន​និយាយថា ​ខ្លួន​នឹង​មិន​ចាប់ផ្តើម​ដក​វិធានការ​ជំរុញ​ដែល​ត្រូវបាន​អនុវត្ត​នៅ​ពេល​ចាប់ផ្តើម​រាតត្បាត​នោះ​ទេ​ ដរាប​ណា​មាន​ការ​រីក​ចម្រើន​លើការ​កាត់​បន្ថយ​ភាព​អត់​ការងារ​ធ្វើ​និង​រក្សា​អតិផរណា​លើស​គោលដៅ​ ២​ ភាគ​រយ​របស់​ពួក​គេ៕ AFP/RR