ក្រុមហ៊ុន Biplan Global ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដំណោះស្រាយ​ព័ត៌មានវិទ្យា​ឈាន​មុខ​គេ​នៅ​កម្ពុជា​ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​សម្រាប់​ការ​អនុវត្ត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព័ត៌មានវិទ្យា (IT) ជាមួយ​ធនាគារ Oriental Bank Plc,​ ដោយ​នាំមក​នូវ​ជំនាញ​របស់​ខ្លួន ខណៈ​ធនាគារ​ថ្មី​បំផុត​នៅ​កម្ពុជា​មួយ​នេះ ចាប់​យក​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ដូចជា ប្លុកឆេន (blockchain) និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។

ក្រុមហ៊ុន Biplan Global បាន​ចូលរួម​នៅ​ក្នុង​ការ​រចនា​ និង​អនុវត្ត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព័ត៌មានវិទ្យា ​បណ្តាញ​សើវើ អង្គ​ផ្ទុក​ទិន្នន័យ ក្នុង​ចំណោម​ផ្នែក​សំខាន់ៗ​ជាច្រើន​ទៀត ក៏​ដូចជា​មជ្ឈមណ្ឌល​ទាញ​រក​ទិន្នន័យ​នៅពេល​ជួប​បញ្ហា​។

«​ខណៈ​ធនាគារ Oriental Bank នឹង​កំណត់​ពេលវេលា​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ យើង​មាន​ផ្តល់​នូវ​ដំណោះ​ស្រាយ​ហេដ្ឋា​រចនា​សម្ព័ន​ព័ត៌មានវិទ្យា មាន​តម្លៃ​សមរម្យ និង​ចាំបាច់​សម្រាប់​ការ​រីក​ចម្រើន​ផ្នែក​ឌីជីថល​នាពេល​អនាគត​»​។​

«​តាមរយៈ​ការ​ប្រើប្រាស់​បទពិសោធ និង​ជំនាញ​ដ៏​ទូលំទូលាយ​របស់​យើង និង​តាមរយៈ​ការ​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជីវករ​ជាច្រើន យើង​បាន​បង្កើត​ដំណោះ​ល្អ​បំផុត នឹង​ក្លាយជា​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ធនាគារ​ថ្មី​នេះ​»​។

លោក Kirill Bratchenko នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Biplan Global បាន​មាន​ប្រសាសន៍​ថា​៖ «​ជាមួយ​អតិថិជន​គ្រប់​រូប វិធីសាស្ត្រ​របស់​យើង​គឺ​មាន​ភាព​ងាយ​ស្រួល យើង​ចង់​កសាង​ទំនាក់ទំនង​យូរ​អង្វែង និង​ជួយ​ពួក​គេ​ឱ្យ​រីកចម្រើន​។ នៅ​ពេល​អតិថិជន​របស់​យើង​រីក​ចម្រើន យើង​នឹង​រីកចម្រើន​ជាមួយ​គ្នា​ពី​ព្រោះ​តម្រូវការ​ផ្នែក​ព័ត៌មានវិទ្យា​របស់​ពួក​គេ នឹង​កើន​ឡើង​តាម​កំណើន​លូតលាស់​របស់​ពួក​គេ​»​។

ក្រុមហ៊ុន Biplan Global ត្រូវបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០១២ ដោយ​អ្នក​ដែល​មាន​បទពិសោធ​យូរ​អង្វែង​នៅ​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ និង​ទូរគមនាគមន៍​។ ខណៈ​ធនាគារ Oriental Bank ទើប​តែ​បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជ​ពេញលេញ​កាល​ពី​ពេល​ថ្មីៗ​ ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC)​។

ដោយ​មាន​បទពិសោធ​យ៉ាង​ច្រើន​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ និង​ធនាគារ គណៈ​គ្រប់គ្រង​របស់​ធនាគារ Oriental Bank បាន​ពិចារណា​លើ​ឱកាស​រីក​ចម្រើន​ដ៏​រឹងមាំ​នៅ​ក្នុង​វិស័យ​ធនាគារ​ឌីជីថល ជាមួយ​អតិថិជន​ដែល​មាន​ការ​យល់​ដឹង​អំពី​បច្ចេកវិទ្យា​កាន់​តែ​ច្រើន​ឡើងៗ​។​

ជាមួយ​យុទ្ធសាស្ត្រ​ចម្រុះ​ដ៏​រឹងមាំ ដែល​ផ្តោត​លើ​ដំណោះស្រាយ​ឌីជីថល ប៉ុន្តែ​ក៏​មិន​ព្រងើយ​កន្តើយ​នឹង​យុទ្ធសាស្ត្រ​ធនាគារ​បែប​ប្រពៃណី ដោយ​ធនាគារ Oriental Bank មាន​បំណង​ដណ្តើម​ចំណែក​ទីផ្សារ​របស់​អ្នក​ប្រើប្រាស់​ធនាគារ​ឌីជីថល ក៏​ដូចជា​អ្នក​ដែល​ប្រើ​សេវាកម្ម​ធនាគារ​បែប​ប្រពៃណី​។

