The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តម្លៃ​ទំនិញ​នៅ​កម្ពុជា ត្រូវបាន​កំណត់​ដោយ​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ




តម្លៃ​ទំនិញ​នៅ​កម្ពុជា ត្រូវបាន​កំណត់​ដោយ​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ

Content image - Phnom Penh Post
ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​។ ហេង ជីវ័ន

តម្លៃ​ទំនិញ​នៅ​កម្ពុជា ត្រូវបាន​កំណត់​ដោយ​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ

ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​បាន​ចេញ​សេចក្តី​បំភ្លឺ​ចំពោះ​តម្លៃ​ទំនិញ​លើ​ទីផ្សារ និង​ទំនិញ​នាំចេញ-នាំចូល​ដោយ​ក្រសួង​អះអាង​ថា ទំនិញ​ដែល​ចរាចរ​ក្នុង​ទីផ្សារ​កម្ពុជា មិនមែន​ក្រសួង​ជា​អ្នកកំណត់​នោះទេ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កាលពី​ថ្ងៃទី​ ២០ ខែកក្កដា បាន​ឱ្យ​ដឹងថា ក្រសួង​ពាណិជ្ជកម្ម​សូម​បំភ្លឺ​ជូន​សាធារណជន​ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កំណត់​ឱ្យ​រដ្ឋ​អនុវត្ត​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ​ដែលមាន​កំណត់​ក្នុង​ច្បាប់​។

ផ្អែក​តាម​គោលការណ៍​គ្រឹះ​នេះ ក្រសួង​ពាណិជ្ជកម្ម​បាន​ចរចា​បើក​ច្រក​ទីផ្សារ​ក្រៅ​ប្រទេស​ដោយ​មិនចាំបាច់​បង់ពន្ធ បាន​ជួយ​សម្រួល​ដល់​យន្តការ​ទីផ្សារ​ឱ្យមាន​ការនាំចេញ-នាំចូល​នូវ​មធ្យោបាយ​ផលិតកម្ម និង​ទំនិញ​នានា​ដោយ​សេរី និង​គ្មាន​ដាក់​វិធាន​ការរំខាន​ណាមួយ​ដែល​គ្មាន​កំណត់​ក្នុង​ច្បាប់​នោះឡើយ​។ ជាទូទៅ ការអនុវត្ត​យន្តការ​ផ្សារសេរី​នេះ​ក៏​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​អាស៊ាន​ផងដែរ​។

ដោយឡែក​ការនាំ​ចូល​សាច់ជ្រូក និង​ជ្រូក​រស់ គឺ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការធ្វើ​និយតកម្ម​ស្រប​តាម​ច្បាប់ និង​អនុក្រឹត្យ​លេខ​ ១៧ អនក្រ.បក ចុះ​ថ្ងៃទី​ ២៦ ខែកុម្ភៈ ឆ្នាំ​ ២០២០ ស្តីពី​ការដាក់ឱ្យ​ប្រើប្រាស់​បញ្ជី​ទំនិញ​ហាមឃាត់ និង​ទំនិញ​ជាប់​កម្រិត​កំណត់ ដោយ​តម្រូវ​ឱ្យ​សុំ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ការនាំ​ចូល​ជ្រូក​ពី​អង្គភាព​ជំនាញ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​មិន​ស្ថិតក្រោម​សមត្ថកិច្ច​ក្រសួង​ពាណិជ្ជកម្ម​ឡើយ​។

ការធ្វើ​តុល្យភាព​នៃ​សេចក្តី​ត្រូវការ​ក្នុងស្រុក​ជាមួយ​នឹង​ផលិតកម្ម​ក្នុង​ស្រុក ព្រមទាំង​ការអនុញ្ញាត​ឱ្យ​នាំចូល​ក្នុង​បរិមាណ​ណាមួយ ជា​សិទ្ធិ​សម្រេច​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា ក្រសួង​ពាណិជ្ជកម្ម​ដែលជា​សេនាធិការ​ឱ្យ​រដ្ឋាភិបាល មិន​ដែល​បាន​អនុវត្ត ឬ​ដាក់ចេញ​យន្តការ និង​វិធានការ​ណាមួយ​សម្រាប់​គ្រប់គ្រង​តម្លៃ​ទំនិញ​ (price control) នាំចូល ឬ​ទំនិញ​ដែល​ធ្វើ​ចរាចរណ៍​ក្នុង​ទីផ្សារ​កម្ពុជា​នោះឡើយ តែ​បរិមាណ​ផ្គត់ផ្គង់ និង​តម្រូវការ​នៅលើ​ទីផ្សារ​ទៅវិញ​ទេ ដែលជា​កត្តា​កំណត់​តម្លៃ​ទំនិញ​។

