The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការផ្គត់ផ្គង់​ប្រេង​លើស​តម្រូវការ​ធ្វើឱ្យ​តម្លៃ​ធ្លាក់ចុះ​ ខណៈ​មាន​ការព្រួយបារម្ភ​អំពី​ជំងឺ​បំប្លែង​ខ្លួន​ថ្មី




ការផ្គត់ផ្គង់​ប្រេង​លើស​តម្រូវការ​ធ្វើឱ្យ​តម្លៃ​ធ្លាក់ចុះ​ ខណៈ​មាន​ការព្រួយបារម្ភ​អំពី​ជំងឺ​បំប្លែង​ខ្លួន​ថ្មី

Content image - Phnom Penh Post
លោក ញឹម កុសល ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល​។

ការផ្គត់ផ្គង់​ប្រេង​លើស​តម្រូវការ​ធ្វើឱ្យ​តម្លៃ​ធ្លាក់ចុះ​ ខណៈ​មាន​ការព្រួយបារម្ភ​អំពី​ជំងឺ​បំប្លែង​ខ្លួន​ថ្មី

តម្លៃ​ប្រេងឆៅ​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ​ខ្ពស់បំផុត ៧៦,៩៣ ​ដុល្លារ ក្នុង​ ១ ​បារ៉ែល នា​ដើមខែ​កក្កដា​។ ប៉ុន្ដែ​ទំនោរ​តម្លៃ​បាន​បន្ត​ធ្លាក់ចុះ​មកវិញ​ជា​បន្តបន្ទាប់​មកកាន់​តម្លៃ​ទាប​បំផុត ៦៥,៥៣ ​ដុល្លារ​គិត​ត្រឹម​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​។ ដោយសារ​មាន​ផែនការ​ផលិត​ប្រេង​ដែល​អាច​លើសពី​តម្រូវការ តាមរយៈ​កិច្ចព្រមព្រៀង​របស់​អង្គការ OPEC+ ស្រប​ពេលដែល​មេរោគ​បំប្លែង​ថ្មី Delta កំពុងតែបន្ដ​គំរាមកំហែង​ដល់​ការស្តារ​សេដ្ឋកិច្ច​សកល​ជាថ្មី តម្លៃ​ប្រេង​ត្រូវបាន​ព្យាករ​ថា​នឹង​បន្ដ​ធ្លាក់ចុះ​ទៀត​។

យោងតាម​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ១៨ ខែកក្កដា ឆ្នាំ​ ២០២១ អង្គការ OPEC+ បានសម្រេច​បង្កើន​ចង្វាក់​ផលិតកម្ម​ប្រេង​សរុប​ប្រចាំខែ​ដោយ​ត្រូវ​ផលិត​ចំនួន ៤០០,០០០ បារ៉ែល​ក្នុង​ ១ ​ថ្ងៃ​ចាប់ពី​ដើមខែ​សីហា ឆ្នាំ​ ២០២១ តទៅ​។ ស្របគ្នា​នេះដែរ ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​កំពុង​ប្រឈម​នឹង​ការឆ្លង​រីករាលដាល​យ៉ាងខ្លាំង​ពី​ជំងឺ​កូវីដ-១៩ បំប្លែង​ថ្មី Delta ដែលជា​កត្ដា​រាំងស្ទះ​ដល់​ដំណើរ​ការស្ដារ​សេដ្ឋកិច្ច​នៅតាម​បណ្ដា​ប្រទេស​ទាំងនោះ និង​ធ្វើឱ្យ​តម្រូវការ​នៃ​ការប្រើប្រាស់​ថាមពល​មាន​កម្រិត​ទាប​។

ថ្មីៗ​នេះ ប្រទេស​ឥណ្ឌូនេស៊ី​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​ប្រចាំ​សប្តាហ៍​ច្រើនជាង​ប្រទេស​ឥណ្ឌា និង​ប្រេស៊ីល​ទៅទៀត​។ នេះ​បើ​យោងតាម​គេហទំព័រ Worldometer​។ ក្នុង​បញ្ហា​ដូចគ្នានេះ ប្រទេស​ឥណ្ឌា​ដែលជា​ប្រទេស​នាំចូល​ប្រេង​ធំជាងគេ​នៅ​អាស៊ី​បាន​កាត់បន្ថយ​ការបញ្ជាទិញ​ប្រេង​ឆៅ ៣៦% ពី​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត តាំងពី​ខែឧសភា ដោយ​មាន​ការព្រួយបារម្ភ​នៃ​ការធ្លាក់ចុះ​តម្រូវការ ខណៈ​ប្រទេស​របស់ខ្លួន​កំពុងតែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឆ្លង​យ៉ាងរហ័ស​នៃ​ជំងឺ​បំប្លែង​ថ្មី Delta​។

ចំណែក​ចក្រភព​អង់គ្លេស​វិញ សារព័ត៌មាន BBC News បាន​រាយការណ៍​ថា​៖ «​ចំនួន​អ្នកឆ្លង​ជំងឺ​កូវីដ​ ១៩ ប្រចាំថ្ងៃ​បាន​កើន​លើសពី ៥០ ០០០ ​ករណី ដែលជា​កំណត់ត្រា​ខ្ពស់បំផុត បើ​គិត​ចាប់ពី​ខែមករា ឆ្នាំ​ ២០២១ មក​។

សម្រាប់​ការវិភាគ​ផ្នែក​បច្ចេកទេស​វិញ តម្លៃ​ប្រេងឆៅ​បាន​រត់​នៅក្នុង​ទំនោរ​ធ្លាក់ចុះ ហើយ​កំពុង​ត្រូវបាន​ជួញដូរ​នៅ​តម្លៃ ៦៦,៥០ ​ដុល្លារ ទាប​ជាង​តម្លៃ​មធ្យម​នៃ​ខ្សែបន្ទាត់​ក្នុង​រយៈពេល​ ៥០ ​ថ្ងៃ (​ក្នុងតម្លៃ ៦៩,៨៥ ​ដុល្លារ​) កាលពី​ព្រឹក​ថ្ងៃ​អង្គារ​សបា្ដហ៍​នេះ​។ ដូច្នេះ​សម្រាប់​ការវិភាគ​ជួញដូរ វិនិយោគិន​អាច​ពិចារណា​ជួញដូរ​តម្លៃ​ប្រេង​ក្នុង​ចន្លោះ​តម្លៃ​ពី ៦៥ ទៅ ៧៥ ដុល្លារ​ក្នុង​ ១ ​បារ៉ែល​៕

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