បច្ចុប្បន្ន​តម្លៃ​សន្ទស្សន៍ NASDAQ-100 បាន​កើនឡើង​ដល់ ១៤ ៨៨៨ ពិន្ទុ គិត​ត្រឹម​ថ្ងៃទី​ ១៣ ខែកក្កដា ឆ្នាំ​ ២០២១​។ យោងតាម​កំណត់ត្រា​ថ្មី​នៃ​សន្ទស្សន៍ NASDAQ-100 និង​ព័ត៌មាន​សេដ្ឋកិច្ច​សំខាន់ៗ​មួយចំនួន​ទៀត សន្ទស្សន៍ NASDAQ-100 ត្រូវបាន​គេ​រំពឹងថា​នឹង​មាន​ការកើនឡើង​បន្តទៀត​។

យោងតាម​គេហទំព័រ MarketWatch ភាគហ៊ុន​របស់​សហរដ្ឋ​អាមេរិក​ត្រូវបាន​ជួញដូរ​ចម្រុះ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ដោយ NASDAQ-100 បាន​បង្កើត​កំណត់ត្រា​ថ្មី ខណៈពេល​ដែល Dow Jones Industrial Average និង S&P 500 បាន​កំពុង​ដកថយ​ពី​កម្រិត​ខ្ពស់បំផុត​គ្រប់​ពេលវេលា​។ គួរបញ្ជាក់​ផងដែរ​ថា Dow DJIA -0.31% បាន​ធ្លាក់ចុះ ០,២% នៅ​ពិន្ទុ ៣៤ ៨០១ S&P 500 SPX, -0.35% បាន​ធ្លាក់ចុះ​តិចជាង ០.១% នៅ​ពិន្ទុ ៤ ៣៦៧ ខណៈ​ដែល NASDAQ-Composite COMP, -0.38% បាន​កើនឡើង ០,៣% នៅ​ពិន្ទុ ១៤ ៧៣៨ បន្ទាប់ពី​ប៉ះ​កំណត់ត្រា​ខ្ពស់បំផុត​នៅ​ពិន្ទុ ១៤ ៧៦១,០៨​។

យោងតាម​គេហទំព័រ seekingalpha.com សន្ទស្សន៍ NASDAQ (COMP.IND) គឺជា​សន្ទស្សន៍​ដែល​ល្អ​បំផុត​ក្នុង​ចំណោម​សន្ទស្សន៍​ធំៗ បន្ទាប់ពី​មាន​ការកើនឡើង​អតិផរណា ដែល​ធ្វើឱ្យ​ទិន្នផល​រតនាគារ​មិនអាច​កើន​ខ្ពស់​បន្ត ទៀត​បាន​។

ចំណែក​គេហទំព័រ dailyfx.com ក៏បាន​រាយការណ៍​ដែរ​ថា​៖ «​ការព្រួយបារម្ភ​អំពី​កំណើន​សកល និង​ភាពមិន​ស្ថិតស្ថេរ​នៃ​អតិផរណា​ត្រូវបាន​គេ​មើល​ឃើញ​ថា ទិន្នផល​ធ្លាក់ចុះ​ពី​កម្រិត​ខ្ពស់​ប្រចាំឆ្នាំ​។ សម្ពាធ​ក្នុង​ទិសដៅ​ធ្លាក់ចុះ​ដែល​នៅ​បន្ត​លើ​ទិន្នផល​នេះ​បាន​បង្ហាញថា NASDAQ-100 គឺ​ល្អប្រសើរ​ជាង Dow Jones ដែល​ធ្លាប់ជា​និន្នាការ​មួយ​គ្របដណ្តប់​ទីផ្សារ​ភាគហ៊ុន​អាមេរិក​នៅ​ទូទាំង​ឆ្នាំ​ ២០២០​។

សម្រាប់​ការវិភាគ​ផ្នែក​បច្ចេកទេស​វិញ NASDAQ-100 បាន​កើនឡើង​ជា​បន្តបន្ទាប់ ដោយ​សម្គាល់​ថា ចំណុច​ខ្ពស់​ទី​ ១ ទាប​ជាង​ចំណុច​ខ្ពស់​ទី​ ២ ឬ​ចំណុច​ខ្ពស់​នេះ​ចេះតែ​កើនឡើង​ជា​បន្តបន្ទាប់​ដែល​គេ​សម្គាល់​បាន​ថា​ជា​ទំនោរ​កើនឡើង​។

ដូច្នេះ​នៅ​សប្តាហ៍​នេះ វិនិយោគិន​អាច​ធ្វើការ​បញ្ជាទិញ NASDAQ-100 នៅ​ពិន្ទុ ១៤ ៨៧០ ជាមួយ​នឹង​ការកំណត់​មុខងារ​ការពារ​ហានិភ័យ​នៅ​ពិន្ទុ ១៤ ៧៧៧ និង​មុខងារ​ទាញយក​ប្រាក់ចំណេញ​នៅ​ពិន្ទុ ១៥ ០០០៕