រាប់​ចាប់​ពី​ការ​ធ្វើ​ផែនការ​រហូត​ដល់​ការ​អនុវត្ត​ពេញលេញ និង​ប្រតិបត្តិការ​ផ្នែក​ហាដវែរ និង​សូហ្វវែរ ជំនាញ​របស់​ក្រុមហ៊ុន Biplan Global នឹង​ធានា​ថា​ ធនាគារ Oriental Bank នឹង​​អនុវត្ត​តាម​ស្តង់ដា​ឧស្សាហកម្ម​ក្នុង​កម្រិត​ខ្ពស់​បំផុត ខណៈ​ប្រើប្រាស់​ដំណោះស្រាយ​បច្ចេកវិទ្យា​របស់​ខ្លួន សម្រាប់​ការ​រីក​ចម្រើន​ទាំង​អាជីវកម្ម​បែប​ប្រពៃណី​ និង​ឌីជីថល​។​

«​នៅ​ក្នុង​ដំណោះស្រាយ​មជ្ឈមណ្ឌល​ទិន្នន័យ​នេះ ផ្នែក​ហាដវែរ​របស់​យើង​ គឺ​បាន​មក​ពី​ក្រុមហ៊ុន Huawei​។ នៅ​ពេល​បញ្ចប់​មជ្ឈមណ្ឌល​ទិន្នន័យ​របស់​ធនាគារ Oriental Bank នឹង​ត្រូវ​ចាត់​ក្នុង​លំដាប់ Tier-III ជាមួយ​នឹង​ឧបករណ៍​ដ៏​ទំនើប ហើយ​រាល់​បណ្តាញ​ឧបករណ៍​នឹង​ជួយ​​ដល់​ធនាគារ​ថ្មី​សម្រាប់​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​ខ្លាំង​ណាមួយ ពី​ដៃគូ​ប្រកួតប្រជែង»​។​

លោក Bratchenko បន្ថែម​ថា​៖ «​អាជីវករ​សូហ្វវែរ​សំខាន់ៗ​គឺ Red Hat និង VMware ខណៈ​ពួក​គេ​នឹង​គាំទ្រ​ដល់​និម្មិតកម្ម​របស់​សើវើ និង​ត្រៀម​ខ្លួន​សម្រាប់​ធនាគារ​ស្នូល និង​ប្រព័ន្ធ​ធនាគារ​សំខាន់ៗ​ដទៃ​ទៀត​»​។

ក្រុមហ៊ុន Biplan Global គឺ​ជា​ដៃគូ​ក្រុមហ៊ុន Huawei Gold Partner តែ​មួយ​គត់​នៅ​កម្ពុជា និង​ជា​ដៃគូ សេវាកម្ម​លំដាប់​ផ្កាយ​ ៤ នៅ​ក្នុង​ទីផ្សារ​អាស៊ីអាគ្នេយ៍​ដែល​កំពុង​រីក​ចម្រើន​។

ក្រុមហ៊ុន​ក៏​មាន​ដៃគូ​ជាមួយ​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈាន​មុខ​គេ​ជាង​ ២០ ​ទៀត​ផង​ដែរ ដូចជា​ក្រុមហ៊ុន Red Hat, VMware, Cisco, Dell, Microsoft, Veeam, Fortinet និង Palo Alto ជាដើម​។

យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន Biplan Global គឺ​ប្រើ​ជំនាញ​ដែល​មាន​ការ​ច្នៃប្រឌិត​ខ្ពស់​បំផុត ដើម្បី​ផ្តល់ជូន​សេវាកម្ម និង​ដំណោះស្រាយ​ប្រកប​ដោយ​គុណភាព និង​មាន​តម្លៃ​សមរម្យ ក៏​ដូចជា​មាន​សេវាកម្ម​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ បន្ទាប់​ពី​ការ​លក់​ដែល​​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​និន្នាការ​ជោគជ័យ​នៅ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ទាំង​ផ្នែក​សូហ្វវែរ និង​ហាដវែរ​។

ដំណោះស្រាយ​ និង​សេវាកម្ម គឺ​ផ្អែក​លើ​ការ​ស្រាវជ្រាវ ការ​គាំទ្រ​ផ្នែក​បច្ចេកទេស ប្រតិបត្តិការ​ចម្រុះ និង​ការ​អនុវត្ត​សេវាកម្ម ដោយ​ផ្តោត​លើ​គុណភាព ការ​ផ្តល់​សេវាកម្ម​ទាន់​ពេលវេលា​ដ៏​មាន​ប្រសិទ្ធភាព និង​តម្លៃ​សមរម្យ ដែល​ស្រប​នឹង​តម្រូវ​ការ​ពិត​ប្រាកដ​របស់​អតិថិជន​៕