ទីក្រុងប៉េកាំង: អ្នកជំនាញ​បាន​និយាយថា ការបន្ត​ការអភិវឌ្ឍ​គុណភាព​កម្រិត​ខ្ពស់​ដែល​ជំរុញ​ ដោយ​ការច្នៃប្រឌិត​របស់​ប្រទេស​ចិន​ និង​ការពង្រីក​ទីផ្សារ​ក្នុងស្រុក​របស់​ប្រទេស​នេះ​នឹង​ជំរុញ​ពាណិជ្ជកម្ម​សេវាកម្ម​របស់ខ្លួន​ និង​បន្ត​រួមចំណែក​ដល់​កំណើន​ពាណិជ្ជកម្ម​សេវាកម្ម​សកល​ និង​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពី​ការរីករាលដាល​នៃ​កូវីដ​ ១៩​។

យោបល់​របស់​ពួកគេ​បាន​ឆ្លើយតប​ទៅនឹង​ទិន្នន័យ​ចុងក្រោយ​របស់​ក្រសួង​ពាណិជ្ជកម្ម​ដែលថា​ពាណិជ្ជកម្ម​សេវាកម្ម​របស់​ចិន​ក្នុង​ចន្លោះ​ខែ​មករា - ឧសភា​បាន​កើនឡើង​ដល់ ១,៩៤ ពាន់​ពាន់​លាន​យន់ (៣០០ ​ពាន់​លាន​ដុល្លារ​)​។

ការនាំចេញ​បាន​កើនឡើង​ជាង ២០ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដល់​ប្រមាណ ៩១១,៧៨ ពាន់​លាន​យន់ ប៉ុន្តែ​ការនាំ​ចូល​បាន​ធ្លាក់ចុះ ៧,៥ ភាគរយ​ដល់​ប្រមាណ ១,០៣ ពាន់​ពាន់​លាន​យន់​។

ដោយ​មិន​រាប់បញ្ចូល​វិស័យ​ទេសចរណ៍ ដែលជា​វិស័យ​មួយ​នៅតែ​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ ដោយសារ​តែ​ការរឹតត្បិត​ការធ្វើដំណើរ​ទាក់ទង​នឹង​ជំងឺ​រាតត្បាត ការនាំចេញ​ និង​នាំចូល​សេវាកម្ម​របស់​ប្រទេស​ចិន​បាន​កើនឡើង ២៤,៣ ភាគរយ​និង ១១,៤ ភាគរយ​ក្នុង​រយៈពេល​ ៥ ​ខែ​នេះ​។

នៅក្នុង​ខែ​ឧសភា ការនាំចេញ​បាន​កើនឡើង ៧,៧ ភាគរយ​ដល់ ១៦៥,៦ ពាន់​លាន​យន់​ហើយ​ការនាំ​ចូល​បាន​កើនឡើង ៣,៧ ភាគរយ​ដល់ ២០៧,៨៥ ពាន់​លាន​យន់​។

លោក Zhou Mi អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​រាជបណ្ឌិត​សភា​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​ទីក្រុង​ប៉េកាំង​បាន​និយាយថា​÷ “​ពាណិជ្ជកម្ម​សេវាកម្ម​របស់​ចិន​កំពុង​រីកចម្រើន​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ប្រទេស​ចិន​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​វត្តមាន​កាន់តែខ្លាំង​នៅក្នុង​ពាណិជ្ជកម្ម​សេវាកម្ម​សកល ដោយ​ផ្អែកលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​មាន​គុណភាព​ខ្ពស់​ និង​ទីផ្សារ​ក្នុងស្រុក​ដ៏ធំ​”៕ China Daily-ANN/RR