ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) នឹង​ធ្វើ​ការ​ដក​ហូត​ក្រដាស​ប្រាក់​រៀល​ដែល​មាន​ការ​ខូចខាត ឬ បាត់បង់​ទ្រង់​ទ្រាយ ប៉ុន្តែ​នៅតែ​រក្សា​ការ​ប្តូរ​ថ្មី​នូវ​ក្រដាស​ប្រាក់​រៀល​ចាស់ ទក់ រហែក​ដោយ​មិន​គិត​កម្រៃ​សេវា នៅ​គ្រប់​បញ្ជរ​បេឡា​របស់​សាខាធនាគារជាតិ​នៃ​កម្ពុជា​រាជធានី-ខេត្ត (លើក​លែង​តែ​ស្នាក់​ការ​កណ្តាល) នៅ​រៀង​រាល់​ម៉ោង​ធ្វើការ។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​ការ​លើក​កម្ពស់​គុណ​តម្លៃ ប្រាក់​រៀល​បាន​ផ្សាយ​ កាល​ពី​ថ្ងៃ​ទី ១៣ កក្កដា បាន​ឱ្យ​ដឹង​ថា ក្នុង​ករណី​ដែល​ក្រដាស​ប្រាក់​រៀល​មាន​ការ​ខូច​ខាត​ ឬ បាត់បង់​ទ្រង់​ទ្រាយ ដូច​មាន​ចែង​ក្នុង​មាត្រា ៥១ មាត្រា ៥២ និងមាត្រា ៥៣ នៃ​ច្បាប់​ស្តីពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា (១៩៩៦) ធនាគារជាតិ​នៃ​កម្ពុជា សូម​រក្សា​សិទ្ធិ​ដក​ហូត​ដោយ​គ្មាន​សំណង។

សេចក្តី​ប្រកាស​ព័ត៌មាន បន្ត​ថា មាត្រា ៥១ ចែងថា «ធនាគារ​កណ្តាល​អាច​បដិសេធ​មិន​ប្តូរ​ក្រដាស​ប្រាក់​និង​កាស បើ​សិន​ជា រូប​ភាព​វា​លែង​មាន​ភាព​ច្បាស់​លាស់ បាត់បង់​រូបភាព​ដើម​ឬ​ធ្លុះ​ធ្លាយ​ឬ​ដែល​បាត់បង់​ទំហំ ៣០​ភាគរយ​ឬ​លើស​ពី​នេះ។ រូបិយ​វត្ថុ​ទាំង​នេះ​ត្រូវ​ដក​ចេញ​ពី​ចរាចរ​ហើយ​បំផ្លាញ​ចោល ដោយ​គ្មាន​សំណង​ចំពោះ​ម្ចាស់​ទេ លើក​លែង​តែ​ករណី​ពិសេស​ដែល​ធនាគារ​កណ្តាល​អាច​យល់​ព្រម សង​មួយ​ចំណែក​ឬ​ទាំងអស់»។

មាត្រា ៥២ ចែងថា «ក្រដាស​ប្រាក់​ក្លែងក្លាយ​ដែល​យក​មក​បង់​ឬ​ប្តូរ​ត្រូវ​រឹប​អូស​ដោយ​គ្មាន​សំណង ហើយ​ត្រូវ​ជូន​ព័ត៌មាន​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច»។

មាត្រា ៥៣ ចែងថា «ម្ចាស់​ប្រាក់​មិន​អាច​ទាមទារ​ពី​ធនាគារ​កណ្តាល​ឱ្យ​សង ចំពោះ​ក្រដាស ប្រាក់​ឬ​កាស​ណា​ដែល​ខ្លួន​ធ្វើ​ឱ្យ​បាត់បង់​ឬ​ធ្វើ​ឱ្យ​អន្តរាយ​ឡើយ។ ធនាគារ​កណ្តាល​អាច​ដក​ហូត​យក ដោយ​គ្មាន​ថ្នូរ​នូវ​ក្រដាស​ប្រាក់​ដែល​មាន​ការ​ខូចខាត​រូប​ភាព​ក្រៅ ពិសេស​ចំពោះ​ក្រដាស​ប្រាក់​ណា ដែល​មាន​សរសេរ លាប​ពណ៌ បោះពុម្ព បោះត្រា​ឬ​បិទ​វត្ថុ​ស្អិត​ពី​លើ​ឬ​ឆ្លុះ​ធ្លាយ​ឬ​បាត់​រូបភាព​ដោយ​ប្រការ​ណាក៏​ដោយ»។

សេចក្តី​ប្រកាស​ព័ត៌មាន បាន​ឱ្យ​ដឹង​ទៀត​ថា ប្រាក់​រៀល​តំណាង​ឱ្យ​អត្តសញ្ញាណជាតិ អធិបតេយ្យ​ភាព​ជាតិ ឯករាជ្យ​ភាព​សេដ្ឋកិច្ច និង ពង្រឹង​សាមគ្គី​ភាព​សង្គម។ ធនាគារជាតិ​នៃ​កម្ពុជា​សង្ឃឹម​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ប្រជាជន​កម្ពុជា នឹង​បន្ត​ស្មារតី​សហការ​លើក​កម្ពស់​ប្រាក់​រៀល​ជាតិ និង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ប្រឆាំង​នឹង​ទង្វើ​ទាំង​ឡាយ​ណា ដែល​ប៉ះពាល់​ដល់​គុណ​តម្លៃ ប្រាក់​រៀល៕

វីដេអូ៖