ក្រុងឡុងដ៍ៈ តម្លៃ​ភាគហ៊ុន​នៅ​ក្រុមហ៊ុន Morrisons ជា​សម្ព័ន្ធ​ផ្សារ​ទំនើប​ចក្រភព​អង់គ្លេស បាន​កើនឡើង​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ខ្លួន​បាន​ច្រានចោល​វិធីសាស្ដ្រ​កាន់កាប់​តម្លៃ ៥,៥ ​ពាន់​លាន​ផោន (៧,៦ ​ពាន់​លាន​ដុល្លារ ៦,៤ ​ពាន់​លាន​អឺរ៉ូ​) ដោយសារ​តែ​ទាប​ខ្លាំងពេក​។

តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​មួយ​នេះ បាន​កើនឡើង​ខ្លាំង​ជិត ​១ ​ភាគ​ ៣​ ដល់​ ២៣១,៨០ ​ផេនស៍ នៅក្នុង​ការជួញដូរ​ដំបូង បន្ទាប់ពី​ក្រុមហ៊ុន​មួយ​នេះ​មិនបាន​យកចិត្ត​ទុកដាក់​លើ​ការដេញថ្លៃ​សាច់ប្រាក់​ដែល​មិនបាន​ស្នើសុំ​ពី Clayton, Dubilier & Rice ជា​ក្រុមហ៊ុន​មូលធន​ឯកជន​របស់​អាមេរិក​កាលពី​ចុង​សប្ដាហ៍​។

តម្លៃ​ភាគហ៊ុន​បាន​កើនឡើង​យ៉ាង​រហ័ស​លើ​កម្រិត​តម្លៃ​ដែល​ដាក់​ថ្លៃ​ចំនួន​ ២៣០ ​ផេនស៍​។

លោក Michael Hewson អ្នកវិភាគ​នៅ​ក្រុមហ៊ុន CMC Markets បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​៖ «​វា​ទំនង​ណាស់ ដែល​យើង​នឹង​មើលឃើញ​ការចូលមក​ដេញថ្លៃ​ផ្សេងទៀត​ជាមិនខាន​»​។

តម្លៃ​ភាគហ៊ុន​ផ្សារ​ទំនើប​របស់​ចក្រភព​អង់គ្លេស​មានតម្លៃ​កាន់តែ​តិច​ក្នុងពេលខ្លះ និង​ប្រហែលជា​អាច​ថា ការដេញថ្លៃ​នៅ​ចុង​សប្ដាហ៍​នេះ​អាច​បង្កើន​ចំណាប់អារម្មណ៍​នៅក្នុង​វិស័យ​ទាំងមូល​។

លោក​លើកឡើង​ថា​៖ «​នេះ​ទំនងជា​នឹង​ជំរុញ​តម្លៃ​ទិញ​ភាគហ៊ុន​ណាមួយ​កើនឡើង​ឆ្ពោះទៅ​វិស័យនេះ ២៥០ ​ផេនស៍ ប្រសិនបើ​ក្រុមហ៊ុន​មូលធន​ឯកជន​ទាំងនេះ​មាន​ភាពប្រាកដប្រជា​អំពី​ការទទួលបាន​ចំណាប់អារម្មណ៍​លើ​វិស័យនេះ​»​។

ក្រុមហ៊ុន Morrisons បានបង្ហាញ​ព័ត៌មាន​នេះ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ និង​បានចេញ​ផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ខ្លួន​លើ​ផ្សារហ៊ុន​ក្រុង​ឡុងដ៍​កាលពី​ថ្ងៃ​ចន្ទ​។

ក្រុមហ៊ុន​មួយ​នេះ​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Morrisons បាន​វាយតម្លៃ​សំណើ​លក្ខខណ្ឌ និង​បានសម្រេច​ជា​ឯកច្ឆន្ទ​ថា វា​បាន​បន្ទាប​តម្លៃ​ក្រុមហ៊ុន Morrisons និង​ចក្ខុវិស័យ​នៅពេល​អនាគត​របស់ខ្លួន​យ៉ាងខ្លាំង​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា​៖ « ក្រុមប្រឹក្សាភិបាល​បាន​បដិសេធ​សំណើ​ដែលមាន​លក្ខខណ្ឌ​នេះ​កាលពី​ថ្ងៃទី​ ១៧ ​ខែមិថុនា​ឆ្នាំ​ ២០២១»​។

ក្រុមហ៊ុន Morrisons បាន​រាយការណ៍​កាលពី​ខែ​មុន​ថា ការលក់​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ត្រីមាស​ទី​ ១ បាន​កើនឡើង​ ២,៧ ​ភាគរយ ដែល​មិន​រាប់បញ្ចូល​ប្រេងឥន្ធនៈ​។ ការលក់​អនឡាញ​បាន​កើនឡើង​ ១១៣ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕LA