The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋ​នឹង​ជួយ​រោងចក្រ-សហគ្រាស​ លើ​ការសម្របសម្រួល​វិធានការ​គ្រប់គ្រង​កូវីដ




រដ្ឋ​នឹង​ជួយ​រោងចក្រ-សហគ្រាស​ លើ​ការសម្របសម្រួល​វិធានការ​គ្រប់គ្រង​កូវីដ

Content image - Phnom Penh Post
សន្តិសុខវាស់កម្ដៅកម្មការ-កម្មការិនី មុននឹងអនុញាត្តិអោយចូលធ្វើការនៅរោចក្រមួយកន្លែងក្នុងសង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី ១៤ មិថុនា។ ហេង ជីវ័ន

រដ្ឋ​នឹង​ជួយ​រោងចក្រ-សហគ្រាស​ លើ​ការសម្របសម្រួល​វិធានការ​គ្រប់គ្រង​កូវីដ

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​តាម​ការស្នើសុំ​របស់​វិស័យ​ឯកជន​ក្នុង​ការជួយ​សម្របសម្រួល​នូវ​វិធានការ​គ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ នៅតាម​រោងចក្រ និង​សហគ្រាស​ ដើម្បី​រក្សាបាន​ខ្សែចង្វាក់​ផលិតកម្ម និង​ការនាំចេញ​វិស័យ​ឧស្សាហកម្ម និង​សហគ្រាស​នានា​។

ចន្លោះ​ពីថ្ងៃ​ទី​ ១១ ដល់​ថ្ងៃទី​ ១៦ ខែមិថុនា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​ (CAMFEBA) ​សមាគម​ស្បែកជើង​កម្ពុជា​ (CFA) និង​សមាគម​ពាណិជ្ជកម្ម​ជប៉ុន​នៅ​កម្ពុជា​ (JBAC) បាន​ផ្ញើលិខិត​ដាច់ដោយឡែក​ពីគ្នា​ទៅ​រដ្ឋាភិបាល​ឱ្យធ្វើ​អន្តរាគមន៍​ជុំវិញ​ផែនការ​សកម្មភាព​លើ​វិធានការ​គ្រប់គ្រង​ជំងឺ​កូវីដ-១៩ នៅតាម​បណ្ដា​រោងចក្រ សហគ្រាស​នៅ​រាជធានី​ភ្នំពេញ ដែល​លើកឡើង​ដោយ​សាលា​រាជធានី​ភ្នំពេញ​។

កាលពី​ថ្ងៃទី​ ១៦ ខែកក្កដា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចេញ​លិខិត​ឆ្លើយតប​មួយ​ទៅនឹង​ការស្នើសុំ​ដោយ​សមាគម​ទាំងនោះ បន្ទាប់ពី​កិច្ចប្រជុំ​គណៈប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ដោយបាន​យល់ព្រម​លើ​ចំណុច​មួយចំនួន​ដូចជា ការកាត់បន្ថយ​រយៈពេល​ធ្វើ​ចតា្តឡីស័ក​សម្រាប់​កម្មករ និយោជិត ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​, ការកំណត់​និយមន័យ​នៃ​ «​អ្នក​ពាក់ព័ន្ធ​ដោយផ្ទាល់​», ការចំណាយ​លើ​ការធ្វើ​តេស្ដ​រហ័ស​រក​អង់ទីហ្សែន​កូវីដ​ ១៩ និង​ការចំណាយ​លើ​ការថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ តាម​រោងចក្រ​។

លិខិត​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឱ្យ​ដឹងថា​៖ «​ចំពោះ​សំណើសុំ​មិន​ធ្វើ​ចតា្តឡីស័ក​សម្រាប់​កម្មករ និយោជិត​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នកជំងឺ​កូវីដ​ ១៩ ដែល​មិនមាន​រោគសញ្ញា និង​បានទទួល​ការចាក់​វ៉ាក់សាំង​ពេញលេញ គឺ​រដ្ឋាភិបាល​បានសម្រេច​អនុម័ត​តាម​សំណើ​នេះ​រួចហើយ​។ រាជរដ្ឋាភិបាល​នឹង​បន្ត​រ៉ាប់រង​លើ​ការចំណាយ​នៃ​ការធ្វើ​តេស្ដ​រហ័ស​រក​អង់ទីហ្សែន​ជំងឺ​កូវីដ​ ១៩ ​ក្នុង​ករណី​ផ្ទុះ​ជំងឺ​កូវីដ​ ១៩ នៅតាម​រោងចក្រ សហគ្រាស​»​។

«​រាជរដ្ឋាភិបាល​យល់ព្រម​តាម​សំណើ​នេះ ដែល​ពិចារណា​លើ​ការថែទាំ និង​ការព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ គឺជា​ការទទួល​ខុសត្រូវ​ទាំងស្រុង​របស់​រដ្ឋាភិបាល​។ រាជរដ្ឋាភិបាល​នឹង​បន្ត​ពិនិត្យ និង​វាយតម្លៃ​សភាពការណ៍​ជា​បន្តបន្ទាប់ ហើយ​គិតគូរ​លើ​សំណើ​នៅពេល​ក្រោយ​ទៀត​ពេល​សភាពការណ៍​អំណោយផល​»​។ នេះ​បើតាម​លិខិត​។

លោក ខេន លូ អគ្គលេខាធិការ​ GMAC បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ថា ការសម្រេច​របស់​រដ្ឋាភិបាល គឺជា​ការឆ្លើយតប​ទៅនឹង​ចំណុច​មួយចំនួន​នៃ​សំណើ​ដែល​វា​អាច​រួមចំណែក​សម្រាប់​ការងើបឡើង​វិញ​នៃ​ឧស្សាហកម្មនេះ​។

លោក​និយាយថា​៖ «​សំណើ​មួយចំនួន​ត្រូវបាន​រដ្ឋ​យល់ព្រម សំខាន់​ជាងនេះទៀត​គឺ​ការបញ្ជាក់​ថា រាល់​តម្លៃ​ព្យាបាល​ទាំងអស់​នឹង​ធានារ៉ាប់រង​ដោយ​រដ្ឋាភិបាល និង​ថា​រដ្ឋាភិបាល​ក៏​នឹង​ធានារ៉ាប់រង​រាល់​ការធ្វើ​តេស្ដ​ទាំងអស់​នៅក្នុង​ករណី​ផ្ទុះឡើង​ក្នុង​សហគ្រាស​»​។

លោក លី ឃុនថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា​បាន​ឱ្យ​ដឹងថា ការសម្រេចចិត្ត​នេះ គឺជា​ការឆ្លើយតប​នឹង​សំណើ​ដើម្បី​បន្ធូរបន្ថយ​បន្ទុក​របស់​អ្នក​នៅក្នុង​ឧស្សាហកម្ម​ក្នុង​អំឡុង​ពេលវេលា​ដ៏ពិបាក​នេះ​។

លោក​លើកឡើង​ថា​៖ «​ពេលនេះ​យើង​ទទួល​បាន​ដំណោះស្រាយ​ពី​រដ្ឋាភិបាល ដើម្បី​ជួយ​ដល់​ពួកយើង ដោយសារ​តែ​រោងចក្រ​កំពុង​ប្រឈម​ទៅនឹង​បញ្ហា​ជាច្រើន​ចាប់​តាំងពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩»​។

កម្ពុជា​បាន​នាំចេញ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ តម្លៃ ២,៤១ ​ពាន់​លាន​ដុល្លារ​ ​នៅ​ត្រីមាស​ទី​១ ឆ្នាំនេះ ធ្លាក់ចុះ ៦,៤៨ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​ពន្ធដារ និង​រដ្ឋាករ​៕LA

អត្ថបទគួរចាប់អារម្មណ៍