ភ្នំពេញ៖ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​រក​ឃើញ​ថា ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart AxiataCo., Ltd.) ដែល​ជា​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ឈាន​មុខ​គេ​របស់​ប្រទេស​កម្ពុជា បាន​អនុវត្ត​ខុស​នឹង​នីតិវិធី​ក្នុង​ការ​បើក​លេខ​ទូរស័ព្ទ​ជូន​អតិថិជន ដោយ​បាន​កាត់​ផ្តាច់​លេខ​ទូរស័ព្ទ របស់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​រាល់​ថ្ងៃ ហើយ​យក​ទៅ​លក់​បន្ត​ឱ្យ​អតិថិជន​ថ្មី​ដោយ​គ្មាន​ការ​យល់ព្រម​ពី​ម្ចាស់​ដើម​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃទី ២២ ខែ​កក្កដា​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា ដើម្បី​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​អ្នក​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សូម​ជម្រាប​ជូន​សាធារណ​ជន​អំពី​ការ​ចាត់​វិធាន​ការ​លើ​ក្រុមហ៊ុន ស្មាត អាស្យាតា មួយ​ចំនួន រួមមាន ក្រុមហ៊ុន ស្មាត អាស្យាតា ត្រូវ​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ​ដោយ​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​ផ្លូវ​ការ​របស់​ខ្លួន និង​សន្យា​មិន​ឱ្យ​មាន​ហេតុការណ៍​ខាង​លើ​កើត​មាន​សា​ជា​ថ្មី​ម្តង​ទៀត។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន ស្មាត ត្រូវ​ផ្តល់​សំណង​នៃ​ការ​ខូចខាត​ដល់​ម្ចាស់​ដើម​ចំពោះ​ការ​ប្រព្រឹត្ត​ខុស​នឹង​នីតិវិធី​ក្នុង​ការ​បិទ​លេខ​ទូរស័ព្ទ​ពី​អតិថិជន​ដែល​កំពុង​ប្រើប្រាស់ ព្រម​ទាំង​ម្ចាស់​ដើម​មាន​សិទ្ធិ​ទទួល​បាន​លេខ​ទូរស័ព្ទ​នោះ​មក​ប្រើប្រាស់​វិញ។ រាល់​បុគ្គល​ពាក់ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន។

ក្រុមហ៊ុន​ ស្មាត មិន​ទាន់​ឆ្លើយ​តប​មក​កាន់ ភ្នំពេញ ប៉ុស្តិ៍ ទាក់ទង​នឹង​បញ្ហា​នេះ​នៅ​ឡើយ​ទេ។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សូម​រំឭក​ដល់​ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ទាំង​អស់​ត្រូវ​ពង្រឹង​ការ​គ្រប់គ្រង និង​នីតិវិធី​នៃ​ការ​ចែកចាយ និង​លក់​ស៊ីមកាត​ទូរស័ព្ទ​ចល័ត​ឱ្យ​បាន​ត្រឹមត្រូវ​ជូន​អតិថិជន​របស់​ខ្លួន​ចៀស​វាង​មាន​ករណី​បែប​នេះ​កើត​ឡើង។

«ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នឹង​បន្ត​តាមដាន និង​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត​ស្រប​តាម​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​ចំពោះ​ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ណា​ដែល​បាន​ប្រព្រឹត្ត​ខុស»។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន៕