សិង្ហបុរីៈ GlobalFoundries ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ពាក់កណ្ដាល​ចម្លង នឹង​បង្កើន​សមត្ថភាព​ការផលិត​របស់ខ្លួន​នៅក្នុង​ប្រទេស​សិង្ហបុរី​ជាមួយ​នឹង​ការវិនិយោគ​ក្នុងតម្លៃ​ ៤ ​ពាន់​លាន​ដុល្លារ​អាមេរិក (៥,៤​ ពាន់​លាន​ដុល្លារ​សិង្ហបុរី​)​។

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​នៅ​ពីថ្ងៃ​អង្គារ​ថ្ងៃទី​ ២២ ​ខែមិថុនា​ថា ការបន្ថែម​រោងចក្រ​ផលិត​ថ្មី​មួយ​នៅទីនេះ​ ធ្វើឡើង​ចំពេល​កង្វះ​បន្ទះ​ឈីប​លើ​ពិភពលោក ហើយ​ត្រូវ​រំពឹងថា នឹង​បន្ថែម​ការងារ​ប្រហែល​ ១ ០០០ ​កន្លែង​។

ប្រហែល​ជា ​៩៥​ ភាគរយ​ក្នុងចំណោម​ការងារ​ទាំង​នេះ នឹង​ជា​តួនាទី​មានតម្លៃ​ខ្ពស់​ដូចជា ក្រុម​អ្នកបច្ចេកទេស​ឧបករណ៍ អ្នកបច្ចេកទេស​ដំណើរការ និង​វិស្វករ​។

ការវិនិយោគ​របស់​ក្រុមហ៊ុន lobalFoundries កំពុង​ស្ថិត​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Singapore Economic Development Board (EDB) និង​ការវិនិយោគ​រួម​ពី​អតិថិជន​។

ការបេ្ដជ្ញា​ចិត្តការ​វិនិយោគ​របស់ខ្លួន​នៅទីនេះ ស្ថិត​ក្នុង​ចំណោម​ការវិនិយោគ​ឈានមុខ​គេ​ជាច្រើន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ថ្មីៗ​នេះ ដោយ​ប្រទេស​សាធារណរដ្ឋ​មួយ​នេះ​ទាក់ទាញ​ការវិនិយោគ​មកពី​ក្រុមហ៊ុន​អន្តរជាតិ​នៅក្នុង​ឧស្សាហកម្ម​គ្រឿង​អេឡិចត្រូនិក គីមី និង​ឱសថ​។

រោងចក្រ​ថ្មី​នៅក្នុង​ប្រទេស​សិង្ហបុរី ដែល​កំពុងស្ថិត​ក្រោម​ការសាងសង់ នឹង​មាន​ទីតាំង​នៅក្នុង​បរិវេណ តំបន់ Woodlands ​ដែលមាន​ស្រាប់​របស់ខ្លួន ហើយ​ត្រូវ​បាន​រំពឹងថា នឹង​ចាប់ផ្ដើម​ការសាងសង់​នៅ​ខែមករា​ឆ្នាំ​ ២០២៣​។ រោងចក្រ​មួយ​នេះ​គ្រោង​នឹង​បង្កើន​ដល់​សមត្ថភាព​ពេញលេញ​ត្រឹម​ដើមឆ្នាំ​ ២០២៤​។

ប្រទេស​សិង្ហបុរី​មាន​ចំនួន​ប្រហែល​ ១ ​ភាគ​ ៣​នៃ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន GlobalFoundries និង​បម្រើ​អតិថិជន​ប្រហែល​ ២០០ ​ទូទាំង​ពិភពលោក​។ ក្រុមហ៊ុន​ផលិត​មួយ​នេះ​មាន​បុគ្គលិក​ប្រហែល​ ៤ ៨០០​ នាក់​នៅទីនេះ ដែល​ប្រហែល​ ១ ​ភាគ​ ៣ ​នៃ​ចំនួន​បុគ្គលិក​ទូទាំង​ពិភពលោក​របស់ខ្លួន​។

លោក Tom Caulfield ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន GlobalFoundries បាន​ឲ្យ​ដឹងថា​៖ «​រោងចក្រ​ថ្មី​របស់​យើង​នៅ​ប្រទេស​សិង្ហបុរី នឹង​គាំទ្រ​ទីផ្សារ​ជាក់ស្ដែង ដែល​រីកចម្រើន​យ៉ាង​រហ័ស​នៅក្នុង​ផ្នែក​រថយន្ត ភាពចល័ត 5G និង​ឧបករណ៍​សុវត្ថិភាព ជាមួយនឹង​កិច្ចព្រមព្រៀង​អតិថិជន​រយៈពេល​វែង​ដែល​ដាក់​ឲ្យ​ដំណើរការ​រួចហើយ​»៕ ST-ANN/LA