លើកលែង​តែ​ក្នុង​ករណី​មាន​របាយការណ៍​ស៊ើបអង្កេត​ដែល​អាច​បញ្ជាក់ថា មានមុខ​ទំនិញ​នាំចូល​ជាក់លាក់​ណាមួយ​ត្រូវ​បាន​លក់​បង្ខូច​ថ្លៃ (​លក់​ទាប​ជាង​ថ្លៃដើម​ផលិតកម្ម​) ឬ​មាន​ការឧបត្ថម្ភ​ធន​ដោយ​ប្រទេស​នាំចេញ ឬ​ទំនិញ​នាំចូល​នោះ​ត្រូវបាន​នាំចូល​ដោយមាន​ការកើនទ្បើង​ដោយ​គំហុក​នោះ ក្រសួងពាណិជ្ជកម្ម​នឹង​ធ្វើការ​ស៊ើបអង្កេត និង​ឈានទៅ​អនុវត្ត​វិធានការ​នានា រួមទាំង​ការកំហិត​បរិមាណ និង​ដំឡើង​ពន្ធ​នាំចូល ដូច​មានចែង​ក្នុង​ច្បាប់​ជា​ធរមាន សំដៅ​ការពារ និង​ដោះស្រាយ​ផលប៉ះពាល់​ជា​អវិជ្ជមាន​មកលើ​កសិករ ឬ​ឧស្សាហកម្ម​កម្ពុជា​។

លោក ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប បាន​សរសេរ​លើ​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវការ នា​ថ្ងៃទី​ ២១ ខែកក្កដា​ថា លោក​ទទួល​ដំណឹង​ក្រៅ​ផ្លូវការ​ខ្លះៗ និង​តាម​បណ្តាញ​សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ពី​ការនាំ​ជ្រូក​ចូល​មកពី​បរទេស ប៉ុន្តែ​លោក​កម្រ​បានឃើញ​អ្នកមាន​លុយ​មាន​លទ្ធភាព​ជជែក​គ្នា​ពី​ការចិញ្ចឹម​សត្វ ដើម្បី​ជួយ​កំណើន​សេដ្ឋកិច្ចជាតិ និង​ផ្តល់​ការងារ​ឱ្យ​ប្រជាជន​នៅតាម​ជនបទ និង​ដើម្បី​កាត់បន្ថយ​លំហូរ​សាច់ប្រាក់​ទៅ​បរទេស​។

លោក​សរសេរ​ថា​៖ «​បើ​អ្នកមាន​ទ្រព្យ​សម្បត្តិ​ច្រើន មាន​លទ្ធភាព​មិន​នាំគ្នា​បង្កើន​ការចិញ្ចឹមសត្វ ផលិត​ចំណី​សត្វ ហើយ​នៅតែ​ចង់​ប្រកួតប្រជែង​គ្នា​នាំ​សត្វរស់ សាច់សត្វ និង​ចំណី​សត្វ​ចូល​មកពី​បរទេស​ដូច្នេះ​អ្វីដែល​ចាស់ៗ​ជំនាន់​យើង​បន្សល់​ទុកឱ្យ​កូនចៅ​ជំនាន់​ក្រោយៗ​គឺ​នៅតែ​នាំចូល​ដដែល​។ ការកាត់បន្ថយ​ភាពក្រីក្រ​លើ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម ការដាំ​ដំណាំ​កសិកម្ម និង​ការចិញ្ចឹមសត្វ​នៅតែ​ដដែល មិន​ជឿនលឿន​តំណ​ជំនាន់​»៕ LA

អត្ថបទគួរចាប់អារម្មណ៍